Home / កសិកម្ម / បទពិសោធន៍ដាំម្ទេសចំរុះជាមួយត្រកួន

បទពិសោធន៍ដាំម្ទេសចំរុះជាមួយត្រកួន

លោកពូ រស់ ហ៊ុន ជាកសិកររស់នៅភូមិជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរដាំដំណាំនិងធ្វើស្រែ។ គាត់មានបទពិសោធន៍ដាំដំណាំចំរុះតាំងពីឆ្នាំ១៩៨៣ មកម្លេះ។ បទពិសោធន៍នេះគាត់ចេះពីអ្នកភូមិរស់នៅជិតខាង។ ដំណាំចំរុះរបស់គាត់មានម្ទេសចំរុះជាមួយត្រកួនដែលបង្ហាញដូចខា​ងក្រោម។

​១. ការជ្រើសរើសពូជ

ដើម្បីទទួលផលបានខ្ពស់ គាត់ជ្រើសរើសយកពូជម្ទេសដែលមានផ្លែធំ និងទុំល្អ។ បេះយកទៅហាលឲ្យស្ងួត រួចញីវាយកតែគ្រាប់ និងអុំឲ្យស្អាត ហើយរើសយកតែគ្រាប់ណាដែលល្អយកទៅដាំ។ វិធីមួយទៀត អាចបេះផ្លែដែលទុំល្អនោះ យកគ្រាប់វាទៅព្រួសភ្លាមក៏បានដែរ ការធ្វើរបៀបនេះគឺធ្វើឲ្យគ្រាប់ឆាប់ដុះលឿនជាង។ ចំណែកឯត្រកួនវិញគឺ គាត់បានទិញគ្រាប់ពូជនៅឯផ្សារ។

២. ការរៀបចំដីសាប      

ក្នុងការរៀបចំដី គាត់ភ្ជួរចំនួន៣ដង ដោយធ្វើយ៉ាងណាឲ្យដីមានភាពម៉ដ្ឋល្អ រួចទុកដីហាលចោលរយៈពេល ១០ ទៅ ១៥ថ្ងៃ។ បន្ទាប់មកគាត់រៀបចំលើកជារងសាបកូនម្ទេសដោយធ្វើដូចជារងដាំស្ពៃ ទទឹងរង១មែត្រ កំពស់រង២តឹក បណ្ដោយតាមស្ថានភាពដី។​ ដាក់ជីលាមកគោទ្រាប់បាតរង ហើយឆូតរងជាចង្អូរ (ឆូតទទឹង រង) រួចយកគ្រាប់ម្ទេសមកសាបឲ្យស្ដើងតាមចង្អូរដែលឆូត។ បន្ទាប់មក​ យកដីលាយនិងលាមកគោរោយគ្របពីលើគ្រាប់ម្ទេស និងយកចំបើងមកគ្របលើរង រួចស្រោចទឹកមួយថ្ងៃពីរដង (ព្រឹក ល្ងាច) រហូតដល់កូនម្ទេសអាយុបាន១ខែ ទើបដកយកទោដាំ។

៣. របៀបដាំ

ការដាំម្ទេស. ពេលដែលកូនម្ទេសអាយុបាន១ខែ គាត់បានរៀបចំដីសំរាប់ដាំដោយជីករណ្ដៅដែលមានទំហំ ២ តឹកបូនជ្រុង ជំរៅ១តឹក និងគំលាតគុម្ពពីមួយទៅមួយ៥តឹក។ ដាក់លាមកគោលាយជាមួយដីក្នុងរណ្ដៅ រួចដាក់កូនម្ទេសដាំ​ ហើយយកចំបើងទៅគ្របពីលើគល់តែត្រូវដាក់ឲ្យឆ្ងាយពីគល់ម្ទេសបន្តិច។

ការដាំត្រកួន. ជាទូទៅ គាត់ដាំម្ទេសបានប្រហែល២-​៣ថ្ងៃ ទើបដាក់ដាំត្រកួនជាក្រោយ គាត់បានធ្វើការដាំត្រកួន ដោយកាប់បំផុសដីលើករងនៅចន្លោះគុម្ពម្ទេសដែលមានទទឹង៣តឹក​ បណ្ដោយតាមស្ថានភាពដី និងទុកចន្លោះធ្វើជាភ្លឺសម្រាប់ដើរ។ ដាក់ជីលាមកគោទ្រាប់បាត រួចឆូតជាចង្អូរដាក់គ្រាប់ត្រកួនរោយតាមចង្អូរ ហើយយកដីលាយលាមកគោរោយពីលើ បន្ទាប់មកយកចំបើងគ្របពីលើស្ដើងៗ។ នៅពេលគ្រាប់ត្រកួនដុះពន្លក គាត់ចាប់ផ្ដើមសារចំបើងចេញ ដើម្បីកុំឲ្យរលួយពន្លកនៅពេលសំណើមខ្លាំង។

៤. ការថែទាំ

នៅពេលដាំរួច គាត់បានធ្វើការស្រោចទឹក១ថ្ងៃ៣ដង (រយៈពេល​២​-៣ថ្ងៃ ដំបូងក្រោយពីដាំហើយ) បន្ទាប់មក ទើបបន្ថយការស្រោចទឹកនៅត្រឹម២ដងក្នុងមួយថ្ងៃវិញ។ គាត់បានធ្វើការជំរះស្មៅ បន្ទាប់ពីការដាំរួចរយៈពេល១៥​ថ្ងៃ​ ដើម្បីកុំឲ្យស្មៅដណ្ដើមជីជាតិពីដំណាំ និងកុំឲ្យមានជំរកសត្វល្អិត។ នៅពេលដែលគាត់ធ្វើការជំរះស្មៅហើយ គាត់ក៏បានដាក់ជីលាមកគោ និងជីលាមកជ្រូកពុកផុយ ដើម្បីបំប៉នដំណាំឲ្យវាលូតលាស់ល្អ ក្នុង​​​​១រងដាក់២បង្គី លើកទី១ដាក់ទ្រាប់បាតរងមុនពេលដាំ និងលើកទី២ក្រោយត្រកួនដុះបាន៥ថ្ងៃ (ជ្រុំរោយដាក់នៅតាមចន្លោះចង្អូរទទឹងរង)។ គាត់ធ្វើរបៀបនេះរហូតដល់ប្រមូលផលអស់។

៥. ការប្រមូលផល 

នៅលើផ្ទៃដី១អារកន្លះ គាត់ដាំម្ទេសប្រមាណ ២៣១គុម្ព ក្រៅពីនោះដាំត្រកួនទាំងអស់។ចំពោះដំណាំត្រកួន គាត់មិនបានលក់ទេ គាត់ទុកផ្គត់ផ្គង់ក្នុងគ្រួសារ និងចិញ្ចឹមសត្វ (ជ្រូក)។ រីឯម្ទេសវិញ ចាប់ប្រមូលផលនៅអាយុ ​៤-​៦ខែ គាត់បេះផ្លែម្ទេសម្ដងបាន ២៥គីលូក្រាម (នៅពេលពេញផ្លែ)។ សរុបមក ក្នុង១រដូវដាំដុះ គាត់ទទួលប្រាក់ចំណូលពីម្ទេសបាន ២៥០.០០០រៀល (ម្ទេសតំលៃជាមធ្យម​​ ១៥០០-​២០០០រៀល) ១គីឡូក្រាម។

៦. ចំណាប់អារម្មណ៍

ក្រោយពីបានអនុវត្តការដាំដំណាំចំរុះមក គាត់មានចំណាប់អារម្មណ៍ថា ដំណាំចំរុះបានទទួលផលច្រើនមុខ និងទទួលបានប្រាក់ចំណូលច្រើនជាងការដាំដំណាំតែមួយមុខៗ។ ម្យ៉ាងទៀតការដាំដំណាំចំរុះនេះ ពុំមានសត្វល្អិតបំផ្លាញ ហើយងាយស្រួលក្នុងការថែទាំ។ ចំណេញដី និងប្រើប្រាស់ដីឲ្យអស់លទ្ធភាព៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។