សញ្ញាណនៃសិទ្ធិមនុស្សត្រូវបានលេចឡើងនៅក្នុងទស្សនវិទូជនជាតិក្រិច (Greek Philosophy) និងតំបន់ផ្សេងទៀតនៅក្នុងពិភពលោកនាសតវត្សទី១៨។ ទស្សនវិទូជាច្រើនបានធ្វើការពង្រីកនូវសញ្ញាណនៃសិទ្ធិមនុស្សដូចជាលោក John Loké, Samuel Von Pufendorf ជាដើម។ ហើយម្យ៉ាងទៀតការប្រកាសឯករាជ្យរបស់អាមេរិកនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ បានសន្មតថា មនុស្សជាតិទាំងអស់កើតមក គឺស្មើភាពគ្នា ដែលមានសិទ្ធិសំខាន់ៗដូចជា (សិទ្ធិរស់រានមាន ជីវិត សិទ្ធិសេរីភាពជាដើម) ហើយសិទ្ធិមនុស្សនេះក៏បានជ្រាតចូលទៅក្នុង រដ្ឋធម្មនុញ្ញបារាំងក្នុងឆ្នាំ១៧៨៩។ ការប្រកាសរបស់អាមេរិក និងបារាំង បានបង្ហាញនូវទ្រឹស្តីនៃសិទ្ធិមនុស្សជាសាកល។
នាសតវត្សទី១៨ និង ១៩ Classic Right ដែលទាក់ទងនឹងសេរីភាពបុគ្គល ហាមការជ្រៀតជ្រែកពីរដ្ឋ ហើយអ្នកខ្លះជឿថារដ្ឋាភិបាលត្រូវប្រឹងប្រែងធ្វើយ៉ាងណាឲ្យការរស់នៅរបស់ពលរដ្ឋបានប្រសើរឡើង។
នៅចុងសតវត្សទី១៩ ប្រទេសឧស្សាហកម្ម បានចាប់ផ្តើមបង្ហាញនូវច្បាប់ការងារ គឺផ្តោតទៅលើថ្លៃពលកម្មនៃកតិកាសញ្ញាប៊ែន Bern Convention 1906 បានហាមប្រាមការធ្វើការយប់ដើម្បីការពារសុវត្ថិភាពសិទ្ធិសង្គម ហើយកតិកាសញ្ញា ឬអនុសញ្ញាជាច្រើនត្រូវបានបង្កើតឡើងដោយអង្គការពលកម្មអន្តរជាតិ ILO 1919។
បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ រដ្ឋមានសេរីភាពពេញលេញ បានចុះហត្ថលេខានូវអង្គការសហប្រជាជាតិ Charter of the United Nation នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ សមាជិកនៃ អ.ស.ប. ទាំងអស់បានយល់ព្រមការពារ សិទ្ធិមនុស្ស។ ២ឆ្នាំក្រោយបេសកកម្មនៃអ.ស.ប. UN Commission on HR(UNCHR) បានបង្កើតនៅឆ្នាំ១៩៤៦ និងបានចេញនូវ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស UDHR ដែលសភាធម្មនុញ្ញនៃ អ.ស.ប. បានអនុម័តប្រកាសនៅប៉ារីស នាថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៤៨ ជាថ្ងៃនៃទិវាសិទ្ធិមនុស្សទូទាំងពិភពលោក។
កំឡុងឆ្នាំ១៩៥០ និង ១៩៦០ ប្រទេសជាច្រើនបានចូលរួមជាមួយនឹង អ.ស.ប. ហើយយល់ព្រមទទួលនូវកាតព្វកិច្ចដែលបានចែងនៅក្នុងធម្មនុញ្ញអ.ស.ប. ហើយតាំងពីឆ្នាំ១៩៥០មក UDHR បានចេញនូវសន្ធិសញ្ញាអន្តរជាតិជាច្រើនទៀតដូចជា ICCPR ICESCR ជាដើម។
តាមមាត្រា ២ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបានចែងថា មនុស្សម្នាក់ៗអាចប្រើប្រាស់សិទ្ធិ និងសេរីភាពទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសនេះ ដោយគ្មានការប្រកាន់បែងចែក បែបណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពដទៃៗទៀតឡើយ។ លើសពីនេះ បុគ្គលគ្រប់រូបមិនត្រូវធ្វើការប្រកាន់បែងចែកណាមួយ ដោយសំអាងទៅលើឋានៈខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬខាងអន្តរជាតិរបស់ប្រទេស ឬដែនដីដែលបុគ្គលណាម្នាក់រស់នៅ ទោះបីជាប្រទេស ឬដែនដីនោះ ឯករាជ្យក្តី ស្ថិតក្រោមអាណាព្យាបាលក្តី ឬគ្មានស្វ័យគ្រប់គ្រងក្តី ឬស្ថិតក្រោមការដាក់កម្រិតផ្សេងទៀតណាមួយដល់អធិបតេយ្យភាពក្តី។
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត និងប្រកាសសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ មហាសន្និបាត UN ប្រកាសថា សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្សនេះ ជាឧត្តមគតិរួមដែលរដ្ឋទាំងអស់ត្រូវធ្វើឲ្យបានសម្រេច ដើម្បីឲ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ រក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ។
មហាសន្និបាត UN បានបង្គាប់រាល់ប្រទេសហត្ថលេខីទាំងអស់ ខិតខំប្រឹងប្រែងធានាឲ្យមានការទទួលស្គាល់ និងការអនុវត្តសិទ្ធិមនុស្សជាសកលប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិ និងសេរីភាពដល់ប្រជាពលរដ្ឋ នៃរដ្ឋសមាជិក និងប្រជាពលរដ្ឋដែនដីដែលស្ថិតក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ ស្របតាមវិធានការជាតិ និងអន្តរជាតិ។
មនុស្សមានសិទ្ធិជាមូលដ្ឋាន រួមមាន សិទ្ធិមានជីវិតរស់នៅ សេរីភាពរបស់បុគ្គល សន្តិសុខ សេរីភាពក្នុងការធ្វើដំណើរ សេរីភាពក្នុងជំនឿសាសនា ការជួបប្រជុំគ្នា និងបង្កើតសមាគមរួមទាំងការបង្កើត គណបក្សនយោបាយ និងសហជីព ដំណើរការតុលាការត្រឹមត្រូវ និងភាពស្មើគ្នាចំពោះមុខច្បាប់ និងការការពារកុំឲ្យមានការដកហូតសិទ្ធិកម្មសិទ្ធិតាមទំនើងចិត្ត ឬការដកហូតកម្មសិទ្ធិឯកជនដោយគ្មានការសងជំងឺចិត្តដ៏ត្រឹមត្រូវ សេរីភាព ដោយគ្មានកាប្រកាន់រើសអើងពូជសាសន៍ ជនជាតិ ជំនឿ សាសនា និងភេទឡើយ។ ក្រៅពីសិទ្ធិជាមូលដ្ឋាន មនុស្សមានសិទ្ធិសង្គម និងសេដ្ឋកិច្ច រួមមាន សិទ្ធិទទួលបានការងារ ការអប់រំ និងការចូលរួមក្នុងជីវិតវប្បធម៌សហគមន៍ ។ល។
តាមមាត្រា ២៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស បុគ្គលម្នាក់ៗមានករណីកិច្ច ចំពោះសហគមន៍ ដែលជាកន្លែងតែមួយគត់ ដែលអាចបង្កើតនូវការរីកចម្រើនពេញបរិបូរណ៍ និងដោយសេរីនូវបុគ្គលិកលក្ខណៈរបស់ខ្លួន។ ដើម្បីអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតក្នុងការកំណត់ទាំងឡាយណា ដែលច្បាប់បានកំណត់ ក្នុងគោលបំណងឲ្យមានការទទួលស្គាល់ និងគោរពដល់សិទ្ធិ និងសេរីភាពទាំងឡាយរបស់អ្នកដទៃ និងដើម្បីឆ្លើយតបនឹងការតម្រូវយ៉ាងត្រឹមត្រូវអំពីសីលធម៌ របៀបរៀបរយសាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ទោះជាក្នុងករណីណាក៏ដោយ សិទ្ធិ និងសេរីភាពទាំងនោះ មិនអាចយកទៅប្រើប្រាស់ផ្ទុយនឹងគោលការណ៍របស់សហប្រជាជាតិឡើយ៕