Home / ទេសចរណ៍ / ប្រជាពលរដ្ឋខ្មែរ គួរស្វែងយល់ ថ្ងៃមាឃបូជា

ប្រជាពលរដ្ឋខ្មែរ គួរស្វែងយល់ ថ្ងៃមាឃបូជា

ថ្ងៃ១៥ កើតពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺជា ថ្ងៃមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀត​ដែរ រួមមាន៖  មាឃបូជា, ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងនៅក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយ​ពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំង​អស់​។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មា​សម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាស​នា។ គោលការណ៍ទាំងនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ”។ បាដិមោក្ខ ជាឈ្មោះ​បាលី​ពុទ្ធប្បញ្ញត្តិ​ដែល​ជា​សិក្ខាបទ​មួយ​ៗ សម្រាប់​ឲ្យ​ភិក្ខុ​សូត្រ​ក្នុង​ទី​ប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ។ ឧទាហរណ៍ រៀន​បាដិ​មោក្ខ​, សម្ដែង​បាតិមោក្ខជាដើម  ដែលពុទ្ធសាស​និកជនម្មាក់ៗ ត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្ត។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខដល់មហាសង្ឃសន្និបាតក្នុង​វត្តវេឡុ​វ័ន ដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា ក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់ ៤យ៉ាង កើតឡើងគឺ៖

១-ព្រះសង្ឃសមណៈទូត ១.២៥០អង្គ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗ ដើម្បីផ្សព្វផ្សាយគោលធម៌ បានវិលត្រឡប់មកចូលគាល់ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា  (សព្វេ ខីណាសវា)

២-ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួសឲ្យដោយផ្ទាល់ដែលហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា)

៣-ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន, ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័នដោយមិនបានណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា)

៤-ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាត គឺកិច្ចប្រជុំប្រកប​ដោយអង្គ ៤។

ចតុរង្គសន្និបាតនេះ ប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជា ម្ចាស់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស. ៤៥ឆ្នាំ។

មូលហេតុសំខាន់ដែលព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ពីព្រោះជាថ្ងៃពេញបូណ៌មី ខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រី របស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍តែងប្រារព្ធពិធីលាងជម្រះបាបបូជា ព្រះសិវៈ ព្រោះហេតុនោះ ព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ព្រះបរម សាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញពីល្អាងសុករខាតា មកគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១.២៥០អង្គនោះទេ ប៉ុន្តែធ្វើដំណើរ​ទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយ​ៗ​ធ្វើដំណើរទៅវត្តវេឡុវ័នដោយមិនបានណាត់ទុកជាមុន ដូចជាណាត់តាមទូរស័ព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ ។

ព្រះសង្ឃទាំង ១.២៥០អង្គនោះ គឺចេញមកពីប្រភព៖

-សិស្សគណ របស់ព្រះឧរុវេលកស្សបៈចំនួន ៥០០អង្គ

-សិស្សគណ របស់ព្រះនទីកស្សបៈចំនួន ៣០០អង្គ

-សិស្សគណ របស់ព្រះគយាកស្សបៈចំនួន ២០០អង្គ

-សិស្សគណ របស់ព្រះសារីបុត្រ និងព្រះមោគ្គល្លានចំនួន ២៥០អង្គ។

សរុបព្រះសង្ឃទាំងអស់ ១.២៥០អង្គ ដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ, ព្រះនទីកស្សបៈ, ព្រះ  គយាកស្សបៈ, ព្រះសារីបុត្រ និងព្រះមោគ្គល្លាននោះទេ បើរាប់បញ្ចូល ៥អង្គនេះទៀត បានជា ១.២៥៥អង្គ។

ព្រោះតែអច្ឆរិយហេតុកើតឡើងដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀត    ឱកាសនោះសម្តែង ឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១.២៥០អង្គនោះ ដោយទ្រង់កំណត់ គោលនយោបាយក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា ៥ចំណុច គឺ៖

-ឧត្តមគតិ បានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យទានផ្នែកនយោ​បាយ)។

-គោលបំណង បានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សាធារណៈប្រយោជន៍)។

-វិធីបដិបត្តិ បានដល់ មិនរំលោភសិទ្ធិមនុស្ស និងសត្វ (សិទ្ធិមនុស្ស)។

-គោលការណ៍ មាន ៣ចំណុច គឺ៖

  • មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ)
  • ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)
  • ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)។

-វិធីសាស្ត្រ  មាន ៦ចំណុច គឺ៖

  • មិនបរិហារកេរ្តិ៍បុគ្គលណា (វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)
  • មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)
  • គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)
  • ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)
  • អង្គុយ ឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)
  • ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។

ទាំង ៥ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។ ថ្ងៃមាឃបូជា ចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។

តើប្រារព្ធពិធីមាឃបូជា បានប្រយោជន៍អ្វីខ្លះ? ប្រយោជន៍នៃថ្ងៃមាឃបូជា គឺ៖

ពុទ្ធសាសនិកជន បានយល់ដឹងយ៉ាងត្រឹមត្រូវដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ

យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា

បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់

បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជនក្នុងថ្ងៃមាឃបូជានេះ

បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។

ថ្ងៃមាឃបូជា ចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជនឲ្យឃើញថា បុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬអសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យសកម្មឡើង ការធ្វើដំណើរទៅកាន់វត្ត ឬមណ្ឌលពុទ្ធសាសនា មិនមែនជាការ​ងារធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយគុណភាពជីវិតផ្នែកចិត្តវិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើងតាម​គោលការណ៍ចំណុចទី២ ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺ បណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង។

សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះ​អង្គ បានបង្កើតព្រះពុទ្ធសាសនាសំរាប់ ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីផ្សំថ្នាំពីរុក្ខជាតិសម្លាប់សត្វល្អិតលើដំណាំ (កសិករ អ៊ិន ឡាង)

អ្នកមីង អ៊ិន ឡាង ជាកសិកររស់នៅភូមិទួលខ្ពស់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីជួបប្រទះនូវសត្វល្អិតបំផ្លាញដំណាំជាច្រើនលើកមក គាត់មានបទពិសោធន៍ផ្សំថ្នាំពីរុក្ខជាតិ ដើម្បីកំចាត់សត្វល្អិតដែលបំផ្លាញលើដំណាំផ្ទី ស្ពៃ ត្រកួន និងអាចជួយឲ្យដំណាំលូតលាស់បានល្អ  ផង។ ធាតុផ្សំ …

Leave a Reply

Your email address will not be published. Required fields are marked *