Home / កសិកម្ម / បទពិសោធន៍ការរៀបចំកសិដ្ឋានពហុប្រយោជន៍ (កសិករ រិន សារ័ត្ន)

បទពិសោធន៍ការរៀបចំកសិដ្ឋានពហុប្រយោជន៍ (កសិករ រិន សារ័ត្ន)

លោក រិន​ សារ័ត្ន ជាកសិកររស់នៅភូមិពញាសៀង ឃុំសេនារាជឧត្ដម ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។ គាត់ជាកសិករសហការជាមួយអង្គការសេដាកនៅឆ្នាំ២០០៣។ ក្រោយពីគាត់ទទួលបាននូវគំនិតថ្មីស្ដីពីកសិកម្មតាមគោលការណ៍ធម្មជាតិមក ធ្វើឲ្យគាត់មានការចាប់អារម្មណ៍ និងធ្វើការសាកល្បងរៀបចំកសិដ្ឋានពហុប្រយោជន៍។ ការរៀបចំនេះក្នុងគោលបំណង៖​

  • ចង់បង្កើននូវកំរិតជីវភាពគ្រួសាររបស់គាត់ឲ្យមានការហូបចុកគ្រប់គ្រាន់
  • ចង់បង្កើនប្រាក់ចំណូលខ្លះសំរាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់កូន
  • បង្កើននូវជីវសាស្ត្រចំរុះ។

១.​ ដំណើរការរៀបចំកសិដ្ឋាន (ការបែងចែកប្លង់កសិដ្ឋាន)

នៅឆ្នាំ២០០៣ គាត់បានសំរេចចិត្តរៀបចំកសិដ្ឋានពហុប្រយោជន៍នៅលើផ្ទៃដីចំនួន៥០អារ​ជាដីស្រែ​។ ដោយគាត់បានធ្វើការបែងចែកចេញជាដីសំរាប់ធ្វើស្រែមានទំហំ២៧អារ ផ្ទៃដីទួលសំរាប់ដាំដំណាំ៥អារ ផ្ទៃដីសំរាប់ជីកស្រះប្រឡាយ១៨អារ។​ ប្រឡាយមានបណ្ដោយ៧៨​ម៉ែត្រ ទទឹង២,៥ម៉ែត្រ និងជំរៅ​៧​តឹក។ ចំណែកដីដែលបានពីជីកប្រឡាយស្រះ គាត់លើកជាទំនប់ដែលមានខ្នងទំនប់ទទឹង១-​១,៤ម៉ែត្រ​ កំពស់៧តឹក​។​ ប្រភេទបន្លែដែលដាំដុះនៅក្នុងកសិដ្ឋានមានជាប្រភេទដំណាំសំរាប់ធ្វើម្លប់ ដំណាំបន្លែ ដំណាំកែប្រែជីជាតិដី និង​ដំណាំប្រចាំរដូវដូចជា ស្វាយ ដំឡូង​ ត្រសក់ អង្គារដី​ ស្វាយចន្ទី ស្ដៅ ដើមសណ្ដែក សង្កែ ត្នោត ដំណាំគំរបដី។ ក្រៅពីគារដាំដំណាំ មានការចិញ្ចឹមត្រី និងមានមាន់នៅក្នុងកសិដ្ឋានផងដែរ។

២. លទ្ធផលដែលទទួលបានក្រោយពីរៀបចំកសិដ្ឋាន (ការវិភាគសេដ្ឋកិច្ចលើការរៀបចំកសិដ្ឋាន)

ក្នុងការរៀបចំកសិដ្ឋាននៅឆ្នាំដំបូង២០០៣ គាត់បានធ្វើការវិនិយោគទៅលើការជួលគេជីកស្រះ​ និងប្រឡាយព្រមទាំងចំណាយផ្សេងៗដូចជា ទិញពូជស្រូវ និងកូនត្រីចិញ្ចឹម​។ សរុបការចំណាយបង្ហាញក្នុងតារាងខាងក្រោម។

ក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារ គាត់ទទួលបានប្រាក់ចំណូលពីកសិដ្ឋានរៀងរាល់ឆ្នាំ។ រីឯប្រាក់ចំណូលមានការកើនឡើងនៅរៀងរាល់ឆ្នាំ ជាពិសេសឆ្នាំ២០០៥ប្រាក់ចំណូលឡើងដល់ ១.១៥០.០០០រៀល។ នៅឆ្នាំ២០០៦​ប្រាក់ចំណូលថយចុះដោយសារស្រូវ និងបន្លែពុំទាន់បានលក់ និងពុំសូវបានទទួលផលដូចឆ្នាំកន្លង​មក (គ្រោះរាំងស្ងួតគ្មានទឹកស្រោច)។

៣. បំរែបំរួលជីជាតិដី បរិស្ថាន ជីវសាស្រ្តចំរុះ និងជីវភាព

មុនរៀបចំកសិដ្ឋាន គាត់ប្រើជីគីមីច្រើនពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យដីមានសភាពរឹងនាំឲ្យដំណាំកាន់តែមានការថយចុះទិន្នផលជារៀងរាល់ឆ្នាំ។ ប៉ុន្តែក្រោយពីបានរៀបចំកសិដ្ឋាន ដីរបស់គាត់មានការប្រែប្រួលច្រើនតាមរយៈការដាំនូវដំណាំគ្របដី (ពពាយ សណ្តែកអង្រែ…) និងការប្រើជីធម្មជាតិ ដំណាំទទួលបានទិន្នផលខ្ពស់។ចំពោះជីវសាស្រ្តចំរុះ គឺសំបូរទៅដោយសត្វមានប្រយោជន៍ច្រើនទាំងនៅក្នុងដី និងលើដីដូចជាជន្លេន កង្កែប គីង្គក់ ថ្លែន។ល។ រីឯបរិស្ថានវិញ គឺក្នុងកសិដ្ឋានមានម្លប់ឈើ មានទឹកអាចធ្វើឲ្យមានបរិយាកាសល្អជាងមុន​ (ពីមុនក្តៅពុំសូវមានដើមឈើ)។

ចំពោះជីវភាពគ្រួសាររបស់គាត់វិញគឹ មានការប្រែប្រួលដោយប្រាក់ចំណូលមានការកើនឡើងតាំងពីពេលចាប់ផ្តើមរហូតមក ជាពិសេសបានកាត់បន្ថយការចំណាយទៅលើការហូបចុកច្រើន។

៤. ចំណាប់អារម្មណ៍របស់ម្ចាស់កសិដ្ឋាន

ក្រោយពីការរៀបចំនូវកសិដ្ឋាននេះឡើងអស់រយៈពេល៤ឆ្នាំមក គាត់មានចំណាប់អារម្មណ៍ថា កសិដ្ឋានពហុប្រយោជន៍របស់គាត់អាចធ្វើឲ្យគាត់ទាញផលប្រយោជន៍បានច្រើនណាស់ ទាំងការទទួលបាននូវប្រាក់ចំណូលធ្វើឲ្យគ្រួសារមានសុខភាពល្អ មានបរិយាកាសបរិសុទ្ធច្រើន កាត់បន្ថយការទិញនូវធនធានពីខាងក្រៅដូចជា ពូជ ជីគីមី ថ្នាំពុលគីមី។

ក្រៅពីនេះគាត់មានគំរោងផែនការ និងរៀបចំកែលំអនូវកសិដ្ឋាននេះឲ្យបានល្អប្រសើជាងមុន ដើម្បីអាច ជួយឲ្យគ្រួសារកាន់តែមានភាពងាយស្រួលច្រើនដូចជា រៀបចំពង្រីកស្រះ ស្តារប្រឡាយ និងធ្វើឲ្យដីកាន់តែសំបូរជីជាតិថែមទៀត។ ជាងនេះទៅទៀត គាត់នឹងធ្វើការរៀបចំផ្សព្វផ្សាយនូវបទពិសោធន៍ដែលគាត់ទទួលបានពីការរៀបចំនេះទៅដល់កសិករផ្សេងទៀត ឲ្យមានជីវភាពធូរធារដូចជារូបគាត់ដែរ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។