Home / កសិកម្ម / ថ្នាំពុលសម្លាប់សត្វល្អិតផ្សំពីកាកសំណល់ឡជីវៈឧស្ម័ន

ថ្នាំពុលសម្លាប់សត្វល្អិតផ្សំពីកាកសំណល់ឡជីវៈឧស្ម័ន

បទបង្ហាញស្តីពីថ្នាំពុលសម្លាប់សត្វល្អិត

ប្អូនប្រុស ជឹម ទីន គឺជាកសិកររស់នៅភូមិកាហែក ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ប្អូនមានគំនិតកែច្នៃយកកាក សំណល់ឡ​ជីវៈឧស្ម័នធ្វើជាធាតុផ្សំលាយជាមួយធាតុផ្សំផ្សេងទៀត ធ្វើជាថ្នាំសម្លាប់សត្វល្អិត។ មូលហេតុដែលនាំឲ្យប្អូនប្រើកាកសំណល់ឡនេះធ្វើជាធាតុផ្សំ គឺដោយសារប្អូនសង្កេតឃើញថា មានសត្វល្អិតធ្លាក់ទៅលើកាកសំណល់នេះបានងាប់ជាបន្តបន្ទាប់។ ចំពោះធាតុផ្សំផ្សេងៗទៀត និងរបៀបធ្វើមានបង្ហាញដូចខាងក្រោម៖

១-ធាតុផ្សំ

  • ជីកាកសំណល់ឡរាវចំនួន ២០លីត្រ
  • ម្ទេសចំនួន ១,៥គីឡូក្រាម
  • រំដេងចំនួន ០,៥គីឡូក្រាម
  • ស្លឹកគ្រៃចំនួន ១គីឡូក្រាម
    សាធាតុសម្រាប់ផ្សំធ្វើថ្នាំសម្លាប់សត្វល្អិត
  • ថ្នាំខ្លាំង ០,៣គីឡូក្រាម
  • ក្តូច ១គីឡូក្រាម
  • សំបកស្ដៅ ៥គីឡូក្រាម
  • វល្លិ៍បណ្តូលពេជ្រ ៣គីឡូក្រាម
  • ទឹកធម្មតា ២០ទៅ ៣០លីត្រ។

២-វិធីផ្សំ

យកធាតុផ្សំទាំងអស់ បុកបញ្ចូលគ្នា រួចត្រាំទឹកជីកាកសំណល់ឡជីវៈឧស្ម័នទុកមួយសប្តាហ៍ ទើបយកទៅប្រើ។

៣-វិធីប្រើ

មុនពេលយកទឹកថ្នាំទៅប្រើត្រូវយកស្បៃមុងទៅច្រោះទឹកថ្នាំ ដើម្បីកុំឲ្យដោយកាក ពីព្រោះ​វា​អាចនាំឲ្យពិបាកក្នុងស្រោចដំណាំ។ ចំពោះវិធីប្រើទៅលើដំណាំមានពីររបៀបផ្សេងគ្នាគឺ ប្រើទៅលើ​កូនដំណាំ និងប្រើទៅលើដំណាំធំ។

កូនដំណាំ. យកទឹកថ្នាំ ១លីត្រ មកលាយជាមួយទឹកធម្មតា ៤លីត្រ ស្រោចនៅពេលល្ងាច។ ព្រលឹមឡើងត្រូវស្រោចទឹកធម្មតាលាង ដើម្បីកុំឲ្យទឹកថ្នាំត្រូវកំដៅថ្ងៃនាំឲ្យស្លោកស្លឹកដំណាំ។

ដំណាំធំ. យកទឹកថ្នាំ ១លីត្រ លាយជាមួយទឹកធម្មតាចំនួន ២លីត្រ ស្រោចនៅពេលល្ងាច និងធ្វើដូចកូនដំណាំដែរ គឺព្រលឹមឡើងត្រូវស្រោចទឹកលើដំណាំ។

៣-ចំណាប់អារម្មណ៍

ក្រោយពីគាត់បានធ្វើពិសោធន៍ទឹកថ្នាំនេះប្រើទៅលើដំណាំរួចមកនោះ គាត់សង្កេតឃើញថា ដំណាំរបស់គាត់ទទួលបាននូវលទ្ធផលល្អច្រើន ហើយអ្វីដែលពិសេសនោះ គឺដំណាំដែលគាត់ដាំ អាចជៀសផុតពីការបំផ្លាញរបស់សត្វល្អិតបានច្រើន ។

កំណត់សំគាល់

  • ត្រូវផ្អាកស្រោចទឹកថ្នាំនេះនៅលើដំណាំឲ្យបាន ១សប្តាហ៍មុនពេលប្រមូលផល
  • ប្រើប្រាស់នៅពេលដំណាំមានសត្វបំផ្លាញ ដូចជា ចៃ និងដង្កូវ
  • មិនត្រូវស្រោចទឹកថ្នាំនេះនៅពេលមិនមានសត្វល្អិតបំផ្លាញ៕

ផល ផាន់នី

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ស្វែងយល់៖ ពិនិត្យមុននឹងបញ្ឆេះម៉ាស៊ីន របៀបបញ្ឆេះម៉ាស៊ីន និងរបៀបបញ្ឈប់ម៉ាស៊ីន (ឧបករណ៍កសិកម្ម)

មានបងប្អូនកសិករមួយចំនួនបានដឹងអំពីការពិនិត្យ របៀបបញ្ឆេះ និងរបៀបបញ្ឈប់ម៉ាស៊ីន ដែលជាឧបករណ៍កសិកម្មរួចហើយ ប៉ុន្តែក៏នៅមានកសិករខ្លះមិនទាន់បានដឹងនូវចំណុចទាំងនេះនៅឡើយទេ។ ដើម្បីជាចំណេះដឹងដល់ប្រជាកសិករ សហគមន៍សម្បូរសប្បាយ  បង្ហាញអត្ថបទនេះ ដែលដកស្រង់ចេញពីសៀវភៅ ណែនាំអំពីបច្ចេកទេសនៃការប្រើប្រាស់ និងការដំឡើងឧបករណ៍កិនគ្រាប់ធញ្ញជាតីខ្នាតតូច។