Home / ទេសចរណ៍ / កសិ-ទេសចរណ៍ / អូរសោម ជាឋានសួគ៌អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់បវរ

អូរសោម ជាឋានសួគ៌អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់បវរ

អូរសោម ជាឈ្មោះទីជនបទដាច់ស្រយ៉ាលមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងតំបន់ភ្នំក្រវ៉ាញភាគកណ្តាល ដែលជាដែនដីនៃស្រុកវាលវែង ខេត្តពោធិ៍សាត់។ អូរសោម ជាទីឋានរុំពាន់ព័ន្ធទៅដោយជូរភ្នំដែលមានព្រៃប្រឹក្សា ជ្រលងបព្វតា លតាវល្លិ ដ៏ស្រស់បំព្រង។

ឋានសួគ៌អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ មានចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីរួមខេត្តកោះកុង និង៦០គីឡូម៉ែត្រពីទីរួមស្រុកវាលវែង។

មិ​នថាធ្វើដំណើរចេញតាមខេត្តកោះកុង ឬ តាមឃុំប្រម៉ោយនៃស្រុកវាលវែងនោះទេ នៅតាមដងវិថីឆ្ពោះទៅកាន់សហគមន៍ដាច់ស្រយ៉ាលមួយនេះ សុទ្ធតែពាន់ព័ទ្ធទៅដោយព្រៃភ្នំក្រំថ្ម ជ្រលងបុព្វតា ហាក់កំពុងតែឈរបង្អួតសម្រស់ដ៏ស្រស់ឆើតឆាយរបស់ខ្លួនទៅដល់អ្នកដំណើរគ្រប់ៗគ្នា និងផ្តល់ភាពស្រស់ ស្រាយឱ្យបានធូរស្បើយពីភាពនើយហត់នានា។

អូរសោម ជាទីឋានមនោរម្យ នៃតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ល្អឯក ប្រៀបបានស្រីក្រមុំព្រហ្មចារីទើបនឹងពេញវ័យ កំពុងចូលម្លប់ បន្ទុំសម្រស់។

នាពេលបច្ចុប្បន្ននេះ បើទោះបីជាមនុស្សម្នាមួយចំនួនកំពុងចាប់អារម្មណ៍ទៅលើទីឋានអេកូទេសចរណ៍ធម្មជាតិមួយនេះក៏ដោយ ក៏មានមនុស្សមិនច្រើនប៉ុន្មាននោះទេដែលស្គាល់តំបន់មួយនេះ។

អូរសោម លម្អរាងទៅដោយជូរភ្នំ ជ្រុះជ្រង ជ្រឡងដងអូរ ព្រែក ស្ទឹង និងបឹង ជាច្រើន ដែលគួរជាទីពេចពិលរមិលមើលនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឆាយទឹកធ្លាក់ជាច្រើនកន្លែងដែលធ្វើឱ្យទីឋានមួយនេះ កាន់តែទាក់ទាញទេសចរផងគ្នា ឱ្យចាប់អារម្មណ៍លើខ្លួន។ ក្នុងនោះឆាយទឹកធ្លាក់ពីរកន្លែង ធ្វើឱ្យកេរ្តិ៍ឈ្មោះអូរសោម កាន់តែល្បីល្បាញក្នុងចំណោមអ្នកស្រឡាញ់តំបន់អេកូទេសចរណ៍ធម្មជាតិ គឺទឹកធ្លាក់ឆាយប្រុយ និងទឹកធ្លាក់ឆាយរការ។

មិនត្រឹមតែជាតំបន់ដែលជាឃ្លាំងនៃឋានសួគ៌អេកូទេសចរណ៍ធម្មជាតិ​ប៉ុណ្ណោះនោះទេ ទឹកដីឃុំអូរសោម ក៏ជាតំបន់មួយដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ព្រោះដីមានជីជាតិល្អ បរិបូណ៌ដោយធារទឹក ចំណែកអាកាសធាតុក៏អំណោលផលល្អផងដែរ។

ដំណាំដែលមានសក្តានុពលនៅក្នុងទឹកដីអូរសោមនាពេលបច្ចុប្បន្ន មានដូចជា ប័រ ចេកពងមាន់ ទុរេន សាវម៉ាវ ម្រេច កាហ្វេ រមៀត រំដេង ត្រាវ ចៃថាវ សណ្តែកដី និងផាសិន ជាដើម។

ភ្ញៀវទេសចរជាច្រើនដែលបានទៅដល់តំបន់នោះហើយ ហាក់ជាប់ចិត្តដកស្ទើរពុំរួចពីតំបន់ឋានសួគ៌អេកូទេសចរណ៍ធម្មជាតិមួយនេះ ក៏ព្រោះតែសម្រស់ដ៏ល្អឯក ព្រមជាមួយអាកាសធាតុដ៏អំណោយផល៕

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

សួនគ្រួសារព្រៃក្តួច កំពុងបង្ហាញរូបរាងជាបណ្តើរៗ

សួនគ្រួសារប្រមានជា៣០០សួន ដែលលាតសន្ធឹងនៅលើផ្ទៃដីជាង៤០ហិចតា ស្ថិតក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញួង ស្រុកត្រាំ​កក់ ខេត្តកាកែវ ដែលនៅមិនឆ្ងាយប៉ុន្មានពីវត្តពុទ្ធគិរី កំពុងលេចចេញរូបរាងជាបណ្តើរៗហើយមកដល់ពេលនេះ។ សួនគ្រួសារព្រៃក្តួចនេះគឺត្រូវបានរៀបចំឡើងសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងចូលចិត្តរស់នៅជាមួយធម្មជាតិ

Leave a Reply

Your email address will not be published. Required fields are marked *