Home / កសិកម្ម / បទពិសោធន៍ដាំស្ពៃបូកគោដោយមិនប្រើជី និងថ្នាំពុលគីមី

បទពិសោធន៍ដាំស្ពៃបូកគោដោយមិនប្រើជី និងថ្នាំពុលគីមី

អ្នកមីង នូ សុំ រស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។ គាត់មានបទពិសោធន៍ដាំស្ពៃបូកគោដោយមិនប្រើថ្នាំពុល និងជីគីមី។​ បទពិសោធន៍នេះ គាត់ចេះមកពីបុគ្គលិកអង្គការសេដាក រួមផ្សំនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់​។​ ដើម្បីផ្ដល់ជាគំនិតដល់កសិករផ្សេងទៀត យើងសូមលើកយក​បទពិសោធន៍នោះមកបង្ហាញជូនដូចខាងក្រោម។

១. ការរៀបចំដីសាប

ក្នុងការសាបគ្រាប់ គាត់រៀបចំរានកំពស់១ម៉ែត្រ បណ្ដោយ១ម៉ែត្រ និងទទឹង១,៨​ម៉ែត្រ។​ ការសាបនៅលើរាននេះ ដើម្បីការពារកុំឲ្យស្រមោចពាំគ្រាប់។​ នៅលើរាន គាត់បានរៀបចំដី​ដោយមានលាយខ្សាច់១បង្គី​ ដីដំបូក១បង្គី ជីកំប៉ុស្ត​១បង្គី ​លាមកសត្វពុកផុយ​១បង្គី ប្របល់ចូលគ្នាឲ្យសព្វ​ ចាក់ក្រាលនៅលើរានកំរាស់​​ដី​១,៥តឹក ហាលទុក​រយៈពេល២ថ្ងៃទើបយកគ្រាប់ទៅសាប។

២. ការសាប

គ្រាប់ពូជដែលគាត់យកមកដាំគឺ​​ បានមកពីទិញនៅទីផ្សារ។ មុខសាប គាត់បានយកគ្រាប់ពូជទៅ​ហាលថ្ងៃស្រទន់រយៈពេល២-​៣ម៉ោងដើម្បីដាស់ដំណេកគ្រាប់ បន្ទាប់មកយកគ្រាប់ច្របល់លាយជាមួយផេះដើម្បីសាបឲ្យបានស្មើល្អ។ ក្រោយសាបហើយគាត់ស្រោចទឹករៀងរាល់ថ្ងៃ (១ថ្ងៃម្ដង) ស្រោចទឹកជីកំប៉ុស្ត៣ថ្ងៃម្ដង។​ ក្រោយពីសាបបានរយៈពេល១៦ទៅ២០​ថ្ងៃ គាត់ដកកូនយកទៅដាំនៅលើរង។

៣. ការរៀបចំដីដាំ និងការដាំ

ក្នុងការរៀបចំដីដាំ គាត់បានភ្ជួរដីហាលចោលរយៈពេល៣ថ្ងៃ ដើម្បីឲ្យដីឆ្អិននិងស្រស់ទឹកល្អ។​ គាត់ដាំស្ពៃចំនួន២រង ដោយរងនិមួយៗមានបណ្ដោយ ២០​ម៉ែត្រ​ ទទឹង១ម៉ែត្រ និងកំពស់១,៥តឹក។​ នៅលើរងនិមួយ​ៗ គាត់បានដាក់ជីកំប៉ុស្តជ្រុំចំនួន៥បង្គី ។ បន្ទាប់មក ស្រោចទឹកលើរងឲ្យជោគទើបដកកូនស្ពៃមកដាំ។ ការដាំកូនធ្វើឡើងនៅពេលល្ងាចត្រជាក់ ដើម្បីកុំឲ្យស្រពោនដើម។ នៅក្នុងការដាំ គាត់រើសតែកូនស្ពៃណាដែលថ្លោសល្អយកមកដាំ។​ ក្រោយពីដាំកូនរួច គាត់បានយកចំបើងមកក្រាលចន្លោះគុម្ព ដើម្បីការពារកុំឲ្យខ្ទាត​ដីប៉ះដើមព្រមទាំងគ្របធាងដូងកុំឲ្យស្ពៃស្វិតស្រពោននៅពេលត្រូវពន្លឺថ្ងៃ ​(គ្របចាប់ពីម៉ោង៩ព្រឹក-​៤ល្ងាច)។

៤. ការថែទាំ

ក្នុងការថែទាំ គាត់បានយកចិត្តទុកដាក់ទៅលើការធ្វើស្មៅ បំផុសដី ការស្រោចទឹក​និងការស្រោចជីបំប៉ន។ គាត់ស្រោចទឹក១ថ្ងៃ២ដង (ព្រឹកនិងល្ងាច) និងធ្វើស្មៅបំផុសដីនៅពេលសង្កេតឃើញមានស្មៅដុះច្រើន​។គាត់បានស្រោចជីបំប៉នរយៈពេល៣ថ្ងៃម្តង និងស្រោចទឹកថ្នាំពុលធម្មជាតិ៣ថ្ងៃម្តងដែរ ដើម្បីការពារសត្វល្អិតបំផ្លាញ។

៥. ការប្រមូលផល

គាត់ចាប់ផ្តើមប្រមូលផលនៅពេលដែលស្ពៃមានអាយុ៤៥-៥០ថ្ងៃ​ក្រោយពីដាំ។ នៅលើផ្ទៃដី៤៥ម៉ែត្រ​ការ៉េ(២រង) គាត់ប្រមូលផលបាន៨០គីឡូក្រាម និងលក់ឲ្យទីផ្សារកសិផលធម្មជាតិរបស់អង្គការសេដាក បានតំលៃ១.៥០០រៀលក្នុង១គីឡូក្រាម។ សរុបក្នុងរយៈពេល១ខែកន្លះ គាត់ទទួលបានចំណូលដល់ ១២០.០០០រៀល។ បើកាត់លើការចំណាយទិញគ្រាប់ពូជអស់ ៦.៥០០រៀល។ គាត់ទទួលបានប្រាក់ចំណូល ១១៣.៥០០រៀល។

សរុបមកបច្ចេកទេសសំខាន់ៗ ក្នុងការដាំស្ពៃបូកគោមាន៖

  • រៀបចំរានសំរាប់សាបគ្រាប់ ដោយមានលាយដីខ្សាច់ ដីដំបូក ​និងជីកំប៉ុស្ត
  • ថែទាំកូនស្ពៃលើរាន ដោយស្រោចបំប៉នជីទឹក ថ្នាំពុលធម្មជាតិ​ដើម្បីឲ្យកូនស្ពៃដុះលូតលាស់ល្អ និងគ្មានការបំផ្លាញ
  • ដកតែកូនស្ពៃណាថ្លោសល្អយកទៅដាំ
  • ដាំចន្លោះគុម្ពសមស្រប(១-១,៥តឹក ពីគុម្ពមួយទៅគុម្ពមួយ) ដើម្បីឲ្យស្ពៃទទួលពន្លឺគ្រប់គ្រាន់ និងលូតលាស់ល្អ
  • ដាំហើយ គ្របកូនស្ពៃរយៈពេល៣-៤ថ្ងៃដើម្បីកុំឲ្យដើមអន់ស្វិតស្រពោននៅពេលត្រូវពន្លឺថ្ងៃ
  • យកចិត្តទុកដាក់ក្នុងការស្រោចទឹក ស្រោចជីបំប៉ន ជ្រុំគល់ ដកស្មៅ និងស្រោចទឹកថ្នាំធម្មជាតិ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។