Home / កសិកម្ម / បទពិសោធន៍ដាំដំណាំខ្ទឹមក្រហម (កសិករ ផាន សាវុទ)

បទពិសោធន៍ដាំដំណាំខ្ទឹមក្រហម (កសិករ ផាន សាវុទ)

បងប្រុស ផាន​ សាវុទ ជាកសិកររស់នៅភូមិខ្វារ ខណ្ឌដង្កោ សង្កាត់ដង្កោ រាជធានីភ្នំពេញ។ ​គាត់មានបទពិសោធន៍ដាំខ្ទឹមក្រហមអស់រយៈពេលជាច្រើនឆ្នាំមកហើយ បទពិសោធន៍នេះ គាត់ចេះពីឪពុកម្ដាយគាត់ តៗគ្នាមក។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោ​ម។​​

១. ការរៀបចំដី. មុនពេលដាំ គាត់ភ្ជួរដីហាលចោលរយៈពេល១ខែ គឺចាប់ភ្ជួរពីខែវិច្ឆិកា រហូតដល់ខែធ្នូ ដើម្បីឲ្យដីស្រស់ទឹកល្អ​ និងទុកឲ្យស្មៅ ព្រមទាំងកាកសំណល់រុក្ខជាតិរលួយ, ភ្ជួរលើកទី២បំផុសដី និងលើកជារងដាំតែម្ដង។

២. ការរៀបចំរងដាំ. ក្រោយពីភ្ជួរបំបែកដីលើកទី២មក គាត់បានលើកជារងដែលមានទទឹង១,៥ម៉ែត្រ កំពស់១,៥តឹក និងបណ្ដោយទៅតាមស្ថានភាពដី។ គាត់បានជ្រុំជីលាមកគោក្រៀមពុកផុយចំនួន១០បង្គី លាយជាមួយដីដំបូកចំនួន៥បង្គីក្នុងមួយរង។

៣. ការដាំ. ក្នុងការដាំ គាត់បានយកមើមខ្ទឹមក្រហម ដែលគាត់បានទុកពូជពីរដូវមុន ដាំដោយទុកចន្លោះគុម្ពពីមួយទៅមួយ១តឹក។ ក្រោយពីកប់មើមដាំហើយ គាត់ធ្វើការស្រោចទឹកជាប្រចាំមួយថ្ងៃ២ដង​។ ក្រោយពីដាំបានរយៈពេល៥ថ្ងៃ ស្លឹកខ្ចីចាប់ផ្ដើមលូតលាស់។

៤. ការថែទាំ. គាត់ឧស្សាហ៍ធ្វើស្មៅនៅពេលសង្កេតឃើញមានស្មៅដុះ។​ នៅពេលខ្ទឹមចាប់ផ្ដើមលូតលាស់​(ក្រោយពីដាំ​៧​ថ្ងៃ) គាត់ចាប់ធ្វើស្មៅបំផុសដីលើរង​ និងក្រាលចំបើងគ្របនៅលើរង ដើម្បីការពារកុំឲ្យស្មៅដុះ ព្រមទាំងការពារការហួតសំណើមពីក្នុងដី។​ ចំពោះការស្រោចស្រពរយៈពេល១​ថ្ងៃ២ដង (ព្រឹក-​ល្ងាច) រហូតដល់ខ្ទឹមចេញផ្កា ទើបកាត់បន្ថយការស្រោចទឹកនៅមួយថ្ងៃម្ដង។ ដំណាំខ្ទឹមក្រហមមិនសូវមានការបំផ្លាញពីសត្វល្អិតចង្រៃទេ។ ដូច្នេះគាត់មិនបានប្រើថ្នាំសំលាប់សត្វល្អិតឡើយ។ ចំណែកជីបំប៉ន គាត់បានប្រើជីលាមក​គោពុកផុយ និងដីដំបូកជ្រុំដាក់នៅក្នុងរងនៅពេលធ្វើស្មៅ (ក្នុង១រង ដាក់ជីលាមកសត្វពុកផុយ១បង្គី និងដីដំបូក១បង្គី។

៥. ការប្រមូលផល. ការប្រមូលផលចាប់ផ្ដើមនៅពេលខ្ទឹមមានអាយុ២​ខែកន្លះ ទៅ ៣​ខែ គឺនៅពេលដែលសង្កេត​​ឃើញថាស្លឹកខ្ទឹមចាប់ផ្ដើមស្វិត ពេលនោះយើងអាចប្រមូលមើមបាន។ ​របៀបប្រមូលផល​ ត្រូវយក​ចប​មកជីកបង្ហើបគល់រួចចាប់ដកដោយដៃ។ ធ្វើរបៀបនេះដើម្បីកុំឲ្យដាច់មើម។​ ក្រោយពីប្រមូលផលហើយ គាត់កាត់យកមើមមកហាលថ្ងៃចំនួន២-​៣ថ្ងៃ ដើម្បីឲ្យស្ងួតល្អ​និងរក្សាទុកបានយូរ។

តាមបទពិសោធន៍របស់គាត់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក គាត់ទទួលបាននូវមេរៀនមួយចំនួនដូចខាងក្រោម៖

  • ចំពោះដំណាំខ្ទឹមក្រហមត្រូវការដីដែលមានជីជាតិច្រើន ដូច្នេះយើងអាចប្រើលាមកផុយលាយជាមួយដីដំបូក
  • យើងប្រើចំបើងគ្របលើរង ឬគ្របគល់ខ្ទឹមដើម្បីរក្សាសំណើមក្នុងដី និងជួយបង្កើនជីជាតិដីពេលចំបើងរលួយ។

បងប្រុសបានបន្ថែមទៀតថា ការដាំខ្ទឹមក្រហមពុំចំណាយលុយក្នុងការទិញថ្នាំសំលាប់សត្វល្អិតទេ ព្រោះដំណាំខ្ទឹមក្លិនក្រពុល​ ធ្វើឲ្យសត្ចទៅឆ្ងាយ ហើយម្យ៉ាងទៀតមើមខ្ទឹមក្រហមមានតំលៃខ្ពស់ជាងមើមខ្ទឹមស​៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

រវៀង ជារុក្ខជាតិឱសថ, កបនឹងជំងឺ នោមលឿង នោមតិច ធ្វើឲ្យសក់ទន់ រលាកអញ្ចាញធ្មេញ ធ្វើឲ្យធ្មេញរឹងល្អ ទឹកនោមផ្អែម របេង