Home / កសិកម្ម / បទពិសោធន៍រៀបចំសួនដំណាំលក្ខណៈគ្រួសារ

បទពិសោធន៍រៀបចំសួនដំណាំលក្ខណៈគ្រួសារ

     ទិដ្ឋភាពសួនដំណាំជាលក្ខណៈគ្រួសារពីខាងក្រៅ

ប្អូនប្រុស ជឿន ចាន់ធួន  ជាកសិករជនជាតិដើមភាគតិច (ព្នង) រស់នៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ គាត់បានរៀបចំសួនបន្លែតាំងពីនៅ ខែវិច្ឆិកា ឆ្នាំ២០០៩។ មូលហេតុដែលគាត់បានរៀបចំសួននេះព្រោះគាត់គិតថា នៅឃុំប៊ូស្រា បន្លែដែលបរិភោគភាគច្រើនគឺទិញពីខាងក្រៅឃុំ ជាពិសេសបន្លែសុទ្ធតែនាំមកពីខេត្តផ្សេងៗ និងប្រទេសវៀតណាម ដែលពោរពេញទៅដោយជាតិពុលគីមីខ្លាំង។ ដូច្នេះហើយទើបគាត់រៀបចំសួនបន្លែនេះឡើង​​ ដើម្បីផ្គត់​ផ្គង់ក្នុងគ្រួសារ​ផង និងសល់យកទៅលក់បានប្រាក់ចំណូលផង។ គាត់ចាប់ផ្តើមកែលម្អការដាំដុះនិងរៀបចំសួននេះតាមរយៈការជម្រុញលើកទឹកចិត្តពីគម្រោងអង្គការសេដាក រួមផ្សំនិងការអានទស្សនាវដ្តី​កសិករ។ តទៅនេះ យើងសូមលើកយកបទពិសោធន៍រៀបចំសួនដំណាំចំរុះរបស់ប្អូនប្រុស ជឿន  ចាន់ធួន មកបង្ហាញជួនដូចខាងក្រោម៖

 

១-ការរៀបចំសួនដំណាំ

សួនដំណាំរបស់គាត់មានបណ្តោយ ១២ម៉ែត្រ និងទទឹងសួន ១០ម៉ែត្រ។ ដំបូងគាត់បានត្រៀមសំភារៈសម្រាប់រៀបចំសួនមាន ឫស្សីឃ្លៃ ឈើ បង្គោលរបង ដែកគោល សំរាប់ធ្វើជារបងការពារសត្វចូលយាយីដំណាំ ព្រោះនៅភូមិរបស់គាត់​​​​​​ ​អ្នកចិញ្ខឹមសត្វភាគច្រើនព្រលែងសត្វឲ្យដើរពេញភូមិ។ គាត់ធ្វើរបងមានកំពស់ ១ ម៉ែត្រ ព័ទ្ធជុំវិញសួន។

២-ការរៀបចំដីសំរាប់ដាំ

នៅក្នុងសួន គាត់បានកាប់បំផុសដីហាលរយៈពេល ៧ថ្ងៃ បន្ទាប់មកយកជីធម្មជាតិមកដាក់បន្ថែម ហើយកាប់ដីរៀបចំជារងតូចៗមានទទឹង ១ មែត្រ និងបណ្តោយតាមស្ថានភាពដីរបស់សួន

ដោយបំបែកដីឲ្យបានម៉ដ្ឋល្អ។ គាត់លើករងតាមបណ្តោយថ្ងៃ ដើម្បីឲ្យដំណាំទទួលពន្លឺបានគ្រប់

គ្រាន់។

៣-ការសាបកូនដំណាំបន្លែសម្រាប់ដាំ

ពូជដែលគាត់បានដាក់ដាំ គឺទិញពីផ្សារខ្លះ និងបានទទួលពីគម្រោងសេដាក និងអង្គការផ្សេងៗខ្លះ។ ប្រភេទដំណាំ ដែលគាត់ដាំមានស្ពៃ ត្រកួន សណ្តែកកួរ ត្រប់ ត្រសក់ ខ្ទឹមដើម ជីនាងវង ម្ទេស ខ្ញី ល្ហុង…….។ គាត់បានរៀបចំធ្នើរសម្រាប់សាបកូនដំណាំមួយ ដែលមានបណ្តោយ ២ ម៉ែត្រ និងទទឹង ១ ម៉ែត្រ បន្ទាប់មកយកគ្រាប់ដំណាំទៅសាបនៅលើរាននោះ។

៤-ការដាំដំណាំ និងការថែទាំ

បន្ទាប់ពីសាបកូនដំណាំបាន ហើយគាត់បានយកកូនដំណាំដែលមានអាយុ ១៥ថ្ងៃ ទៅដាក់ដាំនៅពេលល្ងាចត្រជាក់។ក្រោយពីដាំគាត់ស្រោចទឹកមួយថ្ងៃ ២ ដងព្រឹក ល្ងាច ។ គាត់ធ្វើការជ្រុំជ្រោយ និង ដកស្មៅចេញក្រោយពេលដំណាំអាយុបាន១៥ ថ្ងៃ ។ ជាមួយគ្នានេះដែរ គាត់ក៏បានស្រោចជីទឹកបំប៉នដោយដាក់ជីទឹក ១លីត្រលាយជាមួយទឹក ១៥លីត្រ ហើយ ស្រោច ៣ ថ្ងៃម្ដង។ សារធាតុផ្សំជីទឹកមាន ទន្រ្ទានខែត្រ ចិញ្រ្ចាំចំនួន ១៥ គីឡូក្រាម លាមកមាន់​ ៥គីឡូ​ក្រាម ទឹកនោមគោ ៥ លីត្រដាក់ត្រាំជាមួយគ្នា ទុកឲ្យជីកាច់រយះពេល១៥ ថ្ងៃ ទើបយកមកប្រើបាន។

របៀបប្រើជីទឹក: ក្រោយរយៈពេល ១៥ ថ្ងៃ យកទឹកជីចំនួន ០,៥លីត្រ លាយជាមួយទឹក ២៥លីត្រ ស្រោចទៅលើដំណាំនៅពេលល្ងាច។

៥-ការប្រមូលផល

តាមរយៈការកែលម្អសួនរបស់គាត់រយៈពេល ១០ខែ នេះគាត់បានទទួលនូវផលដំណាំ ដែលមិនមានសារធាតុគីមីសម្រាប់បរិភោគនៅក្នុងគ្រួសារ និងអាចសល់ខ្លះសម្រាប់លក់ទៅឲ្យអ្នកជិតខាងទៀតផង។ ចំពោះប្រាក់ចំណូលដែលបានលក់មានប្រមាណ ៣០ម៉ឺនរៀល ក្នុងរយៈពេលនៃការដាំដុះ។                      ទិដ្ឋភាពដំណាំក្នុងសួនជាលក្ខណៈគ្រួសារ

ចំណុចសំខាន់ៗក្នុងការដាំបន្លែចំរុះមាន

  • ប្រើស្លឹកឈើគ្របគល់ដំណាំ និងប្រើជីទឹកស្រោចបំប៉ន
  • ធ្វើរងសម្រាប់សាបកូនដំណាំ និងដាំដំណាំចំរុះច្រើនមុខក្នុងសួន
  • លើករងបណ្តោយថ្ងៃ និងមានរបងរឹងមាំសម្រាប់ការពារសត្វចូលបំផ្លាញដំណាំ
  • ព្យាយាមទុកពូជដោយខ្លួន​ឯង ដូចជាសណ្តែកកួរ ត្រប់ ត្រសក់ ជាដើម៕

លោក  ប៉ុល  សំអាត

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។