Home / កសិកម្ម /   ការដាំដំណាំខ្ចឹមខ្យល់ (កសិករ ងៀម លួច)

  ការដាំដំណាំខ្ចឹមខ្យល់ (កសិករ ងៀម លួច)

ប្អូនស្រី ងៀម​ លួច  រស់នៅភូមិឫសត្របែក ឃុំកូនសត្វ ស្រុកទឹកឈូក ខេត្តកំពត។ មានមុខរបរជាអ្នកដាំបន្លែ​លក់។ បន្លែ​ដែលប្អូនបានដាំកន្លងមកមានស្ពៃខាត់ណា ត្រសក់ ​ម្រះ ខ្ទឹមស។ល។​​ ក្រៅពីនេះ ប្អូនបានដាំខ្ទឹមខ្យល់ដែលប្រើតែជីធម្មជាតិ​ (មានលាមកសត្វមាន់ ទា ជ្រូក និងជីទឹកត្រាំកូនត្រី)​ដែលមានការលូតលាស់ល្អ និងបានទិន្នផលខ្ពស់។ បទពិសោធន៍នេះ សូមលើកយកមកបង្ហាញដូចជាខាងក្រោម។

១. របៀបរៀបចំរងដាំ

ប្អូនស្រីបានជ្រើសរើសកន្លែងដាំនៅលើដីទួលដោយកាប់ដីហាលរយៈពេល ១សប្ដាប៍។ បន្ទាប់ មកទើបជ្រុំកាប់លើកជារងដែលមានទទឹង ១ម៉ែត្រ,​ បណ្ដោយ ១០ម៉ែត្រ, កំពស់រង ០,២៥ម៉ែត្រ (២,៥ តឹក) ចន្លោះពីរងមួយ ៤​តឹក។ ក្រោយពីលើករងហើយ គាត់បានហាលរយៈពេល​១ថ្ងៃ ទើបដាក់ជីលាមកសត្វពុកផុយប្រមាណ១០​គីឡូ​ក្រាម ក្នុង១រង ជ្រុំបញ្ចូលទៅក្នុងដី។

២.​ របៀបដាំ និងការថែទាំ

ក្នុងការដាំនេះ ប្អូនបានដកបំបែកកូនដាំដោយក្នុង១រង ដាំ៥​ជួរ ចន្លោះពីដើមមួយទៅមួយ ១ តឹក​ ក្នុង១​រណ្ដៅដាំ២​ដើម។ បន្ទាប់ពីដាំរួច​ ប្អូនចាប់ធ្វើការស្រោចទឹក១ថ្ងៃ​២ដង​ (ព្រឹក​ និងល្ងាច) ​នៅពេលគ្មានភ្លៀង។ ដាំបានរយៈពេល១​សប្ដាហ៍ ចាប់ផ្ដើមធ្វើស្មៅ និងដាក់ជីបំប៉ន (ជីលាមកគោ និងប្រចៀវ) ប្រមាណ ៣ គីឡូ​ក្រាម ដាក់នៅតាមចន្លោះគុម្ព។

ចំពោះជីទឹកគាត់បានយកក្បាលត្រីសមុត្រ៥គីឡូក្រាម ត្រាំជាមួយទឹក៣​អំរែក (ធុងស្បេត្រូល) ត្រាំរយៈពេល​១០ថ្ងៃ យកទឹកត្រាមត្រីនោះចំនួន១លីត្រ លាយជាមួយទឹក១៥លីត្រ ស្រោចនៅពេលល្ងាច លុះពេលព្រឹកព្រលឹម ស្រោចទឹកធម្មតាលាងចេញដើម្បីកុំឲ្យស្លោកស្លឹកពេលត្រូវពន្លឺព្រះអាទិត្យនៅពេលថ្ងៃ។ ជីទឹកនេះគាត់ស្រោចរយៈពេល ១សប្ដា៍ម្ដង។

៣. ការដកបំបែកកូនលក់

ក្រោយពីបំបែកកូនដាំបាន១ខែ ខ្ទឹមដុះបែកគុម្ពអាចលក់បាន។ ក្នុងមួយរង ដែលមានទទឹង ១ម៉ែត្រ, បណ្តោយ១០ម៉ែត្រ គាត់ដកបំបែកបានខ្ទឹម១៥គីឡូក្រាម។ គាត់ដាំខ្ទឹមបានចំនួន១៥រង​ សរុបប្រមាណ ២២៥គីឡូក្រាម ដកក្នុង១សា។ ក្នុងការដាំនេះប្អូនដកបាន២សា ទើបកាប់រងដាំថ្មី តែបើទុកយូរធ្វើឲ្យទឹកជ្រាបចូលគល់រលួយគល់។ ប្អូនស្រីបានបន្ថែមទៀតថា បើយើងដកទាំងគុម្ពមិនបំបែកកូនក្នុង១រង បាន​២៥គីឡូក្រាម ដូច្នេះការដកបំបែកកូន២សានេះ បានផលចំណេញជាងដកទាំងគុម្ពលក់។ក្រោយពីការដកបំបែកកូន១សា គាត់បំប៉នជីគោក និងជីទឹកក្នុងបរិមាណដូចខាងលើ។

ក្នុងការដាំខ្ទឹមនេះ ប្អូនទទួលបានប្រាក់ចំណូលក្នុង១សា ៥៦២.៥០០រៀល សរុប២សា ១.១២៥.០០០រៀល (ខ្ទឹម១គីឡូក្រាម លក់បានតំលៃ ២.៥០០រៀល)។ ចំណាយលើការទិញកូនត្រីត្រាំអស់បន្តិចបន្តួច ចំណែកជីលាកមកសត្វ និងប្រចៀវរកបានដោយខ្លួនឯង។

៤. ចំណាប់អារម្មណ៍របស់កសិករ

ក្នុងការដាំខ្ទឹមនេះ ប្អូនស្រីចាប់អារម្មណ៍ថា ខ្ទឹមត្រូវជាមួយជីធម្មជាតិណាស់ មិនពិបាកដាំទេ ហើយក៏មានទីផ្សារដែរ។ ក្នុងការជ្រើសរើសមុខបន្លែនេះ ប្អូនមើលទៅតាមតំរូវការទីផ្សារនិងរដូវដាំដុះ។នៅស្រុកភូមិរបស់ប្អូន យុវជនយុវនារីចូលចិត្តប្រកបរបរដាំលក់ មិនចូលចិត្តធ្វើចំណាកស្រុកទៅធ្វើការក្រៅទេ ព្រោះបានចំណូលតិចជាងដាំបន្លែលក់។ ប្អូនស្រីបន្តទៀតថា ឲ្យតែឧស្សាហ៍មិនខ្វះការងារ និងប្រាក់ចាយឡើយ។ ទៅថ្ងៃខាងមុខប្អូននឹងបន្តការងារដាំបន្លែ និងធ្វើស្រែទៀត។

សរុបបច្ចេកទេសល្អៗក្នុងការដាំខ្ទឹមមាន៖

  • ការកាប់ដីហាលឲ្យស្ងួតទើបលើកជារងដាំ
  • ដាក់ជីលាមកសត្វពុកផុយនៅបាតរង
  • បំបែកកូនខ្ទឹមដាំក្នុង១គុម្ព ពី១ទៅ២ដើម និងចន្លោះពីដើម ១ទៅ១មួយតឹក
  • ថែទាំដកស្មៅ ស្រោចទឹក និងដាក់ជីបំប៉នក្រោយពីដាំបាន១សប្តាហ៍
  • ប្រើជីទឹក ​(ត្រាំកូនត្រី) ស្រោចបំប៉នស្លឹក១អាទិត្យម្តង (ស្រោចនៅពេលល្ងាច)
  • ស្រោចទឹក ថែទាំ និងដាក់ជីបំប៉នបន្ថែមក្រោយពីដកបំបែកកូនលក់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។