Home / ទស្សនទានស្តីពី ការកសាងសហគមន៍សម្បូរសប្បាយ (ស៣)

ទស្សនទានស្តីពី ការកសាងសហគមន៍សម្បូរសប្បាយ (ស៣)

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានការរស់នៅមានជីវភាពថ្លៃថ្នូរ ជាពិសេសមានសុខភាពល្អ មានការរាប់អាននិងជួយគ្នាទៅវិញទៅមក (មិត្តភាព) ទទួលបានការអប់រំខ្ពស់ (ចំណេះ) និងសម្បូរលុយចាយ។ ដើម្បីសម្រេចនូវគោលបំណងនេះ អ្នករស់នៅក្នុងភូមិឃុំជាមួយគ្នារួមគ្នាកសាងសហគមន៍ដែលសម្បូរផលិតផល ទីផ្សារលក់ផលិតផល ទុន ទឹក និងធនធានមនុស្សល្អ ដែលយើងហៅថា សហគមន៍សម្បូរសប្បាយ (ស៣)។

ការកសាងសហគមន៍សម្បូរសប្បាយនៅក្នុងបរិបទទីផ្សារសេរី គឺការកសាងសមត្ថភាពឲ្យអ្នកមូលដ្ឋានមានមុខរបរ និងមានលុយចាយគ្រប់គ្នាជាកត្តាសំខាន់មួយ។ ទាក់ទងនឹងលុយនេះ យើងបែងចែកវាជា៣ប្រភេទគឺ៖

– លុយហត់ ជាលុយ ឬចំណូលដែលបានមកពីការខំធ្វើការងារផ្សេងៗ

– លុយភ័យ ជាលុយដែលបានមកពីការខ្ចីគេ (បំណុល)

– លុយសប្បាយ ជាលុយបានមកទាំងសប្បាយ ហើយចាយទាំងសប្បាយ គឺមិនហត់ និងមិនភ័យ។

ជាក់ស្តែងនាពេលបច្ចុប្បន្នបញ្ហាចម្បងដែលប្រជាពលរដ្ឋនៅតាមជនបទជួបប្រទះគឺ ការមានប្រាក់ចំណូលទាប (មានលុយហត់តិច) ក៏ប៉ុន្តែត្រូវការចំណាយកាន់តែខ្ពស់ ហើយលុយភ័យកាន់តែកើន និងអត់មានលុយសប្បាយចាយ ជាពិសេសក្នុងចំណោមប្រជាកសិករ។ ក្រៅពីនេះទៀតកសិករវ័យក្មេង និងកូនកសិករធ្វើចំណាកស្រុកកាន់តែច្រើន ហើយកសិករចាស់ៗរស់នៅកាន់តែលំបាក (កាន់តែចាស់កាន់តែលំបាក) ដោយអត់មានចំណូល ឬប្រាក់ចូលនិវត្ត កូនចៅមិនសូវនៅជិត និងខ្វះខាតគ្រូពេទ្យល្អជួយមើលថែទាំព្យាបាល។

មូលហេតុសំខាន់ដែលនាំមកនូវបញ្ហាខាងលើនេះ ដោយសារលុយកាន់តែច្រើនបានហូរចេញពីដៃអ្នកមូលដ្ឋាន ហើយលុយដែលហូរចូលមូលដ្ឋានក៏មានតិចដែរ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋយើងនៅតែមិនទាន់ចេះរួមគ្នា សន្សំទុនសម្រាប់ជួយគ្នាពង្រីកមុខរបរ និងបង្កើតលុយសប្បាយចាយ។

លុយដែលហូរចេញពីភូមិ ឃុំ ស្រុករបស់យើង គឺការទិញនូវរបស់ដែលនាំចូល រួមទាំងរបស់ដែលអាចផលិតនៅមូលដ្ឋានបានដូចជា ស្លឹកគ្រៃ រំដេង បន្លែ ផ្លែឈើផ្សេងៗ និងផលិតផលសត្វ។ ក្រៅពីនោះ យើងក៏ចំណាយលើ របស់ដែលមិនសូវចាំបាច់មួយចំនួន ហើយថែមទាំងនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សុខភាព និងបរិស្ថានដូចជា ថ្នាំពុល គីមី ជីគីមី។ល។

ជាទូទៅសម្រាប់តំបន់មួយដែលមានសកម្មភាពសេដ្ឋកិច្ចរស់រវើក មានន័យថា មានការរីកចម្រើននូវមុខរបរ ការងារ ល្បឿនលុយដែលដូរវេអាចរហូតដល់៨ដងក្នុង១ឆ្នាំ។ នេះមានន័យថា ប្រសិនបើមូលដ្ឋានរបស់យើងកាត់បន្ថយក្នុងការនាំចូលចំនួន១លានរៀល មានន័យថា បរិមាណលុយដែលវិលនៅមូលដ្ឋានមានដល់៨លានរៀលតាមរយៈការជួយទិញតៗគ្នា ដូចជាអ្នកលក់បន្លែបានលុយទៅទិញសាច់, អ្នកលក់សត្វបានលុយទិញបន្លែ, អ្នកលក់សត្វនិងបន្លែបានលុយទៅទិញខោអាវ ចូលហាងបាយ។ល។ ដូចគ្នាដែរ បើអ្នកមូលដ្ឋានធ្វើការនាំចេញនូវផលិតផលបាន១លានរៀល ចំណូលនេះនឹងចូលរួមចំណែកដល់ភាពរីកចម្រើននៃសេដ្ឋកិច្ច និងការងារតាមមូលដ្ឋាន។

ហេតុដូច្នេះហើយ ដើម្បីឲ្យសេដ្ឋកិច្ចមូលដ្ឋានរីកចម្រើន ជាពិសេសអ្នកមូលដ្ឋានសម្បូរការងារ មុខរបរ សម្បូរលុយសប្បាយចាយ យើងត្រូវសហការគ្នានាំមកនូវភាពសម្បូរ៥យ៉ាងដូចខាងក្រោមនេះ៖

១-សម្បូរផលិតផលនៅតាមមូលដ្ឋាន

២-សម្បូរទីផ្សារ សម្រាប់លក់ផលិតផលរបស់មូលដ្ឋានយើង

៣-សម្បូរទុន ដើម្បីពង្រីកការផលិតនិងទីផ្សារ និងបង្កើតលុយសប្បាយ

៤-សម្បូរទឹក សម្រាប់ធានាឲ្យមានការផលិតមានស្ថេរភាព និងផលិតភាពខ្ពស់

៥-សម្បូរធនធានមនុស្ស សម្រាប់ដឹកនាំ ធ្វើការកសាងសហគមន៍សម្បូរសប្បាយនៅទូទាំងប្រទេសកម្ពុជា   ទីផ្សារមូលដ្ឋាន (ផ្សារឃុំ ស្រុក ខេត្ត) មានប្រមាណ៥០០កន្លែង។ ឧទាហរណ៍ ខេត្តព្រៃវែងមាន២៧កន្លែង ខេត្តតាកែវ​មានចំនួន៣០កន្លែង ខេត្តកំពតមានចំនួន១៧កន្លែង ខេត្តស្វាយរៀងមានចំនួន១៦កន្លែង។ល។

តាមការសិក្សាស្រាវជ្រាវ យើងបានរកឃើញថា អ្នកផ្សារបាននាំចូលនូវផលិតផលកាន់តែច្រើនពីក្រៅមូលដ្ឋាន ទោះបីផលិតផលនេះអាចផលិតបាននៅតាមមូលដ្ឋានក៏ដោយ ហើយផលិតផលដែលខ្វះនាំមកពីក្រៅប្រទេសថែមទៀត។ មូលហេតុសំខាន់ ដែលអ្នកផ្សារនាំផលិតផលមកពីខាងក្រៅ គឺដោយសារអ្នកមូលដ្ឋានមិនទាន់មានសមត្ថភាពផលិតឆ្លើយតបនូវតម្រូវការទីផ្សារ ជាពិសេសបរិមាណ ភាពទៀងទាត់ គុណភាព និង  តម្លៃ។ ជាទូទៅ តម្រូវការ ឬការចង់បានរបស់អ្នកផ្សារ និងតម្រូវការ ឬការចង់បានរបស់អ្នកផលិតនៅមានភាពផ្ទុយគ្នាទាំងស្រុង។

ដើម្បីនាំមកនូវភាពសម្បូរផលិតផល  និង ទីផ្សារសម្រាប់ផលិតផលមូលដ្ឋាន  ទាល់តែអ្នកផលិតសម្របខ្លួនទៅតាមការចង់បានរបស់អ្នកទីផ្សារ ជាពិសេសសហការគ្នាធានាឲ្យមានផលិតផលគ្រប់គ្រាន់ ទៀងទាត់ គុណភាពល្អ និងតម្លៃសមរម្យ។ លើសពីនេះទៀត អ្នកផ្សារ និងអ្នកបរិភោគ (អ្នកទិញ) ក៏ត្រូវចូលរួមធ្វើការគាំទ្រដល់ផលិតផលក្នុងស្រុកដែរ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិយើងទាំងអស់គ្នា។

កិច្ចការដែលសំខាន់តែលំបាកបំផុត គឺការដឹកនាំឲ្យមានការសហការគ្នារវាងកសិករ អ្នកផលិត ដើម្បីចូលទីផ្សារ។ យើងធ្វើកិច្ចការនេះ ដោយចាប់ផ្តើមពីដំណាំណាដែលងាយស្រួលជាងគេដូចជា ស្លឹកគ្រៃ រំដេង រមៀតជាដើម បន្ទាប់មកយើងធ្វើការពង្រីកបន្ថែមនូវមុខដំណាំផ្សេងៗទៀត។ សំខាន់គឺអ្នកផលិតរៀនសហការគ្នាក្នុងគោលបំណង ធានាឲ្យមានផលិតផល១មុខ ឬ ២-៣មុខ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការកសាងភាពជាដៃគូរវាងអ្នកផលិត និងអ្នកផ្សារ ក៏ដូចអ្នកពាក់ព័ន្ធផ្សេងៗទៀត។ ការសហការរវាងអ្នកពាក់ព័ន្ធតាមមូលដ្ឋានទាំងអស់ គឺត្រូវធ្វើឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងការងារតាមមូលដ្ឋាន ហើយអ្នកសម្របសម្រួលក្រុមអ្នកផលិតផ្សារភ្ជាប់មកទីផ្សារមានតួនាទីសំខាន់ក្នុងការងារនេះ។

អ្នកសម្របសម្រួលការងារភ្ជាប់មកទីផ្សារ ក៏ធ្វើការគាំទ្រនូវផលិតផលពិសេសមួយចំនួនរបស់តំបន់នីមួយៗ

ឧទាហរណ៍ដូចជា  ស្រូវអង្ករសរីរាង្គ ផ្លែឈើ បន្លែ ម្រេច កាហ្វេ។ល។ ដើម្បីនាំចេញទៅក្រៅមូលដ្ឋាន ដូចជាទៅ

ផ្សារមូលដ្ឋានផ្សេងទៀត ទីផ្សារនៅរាជធានី និងក្រុងធំៗ ព្រមទាំងទីផ្សារនាំចេញ។

ក្រៅពីផលិតផលដំណាំ យើងក៏គាំទ្រនូវផលិតផលសត្វដែលមានដូចជា ផលិតផលជ្រូក មាន់ស្រែជាដើម។

ទាក់ទងនឹងផលិតផលជ្រូក  យើងសម្របសម្រួលចងក្រងឲ្យមានក្រុម និង សមាគមអ្នកកាប់ជ្រូក  អ្នកផលិតជ្រូក

(ចិញ្ចឹមជ្រូក) ធ្វើការសហការជាមួយកុងស៊ីកាប់ជ្រូក អ្នក​លក់សាច់ជ្រូក និងអ្នកបរិភោគសាច់ជ្រូក តាមពាក្យស្លោក  «ទិញ លក់ និងបរិភោគរបស់ដែលផលិតនៅស្រុកយើង»។ លើសពីនេះទៀត អ្នកផលិតសត្វក៏សហការគ្នាជាមួយអ្នកផលិតចំណីដូចជា អ្នកផលិតដំឡូងមី ពោត សណ្ដែក កន្ទក់ ចុងអង្ករ។ល។

ដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចមូលដ្ឋានមានភាពរីកចម្រើន ទាល់តែអ្នកផលិតចេះសហការគ្នាធ្វើការផលិតឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងជៀសវាងការប្រកួតប្រជែងក្នុងចំណោមអ្នកផលិតដូចគ្នា។ លើសពីនេះទៀតក្រុមអ្នក​     ផលិតពីតំបន់មួយទៅតំបន់មួយ ធ្វើការសហការគ្នាដើម្បីជួយគ្នាទៅវិញទៅមក តាមគោលការណ៍ពាណិជ្ជកម្មឆ្លងតំបន់​ មានន័យថា បើក្រុមអ្នកផលិតនៅតំបន់មួយមិនអាចបំពេញតម្រូវការទីផ្សារក្នុងរយៈពេលខ្លីមួយ គឺក្រុមអ្នក    ផលិតនៅតំបន់មួយទៀតជួយបំពេញការខ្វះខាតនេះ។ ចំណែកអ្នកផ្សារ (អ្នកលក់ អ្នកបរិភោគ) ក៏ត្រូវសកម្មក្នុងការជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីផលប្រយោជន៍ទាំងអស់គ្នាផងដែរ។

ការសហការរវាងអ្នកផលិត និងអ្នកផ្សារ ក៏កើតមានឡើងតាមរយៈការយកកាកសំណល់ធម្មជាតិពីផ្សារទៅធ្វើជាជីកំប៉ុស្តដែលជួយកាត់បន្ថយបញ្ហាសំរាម ជួយលើកស្ទួយជីជាតិដី និងកាត់បន្ថយការនាំជីចូលពីខាងក្រៅ។ នេះជាសកម្មភាពដ៏សំខាន់មួយជួយដល់បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន។

ក្រៅពីសហការគ្នាក្នុងការផលិតចូលមកទីផ្សារ កសិកររួមគ្នាចងក្រងជាក្រុមសន្សំទុនដើម្បីចែកគ្នាខ្ចីសំរាប់ ពង្រីកការផលិត និងវិនិយោគរួមគ្នាដើម្បីពង្រីកទីផ្សារ។ អ្នកផលិតក៏រួមគ្នាសន្សំដើម្បីបង្កើនប្រាក់ចូលនិវត្ត (លុយសប្បាយចាយនៅពេលចាស់ចូលនិវត្ត)។ អ្នកផ្សារក៏អាចចូលរួមជាសមាជិកក្រុមសន្សំជាមួយអ្នកផលិត​បានដែរ។

ជាសរុប ការកសាងសហគមន៍សម្បូរសប្បាយ ជាការកសាងការសហការគ្នាដូចខាងក្រោមនេះ៖

– ការសហការរវាងអ្នកផលិត ដើម្បីសម្បូរផលិតផលឆ្លើយតបតម្រូវការទីផ្សារ (ក្រុមផលិត)

– ការសហការគ្នារវាងអ្នកផ្សារ ដើម្បីជួយទិញ-លក់ផលិតផលមូលដ្ឋាន

– ការសហការគ្នារវាងអ្នកផលិត និងអ្នកផ្សារ ដើម្បីប្រើប្រាស់កាកសំណល់ជា ជីធម្មជាតិ

– សហការគ្នារវាងអ្នកផលិត  ដើម្បីសន្សំទុនពង្រីកការផលិត និងទីផ្សារ ក៏ដូចបង្កើតលុយសប្បាយ (ក្រុម

សន្សំ)

– ការសហការគ្នារវាងក្រុមផលិតពីតំបន់មួយទៅតំបន់មួយ។

 

អ្នកសម្របសម្រួលសហគមន៍សម្បូរសប្បាយ (ស៣) ជាពិសេសអ្នកសម្របសម្រួលកសិករភ្ជាប់ទីផ្សារមានតួនាទីចូលរួមចំណែកក្នុងការកសាងការសហការគ្នាទាំងអស់ខាងលើនេះ ក្នុងគោលបំណងចុងក្រោយគឺ ប្រជា-ពលរដ្ឋគ្រប់រូបរស់នៅមានជីវិតថ្លៃថ្នូរ ជាពិសេសមានលុយសប្បាយចាយ