អ្នកមីង អេង ផូ ជាកសិកររស់នៅក្នុងភូមិស្ដៅកោង ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ដោយមានភាពប្រហាក់ប្រហែលនឹងកសិករដទៃទៀតដែរ មុខរបរចម្បងសម្រាប់គ្រួសារអ្នកមីង គឺការធ្វើស្រែនៅរដូវវស្សា។ តែដោយសារផ្ទៃដីស្រែរបស់គ្រួសារអ្នកមីងមានទំហំតូច និងមិនមានប្រភពទឹកសម្រាប់ការបង្កបង្កើនផលនៅរដូវប្រាំង ធ្វើឲ្យកម្រិតជីវភាពរបស់អ្នកមីងមិនបានធូរធារលឿននោះទេ ។ ងាកមករកការដាំដំណាំ ចិញ្ចឹមសត្វក៏មិនបានដោយសារមិនមានបច្ចេកទេសគ្រប់គ្រាន់ ឯចំនួនត្រីដែលមាននៅក្នុងស្រះ ក៏ចេះតែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
នៅឆ្នាំ២០១០ ដោយមានការផ្សព្វផ្សាយពីការគាំទ្ររបស់អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែននៅក្នុងភូមិរបស់អ្នកមីង គឺចំពេលដែលអ្នកមីងមានចំណាប់អារម្មណ៍ចង់ពង្រីកប្រាក់ចំណូលបន្ថែមពីសកម្មភាពដែលនៅជិតៗផ្ទះផងនោះ អ្នកមីងក៏ស្ម័គ្រចិត្តចូលរួមក្នុងគម្រោងដែលអនុវត្តដោយអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន។ ក្រោយពីការចូលរួម អ្នកមីងបានទទួលផលប្រយោជន៍ជាច្រើនគម្រោង ដូចជាចំណេះដឹងថ្មីធនធានផលិតកម្មមួយចំនួនរួមមាន ពូជមាន់ គ្រាប់ពូជបន្លែ និងសម្ភារៈ ព្រមទាំងកូនត្រីសម្រាប់ចិញ្ចឹមក្នុងស្រះ។
ទាក់ទងនឹងការចិញ្ចឹមមាន់ អ្នកមីងមានប្រសាសន៍ថា គាត់ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ក្នុងការចិញ្ចឹមជាច្រើន។ ពីមុនការចិញ្ចឹមមាន់តាមបែបយថាផល ដោយបណ្តោយទុកឲ្យមេបណ្ដើរ និងមិនមានបំបែកកូនមាន់ ផ្តល់ចំណីបានត្រឹមត្រូវ ឬចាក់វ៉ាក់សាំងការពារជំងឺស្អីក៏គ្មានដែរ។ ហើយគាត់មិនដែលទទួលបានផលកម្រៃពីការលក់មាន់បានច្រើននោះទេ។ តែឥឡូវនេះគាត់ចេះចិញ្ចឹមមាន់បានយ៉ាងល្អ គាត់បានបង្ហាញពីបច្ចេកទេសចិញ្ចឹមមាន់មួយចំនួន ដែលធ្វើឲ្យគាត់ជោគជ័យដូចជា៖
- ការជ្រើសពូជដែលល្អ និងមិនត្រូវទុកបាដដែលៗលើសពី៣ឆ្នាំនោះទេ
- ប្រមូលពងពីមេផ្សេងៗដាក់ឲ្យមេ ៣ ឬ ៤ក្បាល ក្រាប ៤-៥វគ្គ និងប្តូរឲ្យមេផ្សេងក្រាប
នៅពេលបន្ទាប់។ ដោយធ្វើបែបនេះអាចមានកូនមាន់ញាស់រៀងរាល់ ២១ថ្ងៃម្តង
- បំបែកកូនមាន់ភ្លាមពេលវាញាស់ពីមេរបស់វា។ ការបំបែកកូនមាន់អាចធ្វើឲ្យកូនមាន់ងាប់តិច ឬមិនងាប់ ហើយមេរបស់វាឆាប់រកពង។ ចំពោះកូនមាន់ដែលបំបែកពីមេ គាត់ចាប់ក្រុងក្នុងកេសស្រាបៀរនៅពេលយប់នៅក្នុង១អាទិត្យដំបូងនិងពេលថ្ងៃដាក់ក្នុងទ្រុងផ្តាច់កូន (ទ្រុងកូនមាន់)
- ចាក់វ៉ាក់សាំងការពារជំងឺដង្កោរកាច់ និងអនុវត្តអនាម័យជានិច្ច
- មិនត្រូវឲ្យឈ្មួញដែលមកទិញមាន់ចូលក្នុងបរិវេណចិញ្ចឹមមាន់នោះទេ
- ផ្តល់ចំណីរោងចក្រសុទ្ធដល់កូនមាន់អាយុក្រោម ១ខែ និងផ្ទេរវាទៅទ្រុងមួយទៀតពេលវាមានអាយុលើសពី ១ខែ និងបន្តទុកនៅក្នុងទ្រុងនោះ ១ខែទៀតមុននឹងដាក់ចុះដី
- ពេលនៅក្នុងទ្រុងទី២ អ្នកមីងផ្តល់ចំណីរោងចក្រលាយចុងអង្ករ និងបន្លែតិចតូច
- ចំពោះមាន់ធំគាត់ផ្តល់ចំណីក្នុងស្រុកដូចជា កន្ទក់ ត្រកួន ដើមចេក ស្រូវត្រាំឲ្យដុះពន្លកជាដើម រួមផ្សំនឹងចំណីរោងចក្រខ្លះៗ។ គាត់ថា ជាធម្មតាគាត់លាយកន្ទក់២ចាន ត្រកួនហាន់ (ឬកំទេចបន្លែ) ៣ចាន ស្រូវត្រាំដុះពន្លក១ចាន និងបន្ថែមចំណីរោងចក្រប្រមាណជា ២-៣កំប៉ុង សម្រាប់ឲ្យមាន់ជំទង់របស់គាត់ប្រមាណជា ៧០ក្បាលស៊ីក្នុង ១ថ្ងៃ។
ចំណីលាយរួចសម្រាប់មាន់សាច់
ត្រកួនហាន់ដែលជាវត្ថុធាតុដើមសម្រាប់ផ្សំចំណីមាន់
ស្រូវត្រាំដុះពន្លកសម្រាប់ផ្សំចំណីមាន់
- ការរៀបចំទ្រុងមាន់របស់អ្នកមីង អេង ផូ ដែលមាន៖
- របងជីវសុវត្ថិភាពដែលធ្វើពីធាងត្នោត និងស្បៃចាស់ៗ
- ទ្រុងសម្រាប់ដាក់កូនមាន់តាមអាយុ
- ស្នូកចំណីធ្វើពីឫស្សី និងស្នូកទឹកទិញពីផ្សារ។
ការផ្តល់ចំណីមាន់សាច់
ការថែទាំកូនមាន់
ដោយអនុវត្តតាមបច្ចេកទេសបែបនេះហើយ អ្នកមីង អេង ផូ មានចំនួនមាន់កើនឡើងលឿន ដោយចាប់ផ្តើមពីមេមាន់ចំនួន ៨ក្បាល និងបាមាន់១ ហើយឥឡូវគាត់មានមាន់មេ ១៥ក្បាល បា២ កូនមាន់ និងមាន់សាច់ប្រមាណជា ១៥០ក្បាល ព្រមទាំងមានមាន់លក់ជារៀងរាល់ខែ ដែលជាមធ្យមបានពី ៤០-៦០ម៉ឺនរៀល។ បើគិតទាំងសម្ភារៈទិញ និងមានស្រាប់ដូចជា ពូជមាន់ ទ្រុងមាន់ របងជីវសុវត្ថិភាព ស្នូកទឹក ស្នូកចំណី និងសម្ភារៈផ្សេងៗទៀតជាសាច់ប្រាក់សរុប គឺគាត់ចំណាយអស់ប្រមាណជា ៦០ម៉ឺនរៀលនៅពេលដំបូង។ ឯការចំណាយ៣ខែដំបូង មុនពេលមានមាន់លក់ទៅលើចំណីការការពារ និងព្យាបាលជំងឺអស់ប្រមាណជា ៦០ម៉ឺនរៀលទៀត។ តែទុនវិនិយោគទាំងនេះនឹងកាន់តែអស់តិច ប្រសិនបើយើងមានពូជមាន់ សម្ភារៈ និងចេះកែច្នៃប្រភពចំណីមួយចំនួន ដោយមិនបាច់ទិញពីខាងក្រៅ ជាក់ស្តែងអ្នកមីង អេង ផូ ចំណាយត្រឹមតែ ១៩ម៉ឺនរៀលប៉ុណ្ណោះពេលដំបូងទី ឯចំណាយលើការទិញចំណីអស់តិចដែរដោយគាត់មិនចាំបាច់ទិញស្រូវ ត្រកួន និងកន្ទក់។ ៣ខែក្រោយ ដោយទូទាត់ការចំណាយប្រចាំខែលើចំណីការពារ និងព្យាបាលជំងឺមានប្រមាណ ២២ម៉ឺនរៀលក្នុង១ខែ គាត់ទទួលបានប្រាក់ចំណេញសុទ្ធពីការលក់មាន់ប្រមាណជា ២៨ម៉ឺនរៀលក្នុង១ខែ។ ដូច្នេះក្នុងរយៈពេល ៦-៧ខែក្រោយពីការចិញ្ចឹម គាត់អាចទូទាត់រាល់ការចំណាយទាំងអស់សម្រាប់៣ខែដំបូង និងថែមទាំងសល់ពូជមាន់ និងសម្ភារៈសម្រាប់បន្តផលិតកម្មទៀតផង។
ដូចគ្នាដែរ ចំពោះការដាំបន្លែ និងចិញ្ចឹមត្រីរបស់អ្នកមីង ក៏មានការកែលម្អគួរជាទីកត់សម្គាល់ផងដែរ។ គួររំលឹកផងដែរថា លាមកមាន់ដែលអ្នកមីងប្រមូលពីកន្លែងចិញ្ចឹមមាន់ត្រូវយកទៅធ្វើជាជីកំប៉ុស្តសម្រាប់ដាក់ដំណាំក្នុងសួនរបស់គាត់។ ឯកាកសំណល់ ឬកំទេចបន្លែត្រូវបានយកមកធ្វើជាចំណីមាន់ និងមួយចំនួនធ្វើជាចំណីត្រី។ ស្រះទឹកដែលចិញ្ចឹមត្រីត្រូវបានប្រើប្រាស់ជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំនៅរដូវប្រាំង ឯភក់បាតស្រះត្រូវបានយកមកប្រើដើម្បីកែលម្អដីដាំបន្លែ។ លទ្ធផលដែលទទួលបានពីប្រព័ន្ធផលិតកម្មនេះ ត្រូវបានទទួលស្គាល់ដោយអង្គការ Dan Church Aid (DCA) ថា ជាគម្រោងដែលមានគោលការណ៍ល្អសម្រាប់កសិករប្រកបកសិកម្មជាលក្ខណៈគ្រួសារ និងអាចឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ គំនូសបំព្រួញខាងក្រោមនឹងបង្ហាញពីប្រព័ន្ធផលិតកម្មកសិកម្មចម្រុះនេះ។
រូបភាពប្រព័ន្ធកសិកម្មចម្រុះ (Kao Lyann អង្គការ DCA)
សួនបន្លែ
ស្រះចិញ្ចឹមត្រីប្រា ទីឡាបយ៉ា និងកាប
អ្នកមីងបានបន្ថែមទៀតថា បន្លែ និងត្រីមិនសូវជាបានលក់ទេ តែបានសម្រាប់ហូបចុកក្នុងគ្រួសារ ដោយមិនចាំបាច់ទិញពីគេនោះទេ។ គាត់បានបន្តទៀតថា ក្នុងមួយឆ្នាំៗ គាត់មិនសូវជាទិញបន្លែពីផ្សារនោះទេ គឺទិញពេលមានរវល់ពិធីផ្សេងៗ និងពេលចង់ទទួលទានបន្លែណាដែលមិនមានដាំតែ៤-៥ដងប៉ុណ្ណោះក្នុង១ឆ្នាំ។ ជាមធ្យម គាត់អាចលក់បន្លែបានពី ២០ម៉ឺន ទៅ ៣០ម៉ឺនរៀលក្នុង១ឆ្នាំ និងលក់ត្រីពេលបូមស្រះបានប្រមាណ ២៥ម៉ឺនរៀល។ អ្នកមីងបានយកប្រាក់ដែលទទួលបានពីមុខរបរទាំងនេះទៅជួសជុលផ្ទះ ទិញរបស់របរមួយចំនួន ចំណាយសម្រាប់ការរៀនសូត្ររបស់កូន និងថ្នាំសង្កូវចាំបាច់មួយចំនួន៕
លោក អេង សៅឡេង
អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យគ្មានព្រំដែន (AVSF)