Home / កសិកម្ម / បទពិសោធន៍ដាំខ្នុរឲ្យមានផ្លែច្រើន

បទពិសោធន៍ដាំខ្នុរឲ្យមានផ្លែច្រើន

តាមការសង្កេតឃើញក្នុងការដាំដុះឈើហូបផ្លែនៅប្រទេសកម្ពុជា មានកសិករមួយចំនួនមានបច្ចេកទេសផ្សេងៗគ្នាក្នុងការដាំដុះឈើហូបផ្លែ​ដូចជា ស្វាយ​ ខ្នុរ។ល។ ដូចជាការកាប់សំបកឈើ (ដើម) ដើម្បីឲ្យបានផ្លែច្រើន។ ជាក់ស្ដែងលោក ណាវ រ៉ា ដែលជាអ្នកផ្សព្វផ្សាយកសិកម្មរបស់គំរោងប្រព័ន្ធស្រោចស្រពស្ទឹងជីនិត ខេត្តកំពង់ធំ បានសាកល្បងបទពិសោធន៍លើដើមខ្នុររបស់គាត់ចំនួន១ដើម ដែលមានអាយុ៣ឆ្នាំជាង​ ក្នុងចំណោមដើមខ្នុរ៤​ដើម។​ ដើមខ្នុរទាំង៤ដើមនេះ មានការស្រោចស្រព និងការដាក់ជីដូចគ្នាទាំងអស់។ បទពិសោធន៍នេះ គាត់ចេះពីអ្នកភូមិរបស់គាត់ដែលរស់នៅជិតគ្នា។ចំពោះការអនុវត្ត និងលទ្ធផលបង្ហាញជូនដូចខាងក្រោម។

១. ការអនុវត្ត

  • គាត់បានកាប់សំបកដើមខ្នុរដោយប្រើកាំបិត (យើងអាចប្រើពូថៅទទឹងមុខធំ)
  • កាប់សំបកលើដើមចំនួន៩​កាំបិត (នៅជុំវិញដើម​លៃយ៉ាងណាឲ្យបា​ន៣ជួរ ក្នុងមួយជួរត្រូវកាប់​​​ ៣កាំបិត បន្លោះកាប់ពីមុខកាំបិតមួយទៅមុខកាំបិតមួយទៀត ស្មើ១តឹក)។ ​ពេលវេលានៃការកាប់គឺ នៅរដូវណាក៏បានឲ្យតែមានទឹកស្រោចស្រពគ្រប់​គ្រាន់។ ជាពិសេស បើគេអនុវត្តលើដើមស្វាយគួរកាប់មុនពេលចេញផ្ការយៈពេល៣ខែ
  • ទីកន្លែងកាប់ត្រូវ ០,៥ម៉ែត្រពីដីទៅលើ
  • ក្រោយពេលកាប់បានរយៈពេល ២៤​ម៉ោង ត្រូវយកកំបោរសលាយទឹកទៅលាបមុខកាប់ ដើម្បីការពារកុំឲ្យចេញជ័រ និងការពារកុំឲ្យមានជំងឺ។

២. លទ្ធផលនៃការពិសោធន៍​. ​ ក្រោយពេលកាប់សំបករួចបានរយៈពេល១ខែ គាត់សង្កេតឃើញ មានភាពប្រែប្រួលដូចខាងក្រោម៖

  • ​ដើមខ្នុរ ១​ដើម ដែលកាប់សំបកចេញផ្កា ផ្លែ ជាទីពេញចិត្ត ប៉ុន្តែពុំមានការលូតលាស់ដងដើមទេ (សារធាតុចិញ្ចឹមត្រូវបានបំប៉នទៅលើផ្កា)
  • ចំពោះដើមខ្នុរ៣ដើមទៀត​ ដែលពុំបានកាប់សំបក គ្មានផ្លែ ចេញតែផ្កាឈ្មោលស្អុយចោល គាត់សង្កេតឃើញខ្នុរទាំង៣ដើមនោះ វាប្រឹងលូតលាស់កំពស់ដើម ពង្រីកទំហំដើម និងខំធ្វើការបែកមែក​ ជាហេតុធ្វើឲ្យការចេញផ្លែផ្កាខ្សោយ
  • រយៈពេល ៣-​៦ខែ ក្រោយពីកាប់ខ្នុរចាប់ចេញផ្កាផ្លែ។

៣. កំណត់សំគាល់គួរចងចាំនៅពេលអនុវត្ត

  • កាប់ឲ្យមុតតែសំបកដើមឈើ​​ មិនត្រូវឲ្យមុតដល់សាច់ឈើ (បើមុតសាច់ឈើ ពេលដុះសំបកថ្មីបណ្ដាលឲ្យពកសំបក)
  • មិនត្រូវកាប់សំបកដោយចំនួនមុខកាំបិតច្រើនហួសហេតុ បណ្ដាលឲ្យដើមឈើអន់ និងអន្តរាយទៅវិញទេ
  • ក្រោយពេលកាប់១យប់១ថ្ងៃ ត្រូវលាបកំបោរស ដោយចាំបាច់មិននអាចខានបាន
  • ចំពោះដើមឈើហូបផ្លែទាំងឡាយណាដែលមានសភាពពុំសូវលូតលាស់ ក្រិន ឬដើមឈើធំ ចាស់លែង លូតលាស់ដើមដង មិនចាំបាច់អនុវត្តវិធីនេះទេ
  • ប្រសិទ្ធភាពនៃការកាប់សំបក ផ្អាកការលូតលាស់រុក្ខជាតិពី ៣ទៅ៦ខែ។ ហេតុនេះ គួរតែកាប់សំបកឲ្យបានពី ៣ទៅ៤​​ខែ មុនរដូវចេញផ្កា។

នេះជាការសាកល្បងរបស់លោកពូ ណាវ រ៉ា ឃើញថា បានទទួលជោគជ័យដូចជាអ្នកភូមិរបស់គាត់ដែរ។ ​ដូច្នេះ បើបងប្អូនកសិករចង់សាកល្បង សូមអនុវត្តតាមបច្ចេកទេសខាងលើ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។