Home / កសិកម្ម / បទពិសោធន៍ដាំចេកពងមាន់

បទពិសោធន៍ដាំចេកពងមាន់

លោកអ៊ុំ ឈាង កាំង ជាកសិកររស់នៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ខេត្តកណ្តាល។ គាត់មានបទពិសោធន៍ដាំចេកពងមាន់ អស់រយៈពេល ៦ឆ្នាំកន្លងមកហើយ។ គាត់ចេះបទពិសោធន៍នេះពីឪពុកម្តាយរបស់គាត់ដែលរស់នៅកោះអន្លង់ចិន ។ ការទទួលបានជោគជ័យរបស់គាត់ ត្រូវបានអ្នកជិតខាងក៏បានយកទៅដាំតាម ហើយទទួលបានជោគជ័យដូចគាត់ដែរ។ ចំពោះបទពិសោធន៍នៃដាំដុះរបស់គាត់មានដូចខាងក្រោម៖

១.ការរៀបចំដីដាំ

ផ្ទៃដីដាំដុះមានទំហំ ២០អារ។ ក្នុងការរៀបចំដីគាត់ភ្ជួរចំនួន ៣សា និងរាស់ ១សា។ ភ្ជួរលើកទី១បន្ទាប់ពីប្រមូលផលដំណាំចាស់រួច។ ៧ថ្ងៃក្រោយមកគាត់ធ្វើការភ្ជួរ​លើកទី២ និង ៧ថ្ងៃ​ក្រោយទៀត ទើបភ្ជួរលើកទី៣។ ប៉ុន្តែមុនភ្ជួរដីលើកទី៣ គាត់បានដាក់ជីលាមកគោនិងស្លឹកឈើពុកផុយទ្រាប់បាតប្រហែលមួយតោន ទើបធ្វើការភ្ជួរលុប។   រយៈពេល ៣ ទៅ ៤ថ្ងៃបន្ទាប់ ទើបរាស់បំបែកដី និងកៀរយកស្មៅចេញអោយអស់។ បន្ទាប់មក គាត់កាប់រណ្តៅដាំដោយរណ្តៅនីមួយៗមានទំហំ ៥តឹកបួនជ្រុង និងជំរៅ ៥​តឹក ហើយដាំក្នុងចន្លោះគុម្ព ១,៨ម៉ែត្រ និងចន្លោះជួរ ១,៨ម៉ែត្រ។

២.ការដាំ

គាត់ធ្វើការដាំចេកពងមាន់ភ្លុកនេះ នៅចុងខែឧសភា ព្រោះវាជាដើមរដួវវស្សា។ ការដាំនៅខែនេះ ចេកនឹងឲ្យផលក្នុងអំឡុងពេល ៨ ទៅ ៩ ខែ។ ដូចនេះ គាត់អាចប្រមូលផលបាននៅអំឡុងខែមករា ឬកុម្ភៈ ដែលជាខែចេកបានថ្លៃខ្ពស់ ព្រោះវាជារដូវចូលឆ្នាំចិន។ ក្នុងរណ្តៅនិមួយៗ គាត់បានដាក់ជីលាមកសត្វពុកផុយ និងស្លឹកឈើស្ងួតៗកន្លះរណ្តៅដោយជ្រុំលាយជាមួយដី។​បន្ទាប់មកគាត់បានគាស់កូនចេកដែលមានសុខភាពល្អ មានកំពស់ ៤-៥តឹក ទៅដាំនៅក្នុងរណ្តៅ។ ចំពោះកូនចេកណាដែលមានឫសច្រើនពេក គាត់បានកាត់ឫសចោលខ្លះ ដើម្បីឲ្យឫសថ្មីឆាប់ដុះឡើងវិញ។ គាត់កប់កូនចេកដាំក្នុងរណ្តៅត្រឹមគល់ រួចលុបដីសង្កត់ឲ្យណែន បន្ទាប់មកយកកំទេចស្លឹកឈើ

 

គ្របគល់ចេក ហើយស្រោចទឹកឲ្យជោគ។ គាត់បានដាំចេកនៅចន្លោះល្ហុង ព្រោះថាកូនចេកវាមិនត្រូវការពន្លឺខ្លាំងពេកទេ បើត្រូ​វពន្លឺខ្លាំងធ្វើឲ្យកូនចេកមានការលូតលាស់មិនសូវល្អ ហើយស្លឹកនឹងដើមមានពណ៌លឿងរិញៗទៀតផង។ នៅពេលចេកធំ ល្ហុងក៏ដល់ពេលបេះផ្លែអស់ និងកាប់ដើមចោល ធ្វើឲ្យចេកអាចទទួលពន្លឺបានគ្រប់គ្រាន់វិញ។

៣.ការថែទាំ

ក្រោយពីការដាំរួចក្នុងរយៈពេល ២ ទៅ ៣ខែដំបូង (ឧសភា ដល់ខែកក្កដា) គាត់ធ្វើការស្រោចទឹក ១០ ទៅ ១៥ថ្ងៃម្តង ព្រោះជាដើមរដូវវស្សាមិនសូវមានភ្លៀងធ្លាក់ច្រើន។ នៅខែសីហា-វិច្ឆិកា គាត់មិនបានស្រោចទឹកទេ ព្រោះវាជាចុងរដូវវស្សា មានភ្លៀងធ្លាក់គ្រប់គ្រាន់ហើយ។ ប៉ុន្តែនៅរដូវប្រាំងវិញ គាត់ធ្វើការស្រោចទឹក ៦ ទៅ ៧ថ្ងៃម្តង។

នៅពេលចេកបែកកូន គាត់រក្សាទុកកូ​នចេកតែមួយដើមប៉ុណ្ណោះក្នុងមួយគុម្ព ដើម្បីឲ្យចេកផ្លែធំល្អ។ ដូច្នេះ ក្នុងមួយគុម្ពមាន ២ដើម ទាំងដើមមេផង។ កូនចេកដែលគាត់រក្សាទុកនោះត្រូវថ្លោសល្អ និងមិនមានជំងឺហើយត្រូវមានទំហំប៉ុនៗគ្នាដើម្បីឲ្យការប្រមូលផលបានស្រុះគ្នា។ ចំណែកកូនចេកគាស់ចេញហើយ គាត់ជ្រើសរើសដើមល្អៗយកទៅដាំនៅចន្លោះគុម្ពបន្តទៀត នៅពេលកាប់ដើមមេចេញ កូនចេកដែលដាក់ដាំបន្តធំតៗគ្នា ហើយគាត់អាចទទួលបានផ្លែបន្តបន្ទាប់គ្នា។

៤.ការប្រមូលផល

ក្រោយពីដាំអស់រយៈពេល ៨ ទៅ ៩ ខែ ចេកអាចប្រមូលផលបានហើយ។ ចេកដែលគាត់កាត់យកបន្ទុំបាន លុះត្រាតែផ្លែរបស់វារលុបជ្រុងចេញរាងមូល។ នៅលើផ្ទៃដី ២១ អារ គាត់អាចដាំបាន៦០០ ទៅ ៦២០គុម្ព ហើយគាត់អាចកាប់ផ្លែចេកបានពី ១.០០០ ទៅ ១.១០០ស្ទង។ ដោយក្នុងមួយស្ទងលក់បានតម្លៃ ៨.០០០ ទៅ ១០.០០០រៀល។ បើគិតជាទឹកប្រាក់សរុបបានប្រមាណ ៨ ទៅ ៩លានរៀល។

សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំចេកពងមាន់

  • ភ្ជួររាស់បំផុសដី និងដាក់ជីលាមកសត្វពុកផុយទ្រាប់បាត
  • កាប់រណ្តៅទំហំ ៥ តឹកបួនជ្រុង ជំរៅ ៥ តឹកដាក់ជីលាមកសត្វពុកផុយបាតរណ្តៅ
  • គាស់កូនចេកដែលមានសុខភាពល្អមកដាំ ដោយកប់ត្រឹមគល់
  • ជ្រុំជ្រោយដី ពូនគល់ចេកព្រមទាំងដាក់ជីលាមកសត្វបំប៉ន និងលះស្លឹកចោលខ្លះដើម្បីឲ្យចេកទទួលបានពន្លឺគ្រប់គ្រាន់
  • គាស់កូនចេកចោលខ្លះ ដោយទុកតែ ១ដើម ក្នុង ១គុម្ព៕

និស្សិត ខួយ រ៉ាដា

Loading...

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។