Home / កសិកម្ម / បទពិសោធន៍ដាំត្រកួនស្រែ (កសិករ កឹម ដុក)

បទពិសោធន៍ដាំត្រកួនស្រែ (កសិករ កឹម ដុក)

ត្រកួនស្រែដាំនៅក្នុងត្រែង ដែលប្រជាពលរដ្ឋនៅខេត្តស្វាយរៀងចូលចិត្តដាំនោះ​ គឺដើមរបស់វាតូចល្អិតមិនវែងនិងសដូចត្រកួនចិនទេ តែវាមានរសជាតិឆ្ងាញ់ស្រួយគ្មានសរសៃជាប់ធ្មេញពេល​បរិភោគ​។ កសិករ កឹម ដុក រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានបទពិសោធន៍ល្អក្នុងការដាំត្រកួនស្រែ ដើម្បីទុកហូបក្នុងគ្រួសារផង និងបេះលក់ឲ្យអ្នកភូមិ ក៏ដូចយកទៅលក់នៅឯផ្សារក្នុងក្រុងស្វាយរៀង​ផង។ ចំពោះបទពិសោធន៍ដាំមានបង្ហាញជូនដូចខាងក្រោម។

១. ការធ្វើត្រែង. ការដាំត្រកួនស្រែគឺដាំនៅក្នុងត្រែង (ត្រែងមានលក្ខណៈដូចស្រែដែរ)

  • បើដាំគ្រាន់តែសំរាប់បរិភោគក្នុង​គ្រួសារ គឺត្រែងមានទំហំ ២x៣ម៉ែត្របានហើយ ប៉ុន្តែបើសិនដាំសំរាប់លក់ជាប្រចាំ ត្រែងគួរមានទំហំ ១០x១០ម៉ែត្រ ឬ ១០x១៥ម៉ែត្រ ឬ ១០x២០ម៉ែត្រ ឬទំហំខុសពីនេះទៅតាមដីដែលមានជាក់ស្តែង ចំណែកជំរៅ ៣តឹក។
  • ភ្ជួររាស់ដីត្រែងឲ្យស្មៅងាប់ និងហាលថ្ងៃឲ្យមេរោគងាប់ជាធម្មតា
  • បាចជីធម្មជាតិដូចជា អាចម៍គោ ឬក្របីដែលពុកផុយទៅក្នុងត្រែង (បើដាក់អាចម៍គោ ឬក្របីស្រស់បណ្តាលឲ្យទឹកកើតស្លែ)
  • បូមទឹកដាក់បញ្ចូលត្រែងឲ្យបាន ១,៥តឹក។

២. ការដាំក្រកួនស្រែ

  • បើមានគ្រាប់ត្រកួនស្រែ គឺយកគ្រាប់នោះទៅបាចក្នុងត្រែង ឬ
  • កាច់ត្រកួនស្រែពីត្រែងផ្សេង ឬទៅទិញត្រកួនស្រែពីផ្សារមកស្ទួងក៏បាន (ត្រកួនយកមកស្ទួងនេះមិនបាច់មានឫសទេ)។

៣. ការថែទាំ

  • បើទឹកតិចគឺបូមទឹកចូលបន្ថែម បើទឹកច្រើនបង្ហូរចេញ ឲ្យទឹកនៅកំពស់ត្រឹមកត្រកួន (នៅសល់១​ក្របួចនៃចុងត្រកួន)
  • ​បើមានស្មៅដុះ ត្រូវដកស្មៅនោះចេញ ដើម្បីកុំឲ្យវាដណ្តើមជីពីត្រកួន
  • កុំឲ្យមានរុក្ខជាតិកណ្តៀងដុះជាមួយត្រកួន ពីព្រោះកណ្តៀងដុះលូតលាស់លឿន និងបែកកូនច្រើន ធ្វើឲ្យវាទន្ទ្រានទៅលើត្រកួនបណ្តាលឲ្យត្រកួនអន់
  • បើត្រកួនដុះបែកកូនច្រើនពេក ត្រូវដកចេញខ្លះដើម្បីឲ្យត្រកួនមានទងលូតបានល្អ
  • ក្រោយពេលប្រមូលផលម្តងៗ បើឃើញត្រកួនអន់ ត្រូវបាចជីធម្មជាតិបន្ថែម។

៤. ការប្រមូលផល

  • ក្រោយពីស្ទួងបាន១អាទិត្យ គឺអាចប្រមូលផលបានហើយ
  • ដាំតែម្តង គឺអាចប្រមូលផលបានរហូត
  • បើត្រែងធំ គឺអាចប្រមូលផលបានរាល់ថ្ងៃ ប៉ុន្តែត្រូវកាច់ត្រកួនតាមជួរ (យើងកំណត់ជួរនិងប្រវែងទទឹងជួរដោយខ្លួនឯង, ថ្ងៃនេះយើងកាច់ជួរទី១ ថ្ងៃស្អែកយើងកាច់ឬបេះជួរទី២…មានលក្ខណៈវិលជុំ)។

៥. ចំណាប់អារម្មណ៍

កសិករ កឹម ដុក មានចំណាប់អារម្មណ៍ថា ការដាំត្រកួនស្រែក្នុងត្រែងនេះ គឺមិនពិបាកដាំទេ ហើយឆាប់ប្រមូលផលទៀតផង ពិសេសដាំតែម្តងទទួលផលបានរហូតឲ្យតែមានទឹកគ្រប់គ្រាន់។ ខែប្រាំងអត់មានទឹកក៏ត្រកួនមិនងាប់ដែរ គ្រាន់តែវាមិនឲ្យផលឬឲ្យផលតិច ហើយនៅពេលមានភ្លៀង ឬយើងបូមទឹកបញ្ចូលត្រែង គឺត្រកួននោះនឹងរស់ឡើងវិញ។ នៅពាក់កណ្តាលឆ្នាំ២០១៩នេះ កសិករ កឹម ដុក បានទិញដីស្រែដែលជាប់នឹងដីរបស់គាត់បន្ថែមទៀតមានទំហំទទឹង២៨ម៉ែត្រ បណ្តោយ៦០ម៉ែត្រ ធ្វើជាត្រែង​បន្ថែមដើម្បីដាំត្រកួនស្រែ និងកញ្ឆែត៕

រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

រវៀង ជារុក្ខជាតិឱសថ, កបនឹងជំងឺ នោមលឿង នោមតិច ធ្វើឲ្យសក់ទន់ រលាកអញ្ចាញធ្មេញ ធ្វើឲ្យធ្មេញរឹងល្អ ទឹកនោមផ្អែម របេង