Home / ទេសចរណ៍ / រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម

រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម

បឹងយក្សឡោម គឺជាបឹងមួយស្ថិតនៅក្នុងសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ បឹងយក្ខឡោមមានផៃ្ទទឹកពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលបានកើតឡើងដោយ​សារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម្លេះ។ ទិដ្ឋភាពក្នុងបរិវេណបឹងយក្ខឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាក្នុងនោះមាន​ដើម​មាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវផងដែរ ដុះអមជុំវិញបឹងដែលជាម្លប់សម្រាប់កម្សាន្ត និងសម្រាកកកាយ។ បឹងយក្សឡោមមានរាងមូលដែលមានអង្កត់ផ្ចិតប្រវែង ៧៥០​ម៉ែត្រ ជម្រៅ ៤៨ម៉ែត្រ ដែលមានចំងាយប្រមាណ ៥គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។

ប្រវត្តិរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម​

អ្នក​ស្រាវ​ជ្រាវ​យល់​ថា ទី​បឹង​នេះ​ឯង ជា​រន្ធឬមាត់​ភ្នំ​ភ្លើង​កាល​ពី​សម័យ​បុរាណ ហើយ​ផុត​រលត់​ទៅ នៅ​សល់​តែ​ស្នាម​ដាន, ហេតុ​នេះ បាន​ជា​មាន​បឹង​នោះជ្រៅ​ដល់​ទៅ​ជម្រៅ ៧០-៨០ម៉ែត្រ ឯឯកសារខ្លះទៀតថាជម្រៅមាន​តែ៤៨ម៉ែត្រប៉ុណ្ណោះ ហើយ​មាន​រង្វះ​មាត់​មូល​ដូច​ថាសនិង​ព័ទ្ធ​ជុំ​វិញ​សុទ្ធ​តែ​ភ្នំ ហើយ​ដែល​សព្វ​ថ្ងៃទៅ​ជា​រមណីយដ្ឋាន​មួយ​យ៉ាង​ប្រសើរ សម្រាប់​អ្នក​ទៅ​ទស្សនា។

ចំពោះអ្នកភូមិរស់នៅតំបន់នោះ គឺជាជនជាតិដើមភាគតិច ហើយពួកគេបាននាំគ្នាសង់ផ្ទះតាមម្លប់ព្រៃនៃខ្ពង់រាបក្បែរៗមាត់បឹងនេះ ដោយជឿថា ទឹកបឹងនេះមានព្រលឹង វិញ្ញាណ ហើយពូកគេទាំងអស់គ្នាតែងតែគោរពបូជា និងធ្វើការបន់ស្រន់ ប្រាថ្នាសុំវត្តុសក្តិសិទ្ធិ ឲ្យជួយថែរក្សាទឹកដីបុព្វបុរសខ្លួនឲ្យនៅគង់​វង្សជានិច្ច។

រមណីយដ្ឋានបឹងយក្ខឡោម មានបន្ទប់ទឹកអនាម័យ តូបលក់នំចំណី ម្ហូបអាហារ វត្តុអនុស្សវរីយ៍ ជូនភ្ញៀវជាតិ និងអន្តរជាតិ។ ចំពោះឈ្មោះនៃរមណីយដ្ឋាននេះ ក៏មានភ្ញៀវទេសចរណ៍ជាច្រើនចង់ដឹងពីការដាក់ឈ្មោះឲ្យបឹងនេះថា «បឹងយក្ខឡោម» ផងដែរ។

រឿងព្រេង និងរឿងប្រជាប្រិយទាក់ទងនឹង បឹងយក្ខឡោម
១-តាំង​ពី​យូរ​លង់​មក​ហើយ មាន​ស្ដេច​ក្រុង​យក្ខ​មួយ មាន​ឫទ្ធិ​អំណាច​ខ្លាំង​ពូកែ​ណាស់ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រី​មួយស្អាត​លើស​ស្រី​នានា, ទាំង​សក់​ទាំង​រូប​កាយ​របស់​នាងតែង​មាន​ក្លិន​ក្រអូប​ជានិច្ច​រៀង​រាល់​ថ្ងៃ ទើប​យក្ស​ជា​បិតា​ឲ្យ​នាម​បុត្រី​នោះ​ថា «នាង​សក់​ក្រអូប»។ លុះ​ដល់​មាន​វ័យ​ជំទង់កាល​ណា ក៏​មាន​មនុស្ស​មួយ​រូបខ្លាំង​ពូកែ​ណាស់​ដែរ បាន​ចូល​ទៅ​លប​លួច​លួង​លោម​ស្នេហា​ជា​មួយ​នាង។ ទាំង​ពីរ​ប្រាណដោយ​ភ័យ​ខ្លាច​ស្ដេច​យក្ខ​ជា​បិតា​ដឹង ក៏​នាំ​គ្នា​រត់​មក​ក្នុង​ព្រៃ​មួយ។ ក្រោយ​មក ស្ដេច​ក្រុង​យក្ខ ដឹង​រឿង​រ៉ាវ​នេះ ក៏​ផ្អើល​ឆោឡោស្រែក​ឡូឡា កេណ្ឌ​ពល​យក្ខ​ជា​បរិវារហោះ​ហើរ​តាម​រក​កូន​សំឡាញ់​ខ្លួន ដល់​មក​ត្រង់​កន្លែង​ព្រៃ​ស្ដុក​នេះ ក៏​មាន​សេចក្ដី​សង្ស័យ​ថា ប្រហែល​ជា​បុត្រី​ខ្លួន​នៅ​ទី​នេះ ទើប​បញ្ជា​ឲ្យ​យក្ខ​ជា​កូន​ចៅ យាម​ល្បាត​ព័ទ្ធ​ព្រៃ​នោះ​យ៉ាង​មាំ ហើយ​ឲ្យ​យក្ខមួយក្រុម​ទៀតដក​ព្រៃ​ព្រឹក្សា​គ្រវែង​ចោល ហើយ​នាំ​គ្នា​ជីក​កកាយ​រក​នាង តែ​ទោះ​បី​ជីក​យ៉ាង​ណា​ក៏​រក​ពុំ​ឃើញ ទើប​ស្ដេច​ក្រុង​យក្ខនាំ​បរិវារ​ត្រឡប់​ទៅ​នគរ​ដើម​វិញ។
អាស្រ័យ​ហេតុ​ពួក​យក្ខ កកាយ​រក​នាង​សក់​ក្រអូប​នេះ ទើប​មាន​នៅ​សល់​ជា​ស្រះ​មួយ​នៅ​រតន​គិរី ហៅថា  «ស្រះ​យក្ខ​ឡោម» រហូត​ដល់​សព្វ​ថ្ងៃ ដែលបច្ចុប្បន្នគេនិយមហៅថា «បឹងយក្ខឡោម»។​

២-មានរឿងព្រេងមួយទៀតបាននិទាន​ថា មាន​មេទ័ព​យក្ស​មួយរូប​ដែល​ព្យាយាម​ចាប់​បុត្រី​ស្ដេច​យក្ខ និង​បំបែក​នាង​ពី​សង្សារ​របស់​នាង​។ នៅ​ពេល​កង​ទាហា​ន​​​របស់​មេទ័ព​នោះ​ឡោម​ព័ទ្ធ​ជុំវិញ​ភ្នំ​ដែល​ពួកគេ​កំពុង​លាក់ខ្លួន គូស្នេហ៍​មួយគូ​នេះ​គិតថា​មិន​មាន​ផ្លូវ​គេច​ខ្លួន​ឡើយ​។​ ដោយសារ​តែ​ស្នេហ៍​ពិត​របស់​ពួកគេ​ទើបពួកគេទាំង​ពី​អ្នក​ក៏​សូម​បួងសួង​ឲ្យ​លិច​បាត់​ចូលទៅ​ក្នុង​ដី​។ ពួកគេ​ទាំង​ពីរ​នាក់​ចាប់ផ្ដើម​បួងសួង​ដល់​ថាមពល​ព្រលឹងព្រះ​ឥសី និង​គ្រប់​ព្រះ​ទាំងអស់ថា «ជាមួយ​ថាមពល​ទិព្វ​ដ៏​គួរឲ្យ​គោរព​ការពារ​តំបន់​នេះ​ជា​និច្ចកាល​នោះ យើង​សូម​បូជាជីវិត​របស់​យើង សូម​ឲ្យលិច​ចុះ​ទៅ​ក្រោម​ដី​»។ ភ្លាមនោះ តំបន់​ភ្នំ​ក៏​លិច​ចូលទៅក្នុង​ដី​បូក​រួម​ទាំង​បុត្រី​របស់​ស្ដេច​យក្ស និង​សង្សារ​។ ហេតុនេះហើយ​បានជា​កំពូលភ្នំ​ក្លាយជា​បឹង​ដ៏​ជ្រៅ និង​ជា​ហេតុផល​ដែល​ប្រជាជន​ក្នុង​តំបន់​ហៅ​បឹង​នេះ​ថា «យក្ស​ឡោម​»​។​

៣-មាន​រឿងនិទាទ​ប្រជាប្រិយ​មួយទៀត​បាន​និទាន​ថា ពាក្យ «យាក់​ឡោម» ត្រូវ​សរសេរ​ដូច្នេះ​ទៅ​វិញ, ព្រោះ​ថា មក​ពី​ដើម​ហេតុ​ពាក្យ «យាក់» ក្លាយ​មក​ពី «យ៉ាក់» ភាសា​អ្នក​ស្រុក​នោះ​បុរាណ ប្រែ​ថា «មេ, នាយ», ឯពាក្យ «​ឡោម» ​ជា​ឈ្មោះ​មនុស្ស។ ដូច្នេះ បាន​សេចក្ដី​ថា មាន​នាយ​ក្រុម​ម្នាក់​ឈ្មោះ​ឡោម ជា​អ្នក​ត្រួត​ត្រា​នៅ​ភូមិ​ភាគ​ខាង​ជួរ​ភ្នំ​នោះ ម្ល៉ោះ​ហើយ​អ្នក​ផង ក៏​សន្មត​ហៅ​ឈ្មោះ​ទី​កន្លែង​នោះ​ឯង តាម​នាម និងងារ​សក្ដិ អ្នក​ត្រួត​ត្រា​នោះ​ទៅ៕

រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។