Home / កសិកម្ម / បទពិសោធន៍ដាំដំណាំសណ្តែកកួរ

បទពិសោធន៍ដាំដំណាំសណ្តែកកួរ

ប្អូនប្រុស តែង កុយ មានអាយុ​​ ២៥ឆ្នាំ​ ជាកសិកររស់នៅភូមិត្រងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំសណ្តែកកួរទទួលបានផលច្រើន និងចំណាយថវិកាតិចតួច។ ចំពោះបទពិសោធន៍នៃការដាំដុះមានបង្ហាញជូនដូចខាងក្រោម៖

១. ការរៀបចំដីនិងការលើករង

គាត់បានដាំសណ្តែកនៅលើដី ដែលមានទំហំ ២១ម៉ែត្រការ៉េ។ ​មុនដាំគាត់បានភ្ជួរដីហាលរយៈពេល ៧​ ទៅ ១០ថ្ងៃ បន្ទាប់មកគាត់បានរាស់យកស្មៅចេញ ហើយលើកជារង ដោយរងនីមួយៗមានទទឹង​ ១ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងចន្លោះពីរងមួយទៅរងមួយមានប្រវែង ៣​តឹក។ នៅលើរង គាត់បានយកជីកំប៉ុស្តពុកផុយមកជ្រុំដាក់ក្នុងបរិមាណ​មួយអំរែកក្នុងមួយរង ដោយច្របល់បញ្ចូលគ្នាឲ្យសព្វនៅលើរងនិមួយៗ។ គាត់ដាំ២ជួរ​ដែលចន្លោះពីជួរមួយទៅមួយ​​ ៧,៥ តឹក។

                                                                                                                             ទិដ្ឋភាពកូនដំណាំសណ្ដែកកួរក្នុងចំការ

២. របៀបដាំ

កូនដំ​ណាំសណ្តែកកំពុងលូតលាស់

គាត់បានយកអង្រែបុកដាំជំរៅពីរថ្នាំងដៃរួចដាក់ជីកំប៉ុស្តមួយក្តាប់ បន្ទាប់មកយកគ្រាប់     សណ្តែក​ទៅដាក់ដាំ​២គ្រាប់​​ក្នុងមួយរណ្តៅទើបលុបដីសើៗពីលើគ្រាប់​ (ចន្លោះពីរណ្តៅមួយទៅមួយ៣តឹក)។

៣. ការថែទាំ

  • នៅពេលសណ្តែកដុះបានស្លឹក​២គាត់​បំបែកកូនទុកតែ១ដើមក្នុងមួយរណ្តៅ។ បន្ទាប់ពីដាំហើយ គាត់​បានយកចំបើងមកគ្របពីលើ
  • រងហើយស្រោចទឹកឲ្យជោគ។ ការគ្របរងនេះគឺដើម្បី​រក្សាសំណើម ក៏ដូច
  • ការពារកុំឲ្យដីខ្ទាតត្រូវស្លឹកនៅពេលមានភ្លៀង និង អាចការពារដីមិនឲ្យ​ហាប់ទៀតផង។ នៅពេលសណ្តែកអាយុបាន ១៥ ទៅ ​២០​ថ្ងៃ ​ឬសណ្តែកលាស់បានសន្លឹក ៤ទៅ ៥​សន្លឹក គាត់ររៀបចំដោតទ្រើង ដែលមានកំពស់ ២,៥ ទៅ ៣ម៉ែត្រ ឲ្យសណ្តែកវារឡើងទ្រើង​។
              ទិដ្ឋភាពដំណាំសណ្ដែកកួរនៅក្នុងចំការ
  • ក្រោយពីដាំហើយ គាត់បានស្រោចទឹក ១ថ្ងៃ២ដង (ពេលអត់ភ្លៀង) គាត់ស្រោចទឹកទៀងទាត់នៅពេលសណ្តែកកំពុងចេញផ្កា​និងចេញផ្លែ ព្រោះបើទឹកមិនគ្រប់គ្រាន់ធ្វើឲ្យសណ្តែកកួរអាចជ្រុះផ្កា និងជ្រុះផ្លែ
  • ពេលសណ្តែកអាយុបានពី១៥ទៅ២០ថ្ងៃ គាត់ប្រើជីកំប៉ុស្តពុកផុយទៅលាយជាមួយទឹកស្រោច​ទៅលើសណ្តែកនៅរាល់ពេលមួយសប្តាហ៍ម្តង​ហើយបន្តប្រើរហូតដល់សណ្តែកប្រមូលផល
  • ពិនិត្យមើលជាប្រចាំបើមានសណ្តែកណាបោះទងផុតពីទ្រើង ត្រូវកាត់ចេញ និងត្រូវបេះស្លឹកចាស់ៗចោលខ្លះ។

៤. ការប្រមូលផល

កសិករកំពុងប្រមូលផលសណ្តែក

ក្រោយពីដាំសណ្តែកកួរបានអាយុ ៥៥​​ទៅ​ ៧៥ថ្ងៃ គាត់ចាប់ផ្តើមប្រមូលផល។ ការប្រមូលផលលើកទី១ គាត់ប្រមូលបានប្រមាណ ១០​ ទៅ​ ២០គីឡូក្រាម។ ​ការប្រមូលផលលើកទី២ និងទី៣​ធ្វើឡើងរាល់ ២ទៅ ៤ថ្ងៃម្តង។ បន្ទាប់ពីការប្រមូលផលលើកទី២ គាត់បានដាក់ជី និងស្រោចទឹកគ្របគល់​ដើម្បីអោយសណ្តែកផ្លែបន្តរហូតដល់ការប្រមូលផលចប់ (ពីដាំរហូតដល់អស់ផ្លែ គាត់បេះសណ្តែកបានចំនួន ១៨សា)។សរុបទិន្នផលទាំង១៨សា បានប្រមាណ​ ៥០គីឡូ​ក្រាម (១៦រង)​ ដោយ ១ គីឡូ​ក្រាម​លក់បានតំលៃ​ ២.០០០រៀល ​(លក់រាយនៅផ្ទះផង​ និងយកទៅលក់នៅផ្សារផង)។

 

៥. ការរក្សាទុកពូជ

ដើម្បីឲ្យផ្លែដុះលូតលាស់បានល្អ កួរវែង ថ្លោស​ ពណ៌ល្អ ​(មិនមានសត្វល្អិតទិចសំបក) គាត់បានជ្រើសរើសសណ្តែកសំរាប់ទុកធ្វើពូជពេលផ្លែសាទី២​។​ ចំពោះផ្លែដែលរក្សាទុកពូជ គឺមិនរក្សាទុកឲ្យទុំរហូតដល់ស្ងួតនោះទេ គឺនៅពេលផ្លែចាស់គាត់បេះយកទៅហាលថ្ងៃឲ្យស្ងួត រួចយកទៅច្រក​ក្នុង​ដបដោយមានដាក់ធ្យូង និងស្លឹកគ្រៃហាលស្ងួតចូលទៅក្នុងកែវ។​ ​ការធ្វើបែប​នេះដើម្បីការពារ​សត្វ​ល្អិត​ និងកាត់បន្ថយសំណើមរបស់គ្រាប់ពូជ។

សរុបមកចំនុចសំខាន់ៗក្នុងការដាំសណ្តែកគួរមាន៖

  • ភ្ជួរដីហាលដើម្បីឲ្យដីស្រស់ទឹកល្អនិងសម្លាប់មេរោគនៅក្នុងដីលើករងនិងដាំពីរជួរនៅលើរងដោយចន្លោះពីជួរមួយទៅមួយ ៧,៥ តឹក
  • ប្រើចំបើង ឬស្លឹកឈើដើម្បីគ្របរងការពារកំដៅថ្ងៃខ្លាំង
  • ថែទាំ ស្រោចទឹក ជ្រុំគល់ ដាក់ជី និងដោតទ្រើងឲ្យសណ្តែកវារឡើងនិងបេះស្លឹកចាស់ៗចោលខ្លះ
  • ពេលមានការបំផ្លាញពីដង្កូវគាត់ចាប់ដោយដៃបេះចោល
  • បន្តថែទាំស្រោចទឹកដាក់ជី និងគ្របគល់ក្រោយពីប្រមូលផលលើកទី១
  • ប្រើប្រាស់ជីកំប៉ុស្តពុកផុយល្អ
  • ទុកតែ ១ដើមក្នុងមួយគុម្ព ៕

ត្រើយ​  សុខន

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។