Home / កសិកម្ម / បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។

១. ការរៀបចំដី

គាត់ភ្ជួរដីដាំជំរៅ ២តឹក ទៅ ២,៥តឹក ដោយមានកប់នូវកាកសំណល់រុក្ខជាតិ ជីលាមកសត្វទៅក្នុងដី និង​ហាល​ទុកមួយរយៈពេលប្រហែល១០ថ្ងៃ​ ទើបចាប់ភ្ជួររស់លើកទី២ និងលើកជារងដាំ។ រងដាំខ្ញីគាត់លើករាងដូចខ្នើយ ដែលមានទទឹង៨តឹក និងបណ្ដោយទៅតាមស្ថានភាពដី។ នៅលើរង (ខ្នើយ) គាត់បានជ្រុំដាក់ជីកំប៉ុស្ត ស្លឹកឈើស្ងួតៗ ទឹកនោមរយៈពេល ១អាទិត្យទើបដាក់ខ្ញីដាំ។

២. របៀបដាំខ្ញី

ខ្ញីដែលគាត់ដាំជាពូជដែលបានមកពីខេត្តកំពត។ គាត់ដាក់ខ្ញីដាំជាជួរនៅលើខ្នើយ (ដាំទទឹងខ្នើយ) ក្នុងមួយជួរដាំ៥មើម(មើមតូចៗ) ដោយជ្រើសរើសយកមើមចាស់ល្មមមកដាំ។ មើមចាស់ខ្លាំងពេក ធ្វើឲ្យសកម្មភាពលូតលាស់ និងការដុះពន្លកយឺត។ មើមខ្ចីពេកសំបូរទៅដោយជាតិទឹក ពុំសូវសំបូរសារធាតុចិញ្ចឹមធ្វើឲ្យការលូតលាស់ មិនសូវបានល្អ។ ក្នុងការដាំគាត់កប់មើមមិនឲ្យជ្រៅពេកទេ កប់ប្រហែល៥សង្ទីម៉ែត្រ​ ​(កន្លះ​តឹក) ដើម្បីឲ្យខ្ញីឆាប់ដុះពន្លកចេញផុតពីដី ជៀសវៀងការរលួយនៅពេលមានសំណើមខ្លាំង។ បន្ទាប់ពីកប់​មើមដាំហើយគាត់លុបដីសើរៗពីលើ រួចយកស្លឹកអំពៅស្ញួតៗគ្របបន្ថែមពីលើ ដើម្បីជៀសវៀងការហួតសំណើម ព្រោះគាត់ដាំនៅរដូវប្រាំងនិងការពារកុំឲ្យដីហាប់មុខលើ នៅពេលស្រោចទឹក។

៣. ការថែទាំ

ចំពោះការថែទាំ គាត់បានធ្វើការស្រោចទឹក១ថ្ងៃម្តង ឬ ២ដងនៅរដូវប្រាំង មើលទៅតាមសភាពដីកុំឲ្យសើមពេកជៀសវៀងការរលួយមើម។ នៅរដូវវស្សាគាត់មិនបានធ្វើការស្រោចទឹកទេ។ នៅពេលដែលគាត់សង្កេតឃើញថាមើមដុះឡើងមកលើដី គាត់បានយកដីលុបមើមសើរៗពីលើ និងបន្តការដាក់ស្លឹកអំពៅងាប់ៗពីលើដើម្បីគ្របមើម​ និងការពារកុំឲ្យហួតសំណើមព្រមទាំងធ្វើការដកស្មៅ បំផុសដី ដើម្បីឲ្យដីធូរមានខ្យល់ចេញចូល។ ក្នុងករណីមានភ្លៀងជោរជន់ និមានទឹកដក់ច្រើន គាត់បង្ហូរទឹកចេញឲ្យស្ងួតជៀសវៀងការរលួយមើម​។

៤. ការប្រមូលផល

ចំពោះការប្រមូលផលលក់ ធ្វើឡើងក្រោយពីដាំបានរយៈពេល៤ខែ។ គាត់ដាំមើមអស់ ១០០គីឡូក្រាម ទទួលបានផលមកវិញ១តោនមើម។ ចំពោះការដាំទុកធ្វើពូជ គាត់ប្រមូលផលមានរយៈពេល ៦-​៧ខែ ក្រោយពីដាំ គឺទុកឲ្យដើមខ្ញីដួលរលំអស់ ការប្រមូផលធ្វើឡើងដោយប្រើចបជីកគាស់។

៥. ការរក្សាទុកពូជ

បន្ទាប់ពីប្រមូលផលហើយ គាត់បានយកមើមខ្ញីមកសំដិលនៅក្រោមម្លប់ឈើដែលមិនសូវមានកំដៅខ្លាំង តែ​​ការពារកុំឲ្យត្រូវទឹកភ្លៀងដែលជាហេតុបណ្ដាលឲ្យមើមរលួយទុកមិនបានយូរ។ កន្លែងដែលត្រូវសំដិលខ្ញី​ហាលទុកពូជត្រូវធ្វើរានឲ្យផុតពីដី និងមានខ្យល់ចេញចូលពីខាងក្រោម។ ការរក្សាទុកពូជបែបនេះ ប្រើរយៈពេលពី ២០ ទៅ ៣០ថ្ងៃ លៃយ៉ាងណាឲ្យមើមស្វិតបន្តិច ទើបគាត់យកទៅដាក់ដាំ។

លោកពូមានប្រសាសមន៍ថា ការដាំមើមស្រស់ធ្វើឲ្យជាតិទឹកបន្សល់ទុកនៅក្នុងមើមច្រើន អាចបង្កឲ្យមើម ឬ ពន្លកមើមឆាប់រលួយ។ កាលណាយើងហាលឲ្យស្រកជាតិទឹក ការលូតលាស់ល្អពុំមានការរលួយមើមនៅពេលដាំ​។

សរុបមកបច្ចេកទេសដាំ និងថែរក្សាពូជខ្ញីមាន៖

  • ភ្ជួរដីលុបនូវកាកសំណល់រុក្ខជាតិលាមកសត្វធ្វើជាជីទ្រាប់​បាត
  • លើករងមានរាងជាខ្នើយ និងដាំនៅលើខ្នើយ
  • គ្របស្លឹកអំពៅងាប់ៗនៅលើរង ដើម្បីការពារការហួតសំណើម និងហាប់ដីមុខលើនៅពេលស្រោចទឹក
  • ជ្រើសរើសមើមចាស់ល្មម
  • កប់មើមដាំ មិនឲ្យជ្រៅពេក
  • នៅពេលមានភ្លៀងជោរជន់ ទឹកដក់ក្នុងចំការច្រើនត្រូវការបង្ហូរចេញដើម្បីកុំឲ្យរលួយមើម
  • ក្នុងការទុកពូជត្រូវប្រមូលផលនៅពេលខ្ញីរលំដើម
  • ហាលសំដិលមើមក្នុងរោង ដែលមានខ្យល់ចេញចូលរយៈពេល២០-​៣០ថ្ងៃ ឲ្យមើមស្វិតបន្តិចទើបយកទៅដាំ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។