សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។
– សហគមន៍ (ស១) = សហការគ្នា ឬរួបរួមជួយគ្នាទៅវិញទៅមក
– សម្បូរ (ស២) = ពេញពាស, បរិបូរក្រៃពេក, គរគោគ
– សប្បាយ (ស៣) = ដំណើរនៅជាសុខ, ដំណើរមិនមានទុក្ខ, មិនមានព្រួយ, មិនមានជំងឺ។
សហគមន៍សម្បូរសប្បាយ (ស៣) សម្បូរ សមចល ពាក្យពេញនៃ សមចល គឺ៖
ស = សុខភាព (សុខទាំងផ្លូវកាយ និងផ្លូវចិត្ត)
ម = មិត្តភាព (ភាពដែលរាប់អានគ្នាជិតដិត, ដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ)
ច = ចំណេះ (ចំណេះដឹង ចំណេះធ្វើ និងចំណេះមើល)
ល = លុយ (លុយហត់ លុយភ័យ លុយសប្បាយ)
– លុយហត់ គឺជាលុយដែលបានមកពីមុខរបរ ឬការងារប្រចាំថ្ងៃដោយនឿយហត់
– លុយភ័យ គឺជាលុយបំណុល (ជំពាក់គេដូចជាចងការពីគេ ឬខ្ចីពីធនាគារជាដើម)
– លុយសប្បាយ គឺជាលុយបានមកដោយមិនហត់នឿយ និងមិនភ័យព្រួយ ឬភ័យខ្លាច។
ខាងក្រោមនេះ យើងលើកយកតែបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម សិប្បកម្ម និងពាណិជ្ជកម្ម មកនិយាយដោយសង្ខេបតែប៉ុណ្ណោះ ចំណែកវប្បធម៌ និងបរិស្ថាន យើងនឹងនិយាយនៅអត្ថបទដាច់ដោយឡែកផ្សេងទៀត។
យើងអាចនិយាយបានថា សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍សម្បូរលុយ ចាយ។ ដើម្បីសម្បូរលុយ ហើយលុយនេះនាំឲ្យសហគមន៍មានសកម្មភាពសេដ្ឋកិច្ចរស់រវើក ទាល់តែសហគមន៍នោះ មានភាពសម្បូរចំនួន ៥យ៉ាងសំខាន់ៗដូចខាងក្រោម៖
១-សម្បូរផលិតផល (សម្បូរកសិកម្ម សម្បូរសិប្បកម្ម ពិសេសសម្បូរផលិតផលនៅក្នុងមូល
ដ្ឋាន និងក្នុងតំបន់)
២-សម្បូរទីផ្សារ (ផ្សារមូលដ្ឋាន ផ្សារក្រៅមូលដ្ឋាន និងផ្សារក្រៅប្រទេស)
៣-សម្បូរទុន (សម្បូរប្រាក់ដើម, ទ្រព្យដើម ដើម្បីយកទៅពង្រឹងការផលិត និងទីផ្សារ ក៏ដូច
លុយសប្បាយ)
៤-សម្បូរទឹក (មានទឹកច្រើនដើម្បីបង្កើនការផលិត និងស្ថេរភាពនៃការផលិត)
៥-សម្បូរធនធានមនុស្ស និងអ្នកដឹកនាំល្អ (ងាយស្រួលបម្រើការងារប្រកបដោយគុណភាព
និងដឹកនាំការអភិវឌ្ឍមូលដ្ឋាននៅលើផ្លូវត្រូវ។
យុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះ គឺអ្នកផលិតនៅតាមមូលដ្ឋានរួមគ្នាផលិត ផ្គត់ផ្គង់មកទីផ្សារមូលដ្ឋាន ជំនួសការនាំចូល និងផលិតនូវផលិតផលពិសេសដើម្បីនាំចេញ។
លុយបានមកពីការលក់ផលិតផលជំនួសនូវការនាំចូលផលិតផលពីក្រៅប្រទេស វានឹងសល់នៅក្នុងមូលដ្ឋានហើយចាយនៅមូលដ្ឋាន ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមានភាពរស់រវើក បង្កើតមុខរបរ និងការងារជូនអ្នកមូលដ្ឋានដែលកាត់បន្ថយចំណាកស្រុក។
ល្បឿនលុយដែលដូរដៃអ្នកមូលដ្ឋានជាមធ្យមក្នុងមួយឆ្នាំ អាចស្មើនឹង៨ដងឬលើសពីនេះ គឺបានន័យថា សេដ្ឋកិច្ចនៅមូលដ្ឋាននោះមានសកម្មភាពរស់រវើក។ ឧទាហរណ៍ អ្នកផលិតតាមមូលដ្ឋានលក់បានចំណូល ១លានរៀលក្នុង១ឆ្នាំ បរិមាណលុយនេះ អាចទៅជា ៨លានរៀលឬលើសពីនេះតាមរយៈការទិញលក់ដូរដៃគ្នាទៅវិញទៅមក ដូចជាអ្នកលក់បន្លែបានលុយទៅទិញខោអាវ, អ្នកលក់ខោអាវបានលុយទៅហាងបាយ (ហូបបាយ), អ្នកលក់បាយបានលុយយកទៅទិញមាន់, អ្នកលក់មាន់យកលុយទៅទិញចំណីឲ្យមាន់ស៊ី។ល។
ជាការចាប់ផ្តើម អ្នកមូលដ្ឋានត្រូវរួមគ្នាផលិតអ្វីមួយដែលងាយស្រួលជាងគេ ដើម្បីផ្គត់ផ្គង់ទីផ្សារមូលដ្ឋាន ឧទាហរណ៍ ស្លឹកគ្រៃ រំដេង រមៀត ម្ទេស…។
ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលមកពីខាងក្រៅ អ្នកមូលដ្ឋានត្រូវរួមគ្នាធ្វើឲ្យបានល្អប្រសើរនូវចំណុចសំខាន់ៗដូចខាងក្រោមនេះ
១-ធានាឲ្យមានបរិមាណគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារមូលដ្ឋាន
២-ធានាឲ្យមានការផ្គត់ផ្គង់ទៀងទាត់រាល់ថ្ងៃ
៣-ធានាឲ្យមានគុណភាពល្អ
៤-ធានាឲ្យមានតម្លៃប្រហាក់ប្រហែល ឬប្រកួតប្រជែងជាមួយគេបាន
៥-រួមគ្នាធានាឲ្យមានទុនគ្រប់គ្រាន់សម្រាប់បង្វិល
៦-រួមគ្នាជំរុញឲ្យអ្នកមូលដ្ឋានទិញផលិតផលដែលផលិតបាននៅមូលដ្ឋាន។
ក្រុមការងារ ស៣ នឹងជួយគាំទ្រដល់ការងារអភិវឌ្ឍធនធានមនុស្សតាមមូលដ្ឋាន ដើម្បីធ្វើឲ្យបានសម្រេចល្អនូវចំណុចទាំង៦ខាងលើនេះដោយចាប់ផ្តើមពីផលិតផលអ្វីមួយ៕