កសិករ សុន ស៊ីន រស់នៅភូមិត្រពាំងបួនឃុំស្វាយ សុ្រកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ គាត់ជាកសិករ ដែលសហការ
ជាមួយគំរោង បក្សីភ្នំរីករាយ តាំងពីឆ្នាំ២០០៨ មក។ គាត់មានបទពិសោធន៍ដាំសណែ្តកដីរយៈពេល ៤ ឆ្នាំមកហើយ។ នៅលើផ្ទៃដី ២.១០០មែត្រការ៉េ (២១អា) គាត់ប្រមូលផលបាន ៤.០៥០គីឡូក្រាម។ ការដាំសណែ្តកដីនេះ ធ្វើឲ្យជីវភាពរបស់គាត់បានធូរមួយកំរិតដែរ។ ចំពោះបទពិសោធន៍ ដែលគាត់បានអនុវត្តន៍មានបង្ហាញជូនដូចខាងក្រោម៖
១-ការជ្រើសរើស និងត្រៀមពូជដាំ
ក្នុងការត្រៀមពូជដាំ គាត់បានជ្រើសរើស សណ្តែកដែលមានគ្រាប់ពេញល្អនិងគ្រាប់ធំយក ទៅហាលថ្ងៃឲ្យស្ងួត រួចប្រឡេះយកសំបកចេញដាក់ត្រាំទឹកទុក
មួយយប់ ទើបយកគ្រាប់ទៅដាក់ដាំ។គាត់ដាំនៅដើមខែមេសា និងប្រមូលផលនៅខែមិថុនា។
២-ការរៀបចំដី និងការដាំ
- ការរៀបចំដី គាត់បានភ្ជួរដីចំនួន ២-៣ ដង ដោយភ្ជួរលើកទី ១ ទុកដីចោលរយៈពេល១សប្តាហ៍ ឲ្យស្មៅងាប់អស់ ទើបធ្វើការភ្ជួរលើក ទី២ ទុកចោល ១សប្តាហ៍ទៀត ទើបយកជីកំប៉ុស្តទៅដាក់ទ្រាប់បាត (ជីកំប៉ុស្ត២រទេះស្មើនឹង ២០០គីឡូក្រាម) រួចភ្ជួរលុប។
- ការដាំ ក្រោយពីភ្ជួររួច គាត់យកគ្រាប់សណ្តែកដាក់ដាំនៅតាមគន្លង។
ទិដ្ឋភាពចំការសណ្តែកដី ចន្លោះពីគន្លងមួយទៅមួយមានប្រវែង ៣តឹក និងពីរណ្តៅមួយទៅមួយមានប្រវែង ២តឹក។ បន្ទាប់មកយករនាស់ទៅរាស់ដីឲ្យស្មើដើម្បីលុបគ្រាប់ ។
- ការថែទាំ ក្រោយពីដាំបានរយៈពេល ១៥ថ្ងៃ គាត់បានធ្វើស្មៅ និងពូនគល់ដើម្បីឲ្យសណ្តែកលូតលាស់ និងចុះមើមបានល្អ មិនតែប៉ុណ្ណោះ គាត់បានដាក់ជីកំប៉ុស្តជ្រុំនៅតាមចន្លោះរង។
- ការប្រមូលផល ជាទូទៅដំណាំសណ្តែកដីមានរយៈពេល ៣ខែកន្លះ ទៅ ៤ខែ ។
បើគាត់ដាំលក់ទុកត្រឹមរយៈពេល ៣ខែកន្លះ។ បើធ្វើពូជទុកដល់រយៈពេល៤ខែ
ក្រោយពីដាំទើបគាត់ប្រមូលផល។ ក្នុងមួយរដូវ គាត់ប្រមួលផលបាន ៤.០៥០គីឡូក្រាម (គិតទាំងពូជ) ដោយក្នុង ១គីឡូក្រាម លក់បានតំលៃ ១.០០០ រៀលទៅ ១.២០០រៀល។ ក្នុងមួយរដូវគាត់អាចរកចំណូលបានពីការ ដាំសណ្តែកដី គឺបានប្រហែល៣.៥០០.០០០រៀល (៣,៥ លានរៀល) សំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំសណ្តែកដីមាន
- ធ្វើការភ្ជួររាស់ និងហាលដីឲ្យបានស្ងួតល្អ
- ថែទាំបោចស្មៅ និងពូនគល់ដើម្បីឲ្យសណ្តែកចុះមើមបានល្អ
- ដាក់ជីកំប៉ុស្តទ្រាប់បាតនិងដាក់ជីបំប៉ននៅចន្លោះរងដើម្បីឲ្យសណ្តែកមានមើមថ្លោសល្អ
- ទុកពូជសណ្តែកដោយដកនៅអាយុ ៤ខែដើម្បីឲ្យសណ្តែកចាស់ល្អ៕