អ្នកមីង ជួន សាម៉េត រស់នៅភូមិវិហារសួរត្បូង ឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើស្វាយត្រាំសម្រាប់ហូប និងលក់ទៀតផង។ បទពិសោធន៍នេះគាត់ចេះមកពីម្តាយរបស់គាត់។ ចំពោះវិធីធ្វើស្វាយត្រាំរបស់គាត់បង្ហាញជូនដូចខាងក្រោម៖
១-សំភារៈ
- ពាងសម្រាប់ដាក់ស្វាយត្រាំទុក
- ឈើឫស្សីសម្រាប់ខ្ទាស់ស្វាយកុំឲ្យអណ្តែត
- គម្របសម្រាប់គ្របពាងស្វាយក្រោយពេលធ្វើរួច
- ចានដែកសម្រាប់កូរទឹកកំបោរ។
២-ធាតុផ្សំ
- ស្វាយ ៥ផ្លូន
- អំបិល ១០គីឡូក្រាម
- កំបោរ កន្លះខាំ។
៣-របៀបធ្វើ
- ស្វាយខ្ចីៗរើសប្រភេទណាដែលមិនមានស្នាមប្រេះ រួចយកទៅលាងទឹកឲ្យបានស្អាត
- យកកំបោរទៅកូរជាមួយទឹកឲ្យរលាយ រួចទុកឲ្យរងថ្លា (កំបោរកន្លះខាំសម្រាប់ត្រាំស្វាយខ្ចី ៥ផ្លូន) រួចយកស្វាយទៅដាក់ត្រាំក្នុងទឹកនោះទុករយៈពេល ២៤ម៉ោង ឬមួយថ្ងៃ
- ក្រោយមកស្រង់យកមកលាងទឹកឲ្យស្អាត រួចដាក់ហាលថ្ងៃចំនួន ២-៣ម៉ោង ទើបយកទៅតំរៀបដាក់នៅក្នុងពាងហើយយកឫស្សីមកខ្ទាស់កុំឲ្យហើប ដើម្បីឲ្យស្វាយលិចទៅក្នុងទឹក (ពេលណាត្រាំស្វាយមិនលិចទឹកធ្វើឲ្យមានដង្កូវ)
- យកទឹកអំបិលដាំពុះទុកឲ្យត្រជាក់យកមកចាក់ចូលក្នុងពាង (អំបិល ១០គីឡូក្រាម) រួចយកគម្របគ្របឲ្យជិត
- រក្សាទុករយៈពេល ២ ទៅ ៣ថ្ងៃ គឺអាចយកទៅបរិភោគបាន៕
ពាន សុខា និង ស៊ិន អង្គារសាធ