Home / កសិកម្ម / បទពិសោធន៍ដាំត្របែក

បទពិសោធន៍ដាំត្របែក

លោក សុខ បុត្រា ជាកសិកររស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អ ក្នុងការដាំដំណាំត្របែកឲ្យមានផ្លែច្រើន និងផ្លែធំ ដោយវិធីកាត់មែកចេញ។ បចេ្ចកទេសនេះ គឺគាត់ចេះពីកសិករដែលដាំត្របែកនៅក្នុងស្រុកអន្លង់ចិន ខេត្តកណ្តាល។ រហូតមកដល់បច្ចុប្បន្នដើមត្របែកដែលគាត់បានដាំមានចំនួន ៧០ដើម។ បចេ្ចកទេសនេះ គាត់បានអនុវត្តអស់រយៈពេល ៣ឆ្នាំកន្លងមកហើយ។ចំពោះបចេ្ចកទេសដែលគាត់បានអនុវត្តមានបង្ហាញជូនដូចខាងក្រោម៖

១.ការត្រៀមពូជដាំ និងការផ្សាំកូនត្របែក

  • ក្នុងការត្រៀមពូជដាំ គាត់បានជ្រើសរើសផ្លែត្របែកដែលមានរាងមូល និងជាពូជ​ដែល​ផ្តល់​ទិន្នផលខ្ពស់
  • យកផ្លែត្របែកទុំល្អទៅចិតសំបកចេញទុកតែគ្រាប់នៅជាប់សាច់ រួចច្រកចូលទៅក្នុងថង់ប្លាស្ទីកហើយរក្សាទុករយៈពេល ២៤ម៉ោង ទៅ ៣៦ម៉ោងដើម្បី​ឲ្យ​ឆាប់​រលួយសាច់ផ្លែ ទើបយកទៅច្របាច់លាងទឹកឲ្យស្អាតនៅសល់តែគ្រា​ប់ ​រួចយក​គ្រាប់​ទៅ​ហាល​ថ្ងៃឲ្យស្ងួត
  • រៀបចំដីសំរាប់បណ្តុះគ្រាប់ ដោយប្រើលាមកសត្វពុកផុយ ផេះអង្កាម ច្របល់លាយចូលគ្នាឲ្យសព្វដាក់នៅលើរាន
  • យកគ្រាប់ត្របែកទៅរោយនៅលើរាន ដោយលៃយ៉ាងណាកុំឲ្យគ្រាប់ក្រាស់ពេក រួចយកជីលាមកសត្វទៅរោយពីលើគ្រាប់ស្តើងៗបន្ទាប់មកយកកំទេចចំបើងទៅរោយពីលើបន្ថែមទៀត
  • ក្រោយពីបណ្តុះគ្រាប់រួច គាត់ឧស្សាហ៍ស្រោចទឹកឲ្យជោគ ដោយស្រោចពីរដងក្នុងមួយថ្ងៃ។ក្រោយពេលគ្រាប់ត្របែកដុះបាន ៣០​ថ្ងៃ មានកំពស់ ១តឹក អាចយកទៅផ្សាំនៅក្នុងថង់មួយសាទៀត។
  • ការរៀបចំដីដាក់នៅក្នុងថង់ : យកដី ដែលមានជីជាតិទៅលាយជាមួយផេះអង្កាម រួចច្របល់ចូលគ្នាឲ្យសព្វរក្សាទុកសំរាប់ដាក់នៅក្នុងថង់។
  • ការយកកូនត្របែកមកផ្សាំ : កូនត្របែកដែលយកទៅផ្សាំក្នុងថង់ត្រូវកាត់ចុង និងកាត់ឫសចោលប្រវែងមួយថ្នាំងដៃ។ ទីតាំងសំរាប់រៀបចំផ្សាំត្រូវធ្វើនៅក្រោមម្លប់ឈើ ដើម្បីការពារកំដៅថ្ងៃកុំឲ្យកូនត្របែកអន់ដើម។​ គាត់បានស្រោចទឹកទៅលើកូនត្របែកផ្សាំមួយថ្ងៃ ៣ដង រហូតដល់ត្របែកលាស់ត្រួយទើបស្រោចទឹកមួយថ្ងៃ​ ២ដងវិញ។ គាត់អាចយកកូនត្របែកទៅដាំបាននៅពេលដុះបានកំពស់ ៣តឹក ទៅ៣,៥តឹក។

២.ការរៀបចំរណ្តៅដាំ

ដើម្បីដាំត្របែកឲ្យបានផលល្អ គាត់បានជ្រើសរើសដីដែលមិនជាំទឹក ​ ព្រោះត្របែកមិនធន់នឹងដីជាំទឹកទេ។ មុននឹងដាំគាត់ភ្ជួរដី ២ដង និងហាលដីចោលរយៈពេល ៧ថ្ងៃ ទើបជីករណ្តៅដាំ។ រណ្តៅដាំត្របែកមានទំហំ ៥ តឹកបួនជ្រុង និងជំរៅ ៥តឹក។ នៅក្នុងរណ្តៅគាត់បានប្រមូលប្រភេទជីដូចជា លាមកសត្វពុកផុយនិងជីកំប៉ុស្តទៅដាក់ក្នុងរណ្តៅ ​ដោយ១រណ្តៅប្រមាណ ១០គីឡូក្រាម ហើយយកដីទៅលុបពីលើ ទើបយកកូនត្របែកដាក់ដាំក្នុងរណ្តៅ។

៣.ការថែទាំ

  • ដើម្បីឲ្យត្របែកដុះលូតលាស់បានល្អ គាត់ស្រោចទឹករាល់ពីរថ្ងៃម្តង និងឧស្សាហ៍ក្តិចត្រួយ។ នៅពេលត្របែកអាយុ បាន ២ឆ្នាំ ត្រូវកាត់មែកចោលដោយប្រើកាំបិតសំរាប់កាត់មែកឈើ។ ចំងាយដែលត្រូវកាត់ប្រមាណជា ២តឹក ធ្វើបែបនេះត្របែកនឹងដុះមែកថ្មី ចេញផ្លែច្រើន និងបែកមែកបានល្អទៀតផង។
  • ពេលវេលាកាត់មែកត្របែកដែលល្អ គឺនៅក្រោយពេលប្រមូលផលអស់នៅកំឡុងខែមេសាមុនពេលចាប់ចេញផ្កា។បន្ទាប់ពីកាត់មែករួច ត្រូវបេះស្លឹកចាស់ៗចោលឲ្យអស់ ហើយយកទៅកប់ចោលនៅក្នុងដីឬដុតចោល ព្រោះស្លឹកត្របែកចាស់ៗនេះច្រើនកើតចៃ (កន្រ្តាំងស)។ នៅពេលត្របែកដុះស្លឹកថ្មី គាត់យកជីលាមកសត្វដាក់បំប៉នបន្ថែម។ ប៉ុន្តែការដាក់ជី​ ត្រូវនៅឆ្ងាយពីគល់ប្រមាណជា ០,៥ ម៉ែត្រ។

៤.ការប្រមូលផល

ត្របែកអាចទទួលផលបានតាំងពីអាយុបានមួយឆ្នាំ ប៉ុន្តែមិនបានច្រើនទេ។ នៅឆ្នាំទី២ ក្នុងដើម

ត្របែកប្រមាណជា ៧០ដើម គាត់អាចបេះផ្លែបានរហូតដល់ ៦០០គីឡូក្រាម​ និងលក់បានប្រមាណជា៦០ម៉ឺនរៀលក្នុងមួយឆ្នាំ ដោយមិនគិតពីការបរិភោគនៅក្នុងគ្រួសារទេ។

៥.ចំណាប់អារម្មណ៍

លោកពូមានចំណាប់អារម្មណ៍ថា តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំមកនេះឃើញថា គាត់ទទួលបានផលច្រើនជាងមុន។ ព្រោះគាត់សង្កេតឃើញថា ពេលមិនទាន់កាត់មែក ត្របែកអាចទទួលផលបានតែ ២០០ ទៅ ៣០០គីឡូក្រាម តែប៉ុណ្ណោះ។ តែក្រោយពីកាត់ដើមរួចឃើញថា ត្របែកគាត់អាចកើនទិន្នផលបានរហូតដល់ ៦០០គីឡូក្រាម និងផ្លែមានទំហំធំជាងមុន។ ដូចនេះ បើបងប្អូនមានចំណាប់អារម្មណ៍អាចធ្វើការសាកល្បងតាមបច្ចេកទេសខាងលើ។

សរុបមក បចេ្ចកទេសសំខាន់ៗក្នុងការដាំត្របែកមានដូចខាងក្រោម៖

  • ជ្រើសរើសទីកន្លែងដាំលើដីដែលមិនជាំទឹក
  • ភ្ជួររាស់ដី និងកាប់រណ្តៅដាំទំហំ ៤​តឹក​ ៤ជ្រុង និងជំរៅ ៥តឹក
  • ដាក់ជីលាមកសត្វពុកផុយ និងកំប៉ុស្តនៅបាតរណ្តៅ
  • សាបគ្រាប់ត្របែកនៅលើរានឲ្យដុះកំពស់ ១តឹក ទើបយកទៅផ្សាំនៅក្នុងថង់
  • រៀបចំដីដោយលាយផេះអង្កាមជាមួយដីមានជីជាតិសំរាប់ផ្សាំកូន
  • ផ្សាំកូនត្របែករហូតដល់កំពស់ ៣,៥តឹក ទើបយកទៅដាក់ដាំនៅក្នុងរណ្តៅ
  • ថែទាំស្រោចទឹក និងឧស្សាហ៍ក្តិចត្រួយ ហើយនៅពេលត្របែកអាយុ ២ឆ្នាំ ត្រូវកាត់មែកចាស់ៗចោលខ្លះ ដើម្បីឲ្យត្របែកដុះមែកថ្មី និងចេញផ្លែច្រើន៕

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។