Home / កសិកម្ម / បទពិសោធន៍ដាំត្រសក់

បទពិសោធន៍ដាំត្រសក់

អ្នកមីង នង ស៊ីថា អាយុ៥២ឆ្នាំ ជាកសិកររស់នៅភូមិសំរិត ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អ្នកមីងមានបទពិសោធន៍ល្អក្នុងការដាំដំណាំត្រសក់ ដែលមិនប្រើថ្នាំពុល និងជីគីមីទេ ហើយទទួលបានលទ្ធផលល្អ។ ដំណាំនេះ គាត់ចាប់ផ្តើមដាំតាំងពីឆ្នាំ២០០៤។ ក្រៅពីការហូបចុកក្នុងគ្រួសារ និងបេះចែកអ្នកជិតខាងខ្លះ អ្នកមីងក៏អាចលក់យកប្រាក់
ចំណេញបានចំនួន ២០៨.០០០រៀលទៀតក្នុងរយៈពេល​១ខែផងដែរ ដោយគ្រាន់តែចំណាយលើការថែទាំប៉ុណ្ណោះ។ ខាងក្រោមនេះ ជាការបង្ហាញនូវបទពិសោធន៍នៃការដាំដុះរបស់គាត់។

១-ការជ្រើសរើសពូជត្រសក់

ក្នុងការជ្រើសរើសយកពូជត្រសក់ដែលមានផ្លែថ្លោសល្អ ធំស្មើ មិនមានស្នាកស្នាមសត្វទិច ឬខាំ និងយកផ្លែណាដែលខ្ពស់ផុតពីដីចាប់ពី ១,៥តឹកឡើងទៅ (ប្រសិនបើផ្លែសំរាប់វារនៅជាប់ដីពេក គឺវាមិនល្អសម្រាប់ការទុកពូជទេ ព្រោះវាងាយជួបប្រទះការបំផ្លាញពីសត្វនៅក្នុងដី)។ រក្សាផ្លែដែលសម្រាប់ទុកធ្វើពូជនោះនៅជាប់ដើមរហូតដល់ទុំ ទើបបេះយកទៅប្រឡេះយកគ្រាប់ចេញដាក់ហាលថ្ងៃឲ្យស្ងួតច្រកដបដោយមានដាក់ធ្យូងនៅក្នុងនោះមួយ ឬពីរដុំ ទុករហូតដល់ពេលត្រូវយកទៅដាំ។

ទិដ្ឋភាពដំណាំត្រសក់

២-ការរៀបចំដីដាំ

គាត់ជ្រើសរើសដីទៅតាមរដូវកាល គឺរដូវប្រាំង និងរដូវវស្សា។ អ្នកមីងជ្រើសរើសកន្លែងដាំត្រសក់នៅលើដីទួលដើម្បីការពារការលិចទឹកនៅរដូវវស្សា។ មុនដាំគាត់បានភ្ជួរដីចំនួន៣ដង។ លើកទី១ ភ្ជួរទុកចោលរយៈពេល៣ថ្ងៃ និងលើកទី២ទុកចោលរយៈពេល៣ថ្ងៃ ឬ៤ថ្ងៃ។ លើកទី៣ មុនភ្ជួរគាត់បានយកដីធម្មជាតិពុកផុយទៅរោយពីលើដីឲ្យស្មើសព្វ បន្ទាប់មកភ្ជួរ និង

កាប់ដីលើកជារង ដោយទុកចន្លោះពីរងមួយទៅមួយមានប្រវែង ០,៥ម៉ែត្រ។ នៅលើផ្ទៃដីទំហំ ២អារ គាត់លើករងបានចំនួន ៦រង។ ដោយសារពេលវាលាដែលគាត់ដាំជារដូវវស្សា ដូច្នេះគាត់បានរៀបចំរងកំពស់ ៣តឹក ដើម្បីជៀសវាងដក់ទឹកនៅលើរងនាំឲ្យកូនត្រសក់រលួយ។

៣-ការដាំដុះ

យកគ្រាប់ត្រសក់ ដែលរក្សាទុកពូជមកត្រាំទឹកចំនួន ១យប់។ បន្ទាប់មក ដាក់គ្រាប់ដាំដោយប្រើចង្អុលដៃចុចទៅលើដីរហូតដល់ពាក់  កណ្តាល រួចដាក់គ្រាប់ចូល បន្ទាប់មកយកដីមានជីជាតិលុបពីលើឲ្យជិត។ ក្នុង១រណ្តៅគាត់ដាក់គ្រាប់ចំនួន២គ្រាប់។ ចន្លោះពីរណ្តៅមួយទៅមួយចំងាយ ១តឹក។ ពេលត្រសក់អាយុបាន ២០ថ្ងៃ គាត់រៀបចំទ្រើងដោយយកឈើដាក់តាមបណ្តោយរងដើម្បីឲ្យត្រសក់វារឡើង។

៤-ការថែទាំ

ក្រោយពីដាំរួចរហូតដល់ពេលប្រមូលផល គាត់ដាក់ជីចំនួន២ដង (ប្រភេទជីពុកផុយដូចជា ជីលាមកគោ និងកំប៉ុស្ត)។ ដាក់ជីនៅលើកទី១នៅពេលដាំបាន១អាទិត្យ និងលើកទី២ ដាក់ក្រោយកូនត្រសក់អាយុបាន២សប្តាហ៍ (ការដាក់ជីនៅក្នុងដំណាក់កាលនេះ គឺជួយឲ្យត្រសក់វាដុះលូតលាស់ល្អ និងជម្រុញឲ្យផ្កាមិនក្តៀន គឺផ្កាធំល្អ និងធ្វើឲ្យផ្លែធំល្អ)។ ស្រោចទឹករាល់ព្រឹក តែបើមានភ្លៀងច្រើនគាត់មិនស្រោចទឹកទេ។

៥-ការប្រមូលផល

ក្រោយពីដាំរហូតដល់ពេលប្រមូលផល ត្រសក់មានអាយុកាល ២៥-៣០ថ្ងៃ។ គាត់ប្រមូលផលបណ្ដាក់ៗមួយអាទិត្យបេះម្តង។ គាត់ទទួលផលសរុបបានចំនួន ១៦០គីឡូក្រាម ដោយក្នុង ១គីឡូក្រាម គាត់លក់បានតម្លៃ ១.៣០០រៀល សរុបបានចំនួន ២៨០.០០០រៀល ដោយមិនគិតការហូបចុកក្នុងគ្រួសារ និងឲ្យអ្នកជិតខាង។

ការថែទាំដំណាំត្រសក់

៦-ការចំណាយ និងចំណូល

ក្នុងការដាំគាត់មិនចំណាយប្រាក់ក្នុងការទិញពូជ ជីគីមីទេ គឺចំណាយតែទៅលើការបូមទឹកអស់ចំនួន ៣លើកអស់ ២០.០០០រៀល និងចំណាយតែទៅលើកម្លាំងពលកម្ម ក្នុងការដាំដុះ និងការថែទាំប៉ុណ្ណោះ។ ចំណូលទឹកប្រាក់បានចំនួន ២០៨.០០០រៀល។

ចំណាប់អារម្មណ៍

អ្នកមីងមានប្រសាសន៍ថា ដំណាំត្រសក់ ជាដំណាំដែលមានលក្ខណៈងាយស្រួលដាំជាងដំណាំផ្សេងៗទៀត បើគិតពីដំណាំផ្សេងៗទៀតដែលគាត់បានដាំដូចជា ឆៃថាវ ស្ពៃជាដើម ដែលដំណាំទាំងនោះត្រូវចំណាយទាំងពេលវេលា និងកម្លាំងពលកម្មច្រើនជាងត្រសក់​។ ណាមួយទៀតជីវិតរបស់ដំណាំមានរយៈពេលខ្លី ហើយក៏មិនសូវមានសត្វល្អិតបំផ្លាញដែរប្រសិនបើយើងមិនប្រើថ្នាំពុលគីមី។ អ្នកមីងនឹងបន្តការដាំតាមវិធីនេះទៀត ដោយប្រើតែជីធម្ម​ជាតិប៉ុណ្ណោះ៕

យិន  សៀងហ៊ី

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។