
សយ សុម៉ាលី ជាកសិករស្ត្រីរស់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ គាត់មានបទពិសោធន៍ល្អក្នុងការផ្សំចំណីសម្រាប់ឲ្យកូនមាន់ស៊ី (ឲ្យកូនមាន់ស៊ីនៅពេលមានអាយុ ២ ទៅ ១៥ថ្ងៃ) ។ ចំពោះបទពិសោធន៍នៃការផ្សំចំណីមានបង្ហាញជូនដូចខាងក្រោម ៖
ធាតុផ្សាំ ៖
- កន្ទក់ ១គីឡូក្រាម
- ស្រូវត្រាំ ១,៥គីឡូក្រាម
- ចុងអង្ករ ១គីឡូក្រាម
- អំបិល ១ស្លាបព្រាបាយ
- សំបកខ្ចៅខ្យង កន្លះខាំ
- ស្ករត្នោត ២ស្លាបព្រា
- បន្លែបៃតង ២គីឡូក្រាម (ស្ពៃ ផ្ទី កំប្លោក ចក ត្រកួន)
- លាយបន្ថែមនូវចំណីផ្អាប់សំរាប់បំប៉នចំនួន ១ស្លាបព្រាបាយ (ចំណីផ្អាប់នេះផ្សំឡើងពីបន្លែ
ចំនួន ១០គីឡូក្រាម និងស្ករត្នោត ៣គីឡូក្រាម)។
របៀបធ្វើ និងការប្រើប្រាស់
យកសារធាតុផ្សំមកបុកច្របល់លាយបញ្ចូលគ្នាឲ្យសព្វរួចដាក់ឲ្យមាន់ស៊ី, ចំណីនេះ គាត់ដាក់ឲ្យមាន់ស៊ីនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ មិនតែប៉ុណ្ណោះ គាត់បានធ្វើចំណីផ្អាប់បន្ថែម (បន្លែអ្វីក៏បាន) សម្រាប់ដាក់ឲ្យស៊ីនៅពេលណាដែលមិនសូវសម្បូរបន្លែ ជាពិសេសនៅរដូវប្រាំង៕
ពាន សុខា និង ស៊ិន អង្គារសាធ