Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹម និងថែទាំកូនមាន់ (កសិករ ប៉ុញ កាង)

បទពិសោធន៍ចិញ្ចឹម និងថែទាំកូនមាន់ (កសិករ ប៉ុញ កាង)

លោកពូ ប៉ុញ កាង ជាកសិកររស់នៅភូមិព្រីង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សព្វថ្ងៃ គាត់ទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ។ ជោគជ័យទាំងនោះបានមកដោយសារគាត់មានគំនិតច្នៃប្រឌិតខ្ពស់គួបផ្សំនិងបច្ចេកទេសដែលគាត់ទទួលបានពីអង្គការសេដាក និងអានទស្ស​នាវដ្តីកសិករ​។កន្លងមកក្នុងការចិញ្ចឹមមាន់ គាត់តែងតែជ្រើសរើសពូជមាន់ល្អមកចិញ្ចឹម ធ្វើរបងព័ទ្ធទីធ្លា ការធ្វើទ្រុងសំរាប់មាន់ដេក និងក្រាបពង។ល។ បច្ចេកទេសនេះគាត់បានអនុវត្តដូចកសិករផ្សេងៗទៀតដែលបានចុះផ្សាយក្នុង    ទស្សនាវដ្តីលេខមុនៗដែរ។ ប៉ុន្តែអ្វីដែលគាត់បានយកចិត្តទុកដាក់ខ្លាំងជាងគេក្នុងបច្ចេកទេសនេះគឺ ការថែរក្សាកូនមាន់ឲ្យមានសុខភាពល្អ

ដូច្នេះនៅពេលនេះ យើងសូមលើកយកពីបច្ចេកទេសចិញ្ចឹម និងថែទាំកូនមាន់មកបង្ហាញ ជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។

១. ការផ្តល់ចំណី និងទឹក

នៅពេលមាន់ញាស់បាន១ថ្ងៃ គាត់ផ្តល់ទឹកស្ករត្នោតឲ្យផឹករយៈពេល១-២ថ្ងៃ។ លុះមាន់អាយុបាន២ថ្ងៃ​ ត្រាំចុងអង្ករឲ្យរីក ស្លឹកគ្រៃ និងខ្ទឹមស បុកលាយចូលគ្នា ដាក់ឲ្យស៊ីក្នុងបរិមាណ១ស្លាបព្រាបាយ សំរាប់កូនមាន់ ១០ ក្បាល។ រយៈពេល២-៣ថ្ងៃបន្ទាប់បង្កើនបរិមាណល្បាយចុងអង្ករនោះ២ស្លាបព្រា ឲ្យស៊ីរយៈពេល២-៣ថ្ងៃបន្ថែមទៀត។ លុះដល់កូនមាន់រាងធំបន្តិចផ្តល់ចំណីមាន់មាន ល្ង ចុងអង្ករ។

នៅពេលមាន់ជំទង់ គាត់ផ្តល់ចំណីមានអង្ករ (ស្រូវយកទៅត្រាំទឹក)បន្លែត្រកួន។ ចំណីដែលដាក់ឲ្យមាន់ស៊ីនោះមានលាយថ្នាំប៉ូវ ដើម្បីឲ្យមាន់ឆាប់ធំ។ ​ថ្នាំប៉ូវទាំងនោះ ផ្សំឡើងដោយ៖

  • ធាតុផ្សំ. ស្ករ១គីឡូក្រាម ត្រី១គីឡូក្រាម។
  • របៀបផ្សំ. យកធាតុផ្សំទាំង២ ច្របល់បញ្ចូលគ្នាឲ្យសព្វ រួចដាក់ចូលក្នុងកែវគ្របឲ្យជិត​ផ្អាប់ទុករយៈពេល​១៥ថ្ងៃ ទើបយកទៅលាយជាមួចំណី។
  • របៀបលាយចំណី. យកទឹកថ្នាំ១ស្លាបព្រា លាយទឹកកន្លះលីត្រ ច្របល់ជាមួយចំណី។

ចំណីខាងលើ ជួនកាលគាត់លាយជាមួយកំពឹស ត្រីចង្វារ ផងដែរ។ តាមបទពិសោធន៍កន្លងមក នៅពេលមាន់ជំទង់ គាត់ផ្តល់អង្ករ ស្រូវ ឲ្យស៊ីច្រើនជាងបន្លែ ដើម្បីឲ្យមាន់ឆាប់ធំ និងមានទំងន់។

ចំពោះការផ្តល់ទឹកដល់មាន់ គាត់បានយករុក្ខជាតិដូចជា ស្លឹកគ្រៃ សំបកគ សំបកស្តៅ ទៅត្រាំក្នុងទឹក ឬស្ងោរ។ ប៉ុន្តែទឹកថ្នាំនោះ អាចរក្សាទុកត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ទឹកដាក់ឲ្យមាន់ផឹកត្រូវផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យឆ្លងមេរោគ។

២. ការថែទាំ

ក្នុងការថែទាំ គាត់ឧស្សាហ៍ទំលាក់ព្រូនមាន់ ដោយប្រើសាច់ស្លាខ្ចី កាត់ជា៤ចំណិត ឲ្យមាន់ស៊ីម្តង១ចំណិត។ ក្រៅពីនេះនៅមានការបោសសំអាតទ្រុងមាន់ និងទីធ្លាជាប្រចាំ ដើម្បីកុំឲ្យឆ្លងមេរោគ ព្រមទាំងនៅមានការតាមដានមួយចំនួនទៀតដូចជា៖

  • ពិនិត្យស្ថានភាពជុំវិញផ្ទះ និងនៅក្នុងភូមិក្បែរៗ ដើម្បីងាយស្រួលក្តាប់ពីសភាពការណ៍​នៃការផ្ទុះឡើងនៃជំងឺមាន់ ជាពិសេសជំងឺផ្តាសាយបក្សី។
  • ពិនិត្យមើលលាមកមាន់​ដើម្បីឲ្យដឹងថា មាន់មានសុខភាពល្អ ឬអន់ដោយសង្កេតថា បើលាមកមាន់ដូចអាចម៍លលកបានន័យថា ​មាន់មានសុខភាពល្អ តែបើលាមកមាន់ពណ៌សរាងជ្រាយ បានន័យថា មាន់មិនសូវមានសុខភាពល្អទេ ដូចនេះគាត់ត្រូវធ្វើការក្រុងកូនមាន់បំបែកចេញពីគ្នា ដើម្បីការពារឆ្លងរោគ។
  • ដុតបំពក់ភ្លើងរៀងរាល់យប់ ការពារកុំឲ្យមូសរំខានដល់ដំណេកមាន់​ ជាពិសេសនៅរដូវវស្សា។
  • ព្រលែងមាន់ពីទ្រុងរៀងរាល់ល្ងាចរយៈពេល១ម៉ោង ដើម្បីឲ្យវាដើរស៊ីចំណីដោយខ្លួនឯង។

៣. ចំណាប់អារម្មណ៍

តាមរយៈបទពិសោធន៍របស់គាត់កន្លងមក បានឲ្យដឹងថា ការយកចិត្តទុកដាក់ទៅលើការថែទាំកូនមាន់ ចាប់ពីញាស់មកនោះមានសារៈសំខាន់ណាស់ ព្រោះធ្វើឲ្យមាន់មានសុខភាពល្អ ឆាប់លូតលាស់ ហើយយើងក៏អាចទទួលផលបានខ្ពស់ទៀតផង។ ការចិញ្ចឹមសត្វមាន់អាចរកប្រាក់ចំណូលបានខ្ពស់ជាងការធ្វើស្រែចំការ ប្រសិនបើយើងចិញ្ចឹមវាបានល្អ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។