ព្រះហស្ថ (ដៃ) ទាំងពីរនៃរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបាក់បែកបាត់បង់នោះ បានបន្សល់ទុកនូវចង្ងល់ជាច្រើនទសវត្សរ៍មកហើយថា តើមានទំរង់ដូចម្តេច? ដែលមានអ្នកខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ អ្នកខ្លះទៀតយល់ថា ព្រះអង្គលើកដៃប្រណម្យ។ ចម្ងល់ទាំងនេះមិនទាន់មានភស្តុតាងណាមួយ យកមកអះអាងនៅឡើយ។
ចម្ងល់ទាំងនេះ នៅក្នុងកិច្ចប្រជុំបច្ចេកទេស លើកទី៣៣ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមការងារចម្រុះដែលមានសមាសភាពអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក ជាវ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិត របស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់ លើកដៃប្រណម្យ ត្រឹមដើមទ្រូង។
ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះ បានបង្ហាញភស្តុតាងជាច្រើន ទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។
ការរកឃើញនេះ ជាលទ្ធផលស្រាវជ្រាវថ្មីមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រួមគ្នារវាងអ្នកជំនាញបារាំង និងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់និងភាពខ្វែងគំនិតគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕