Home / កសិកម្ម /   ​បទពិសោធន៍ប្រើថ្នាំធម្មជាតិព្យាបាលជំងឺអុតក្ដាមលើសត្វជ្រូក

  ​បទពិសោធន៍ប្រើថ្នាំធម្មជាតិព្យាបាលជំងឺអុតក្ដាមលើសត្វជ្រូក

ជំងឺអុតក្ដាមជាជំងឺមួយប្រភេទ ដែលតែងតែកើតមានលើសត្វជ្រូក ជាពិសេសនៅរដូវក្ដៅ។ នៅពេលមានជំងឺនេះកើតឡើង កសិករតែងព្យាបាលជ្រូករបស់គាត់តាមវិធីផ្សេងៗទៅតាមតំបន់។ អុតក្ដាមជាជំងឺឆ្លងតាមរយៈការប៉ះពាល់រវាងជ្រូកឈឺនិងជ្រូកជា និងអាចចម្លងពីសម្ភារៈដែលមានជាប់មេរោគនេះ។ ជាក់ស្ដែង លោកអ៊ំ ង៉ែត ងួន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិត្រពាំងឆ្នង់ ស្រុកសំរោង ខេត្តតា កែវ។ គាត់មានបទពិសោធន៍ព្យាបាលជំងឺអុតក្ដាមលើសត្វជ្រូក។ បទពិសោធន៍នេះ គាត់ចេះពីដូនតាមក។ រោគសញ្ញា វិធីផ្សំថ្នាំ និងការព្យាបាលបង្ហាញដូចខាងក្រោម​។

១. រោគសញ្ញា.  ជ្រូកកើតជំងឺអុតក្ដាមមានរោគសញ្ញាដូចខាងក្រោម។

  • ជ្រូកមិនស៊ីចំណីអាហារ
  • ជ្រូកហៀរទឹកមាត់
  • អន់បាយ ឡើងកំដៅ
  • ចេញស្នាមកន្ទួលក្រហមឬដំបៅ លើជើងមានស្នាមពងបែក ឬពងខ្ទុះនៅមាត់ ច្រមុះ ជើង និងនៅ លើដោះ
  • ជ្រូកអាចរឹងផ្នែកខាងក្រោយពិបាកដើរដោយសារដំបៅនៅលើជើង ជ្រូកដើរដោយជង្គង់(ជ្រូកកើតជំងឺនេះ ក្រិនលូតលាស់យឺត)។

២. ​វិធីផ្សំ និងការព្យាបាល. ដើម្បីព្យាបាលសត្វ គាត់ប្រើធាតុផ្សំដូចខាងក្រោម៖

ក. ធាតុផ្សំ

  • ក្តាមធំ ១ក្បាល បើតូចយក ២
  • ទំពាំង ឬខ្នែងទំពាំង ឫស្សីស្រុក (៧ខ្នែង ឬទំពាំងមួយ កាត់យក៧កង់)
  • ទំពាំង ឬខ្នែងទំពាំង ឫស្សីព្រៃ (៧ខ្នែង ឬទំពាំងមួយកាត់យក ៧កង់)
  • ប្រហុក ៣ ទៅ ៤ចង្វា
  • ទឹកកន្លះលីត្រ។

ខ. វិធីផ្សំ

យកធាតុទាំង៤បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ រួចយកទឹកកន្លះលីត្រ ដាក់ចូលកូរច្របាច់ឲ្យចូលសាច់មួយ ឬច្របាច់ឲ្យចេញជាតិ។

គ. វិធីប្រើ

ទឹកថ្នាំដែលផ្សំរួចច្រកឲ្យសត្វផឹកកន្លះលីត្រ ទៅ ០,៧លីត្រ ផ្សំម្តងបញ្រ្ចកឲ្យសត្វផឹកម្តង។ មួយថ្ងៃបញ្រ្ចកតែម្តងទេរហូតដល់់រយៈពេល៣ទៅ៤ថ្ងៃទើបសត្វជាសះស្បើយ អាស្រ័យលើជំងឺធ្ងន់ឬស្រាល បើជំងឺស្រាលគឺ ១ទៅ២ថ្ងៃ អាចជាហើយ។

លោកពូអះអាងថា ថ្នាំនេះព្យាបាលជំងឺអុតក្តាមលើជ្រូកជាសះស្បើយ។ គាត់ប្រើថ្នាំនេះ ព្យាបាលជ្រូករបស់គាត់ និងបានផ្សព្វផ្សាយដល់អ្នកភូមិក្បែរផ្ទះគាត់ឲ្យព្យាបាលជាសះស្បើយគ្រប់គ្នា។ ប៉ុន្តែមិនទាន់បានផ្សព្វ​ផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យកសិករទូទៅបានសាកល្បងឡើយ។ ដូច្នេះសូមបងប្អូនកសិករដែលជួបប្រទះបញ្ហានេះ សូមសាកល្បងតាមបទពិសោធន៍ខាងលើ ដើម្បីឲ្យដឹងថា តើថ្នាំធម្មជាតិនេះមានប្រសិទ្ធភាពយ៉ាង​ណា?

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។