Home / កសិកម្ម / បទពិសោធន៍ដាំជីនាងវង (កសិករ សា អ៊ុក)

បទពិសោធន៍ដាំជីនាងវង (កសិករ សា អ៊ុក)

អ្នកមីង សា អ៊ុក រស់នៅភូមិស្វាយមាស ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គាត់ចេះដាំជីនាងវងបានយ៉ាងល្អដែលបទពិសោធន៍នេះ គាត់ចេះមកពីលោកតា លន់ រស់ នៅកៀនស្វាយ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដូច្នេះ យើងសូមលើកមកបង្ហាញជូនដូចខាងក្រោម។

១. ការរៀបចំថ្នាលបណ្តុះ

កាប់ដីបំបែកឲ្យម៉ដ្ឋ និងហាលរយៈពេល៤-៥ថ្ងៃ ដើម្បីឲ្យដីស្ងួតទឹកល្អ។ ក្នុងដី១ម៉ែត្រការ៉េ ប្រើជីកំប៉ុស្ត១០គីឡូ​ក្រាម (ជីកំប៉ុស្តផ្សំពីអាចមន៍គោ ​ចំបើង កាកសំណល់ផ្ទះបាយ ស្លឹកទន្ទ្រានខែត្រ)។ចំពោះការធ្វើថ្នាលបណ្តុះគឺធ្វើនៅលើដីផ្ទាល់។

២. ការសាបគ្រាប់

ក្នុង១ម៉ែត្រការ៉េ គាត់ប្រើពូជអស់១ស្លាបព្រា ​(គ្រាប់ស្ងួត) ដោយសាបផ្ទាល់នៅលើថ្នាលទទឺង១ម៉ែត្រ, បណ្តោយ​២ម៉ែត្រ ដាក់ជីកំប៉ុស្ត១០គីឡូកា្រម។ ការសាបធ្វើឡើងនៅពេលល្ងាចត្រជាក់ បន្ទាប់ពីសាបហើយ គាត់ចាប់ផ្តើមថែទាំស្រោចទឹក បោចស្មៅ ធ្វើរហូតដល់កូនជីអាយុបាន១៥ថ្ងៃ ទើបដកយកមកដាំនៅលើរង។

៣. ការរៀបចំដី និងការដាំ

ក. ការរៀបចំដី. កាប់ដីហាលរយៈពេល៧ថ្ងៃ ក្នុងកំឡុងពេលនេះ ត្រូវឧស្សាហ៍កាប់ត្រឡប់ដី  ដើម្បីឲ្យដីឆ្អិនល្អ។ បន្ទាប់មក គាត់លើករងដែលមានទទឹង៣,៥ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ ក្នុង១រងប្រើជីកំប៉ុស្តទ្រាប់បាតចំនួន​៦អំរែក​ស្មើនឹង៦០គីឡូក្រាម និងអាចម៍ប្រជៀវចំនួន១គីឡូក្រាម។

ខ. ការដាំ. មុនដាំត្រូវពង្រាបដីលើរងឲ្យស្មើល្អ និងស្រោចទឹកឲ្យជោគទុករយៈពេល៥ម៉ោង​ទើបយកកូនមកដាំ ដោយដាំនៅពេលល្ងាច។ ក្នុង១រណ្តៅដាំ៣ដើម និងចន្លោះពីរណ្តៅមួយទៅមួយមានប្រវែង ២តឹក​។

៤. ការថែទាំ

ក្រោយពេលដាំបានរយៈពេល២ថ្ងៃ ទើបចាប់ផ្តើមស្រោចទឹក ព្រោះដើម្បីឲ្យឫសប្រឹងលូតចាក់ចូលទៅក្នុងដី។ រយៈពេល១សប្តាហ៍ដំបូងគឺគ្រាន់តែស្រោចទឹកឲ្យសើមតិចៗតែប៉ុណ្ណោះ ដើម្បីជៀសវាងរលួយគល់ ព្រោះឫសរបស់វាមិនទាន់មានការលូតលាស់ល្អ។ លុះដល់សប្តាហ៍ទី២ ទើបស្រោចទឹកឲ្យសើមខ្លាំងតែម្តង។

ការដាក់ជីបំប៉ន. ដាំបានរយៈពេល១អាទិត្យ ចាប់ផ្តើមស្រោចទឹកជីកំប៉ុស្ត (ធាតុផ្សំមាន អាចម៍គោស្រស់ ទន្ទ្រាន​ខែត្រ ស្លឹកអង្កាញ់ កាកសំណល់ផ្ទះបាយ និងទឹកនោមមនុស្សឬទឹកនោមគោ) ១លីត្រ លាយជាមួយទឹកធម្មតា២០លីត្រ និងលាយអាចម៍ប្រចៀវស្រោចលើរងឲ្យជោគ។ ការស្រោចលើកទី២ធ្វើឡើងរយៈពេល៥ថ្ងៃបន្ទាប់ពីស្រោចលើកទី១ ដោយបន្ថែមទឹកជីចំនួន២លីត្រ លាយទឹកធម្មតាចំនួន ២០លីត្រ។ គាត់ស្រោចរបៀប​នេះជារៀងរាល់៥ថ្ងៃម្តង ប៉ុន្តែអ្វីដែលប្រែប្រួលគឺចំនួនទឹកជីមានការកើនឡើងរហូតដល់៥-៦លីត្រ និងបរិមាណទឹកលាយគឺនៅដដែល។ ការបង្កើនទឹកជីច្រើន ដោយសារដើមជីកាន់តែធំ ដូច្នេះវាត្រូវការស្រូបយកជីជាតិខ្លាំង ដើម្បីឲ្យដងដើមរបស់វារីកធំ និងបែកមែកច្រើន។ម្យ៉ាងវិញទៀត ជារៀងរាល់១០ថ្ងៃ ចាប់ផ្តើមធ្វើការបោចស្មៅ និងបំផុសដីម្តង ដើម្បីកុំឲ្យស្មៅដណ្តើមជីពីដីនិងធ្វើឲ្យដីធូរ។

តាមរយៈការអនុវត្តកន្លងមក គាត់សង្កេតឃើញថា បញ្ហាដែលជួបប្រទះលើការដាំជីនាងវងនេះគឺមាន ស្រមោច​ស៊ីគ្រាប់នៅក្នុងថ្នាលសាប និងក្រារោមស្លឹក។ ដំណោះស្រាយគាត់បានប្រើផេះ ដើម្បីទប់ស្កាត់កុំឲ្យស្រមោចពាំគ្រាប់ចេញពីថ្នាល។ចំពោះកា្ររោមស្លឹក គាត់បានដកដើមដែលទទួលរងការបំផ្លាញយកទៅដុតចោល។

៥. ការប្រមូលផល

ក្រោយពីដាំបានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមកាត់ប្រមូលផលបានជាបណ្តើរៗ ប៉ុន្តែរយៈពេលដែលផ្តល់ផលពេញ​លេញនោះ  គឺនៅពេលជីមានអាយុបាន២៥ថ្ងៃ។ ជាទូទៅ ទិន្នផលក្នុងមួយរងប្រមូលបានប៉ុន្មាននោះគាត់មិន​បានគិតទេ ព្រោះគាត់កាត់លក់រាយនៅផ្ទះ នៅលើផ្ទៃដីទំហំ ២១ម៉ែត្រការ៉េ។

ចំណាប់អារម្មណ៍

ក្រោយពីបានអនុវត្តមក អ្នកមីងបានមានប្រសាសន៍ថា ជីនាងវងងាយស្រួលដាំចំណាយពូជអស់តិច ងាយស្រួលថែទាំ ជាពិសេសអាចដាំបានគ្រប់រដូវ និងអាចជួយឲ្យដំណាំផ្សេងៗទៀតដែលដាំនៅក្បែរ អាចជៀសផុត​ពីការបំផ្លាញរបស់សត្វល្អិតបានទៀតផង។លើសពីនេះទៅទៀត វាមានតម្រូវការទីផ្សារច្រើន។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។