Home / កសិកម្ម / ស្រែល្អ

ស្រែល្អ

ការទទួលទិន្នផលស្រូវខ្ពស់ គឺជាគោលបំណងរបស់អ្នកប្រកបមុខរបរធ្វើស្រែគ្រប់ៗគ្នា។ទិន្នផលស្រូវរបស់ស្រែនីមួយៗ គឺវាអាស្រ័យលើទិន្នផលរបស់ស្រូវមួយគុម្ពៗ ដែលលូតលាស់ក្នុងស្រែ។ ដូច្នេះប្រសិនបើលោកអ្នកចង់បានទិន្នផលខ្ពស់ ទាល់តែត្រូវធ្វើយ៉ាងណាឲ្យស្រូវគ្រប់គុម្ពក្នុងស្រែមានការលូតលាស់ឲ្យផលល្អដូចៗគ្នា ដែលខ្ញុំហៅថា ស្រែល្អ

ការរៀបចំឲ្យមានស្រែល្អ ឬស្រែដែលមានស្រូវគ្រប់គុម្ពលូតលាស់បានល្អដូចៗគ្នា ត្រូវអនុវត្តតាមគោលការណ៍សំខាន់ៗរបស់ប្រព័ន្ធប្រពលវប្បកម្មស្រូវ (ប.វ.ស.) ដូចខាងក្រោម៖

១. ដីស្រែត្រូវរាបស្មើល្អ។

២. ជីត្រូវដាក់ឲ្យបានស្មើគ្នា ជាពិសេសត្រូវប្រើជីកំប៉ុស្ត និងដាំសណ្តែកធ្វើជាជីស្រស់ឲ្យបានច្រើន។

៣. ត្រូវស្ទួងតែសំណាបថ្លោសល្អដូចៗគ្នា។

៤. ចំនួនដើមស្រូវដែលស្ទួងក្នុង ១គុម្ពៗត្រូវស្មើគ្នា ឧទាហរណ៍ ១ដើម ឬ ២ដើម ឬ ៣ដើមស្មើៗគ្នា។ យកល្អគួរស្ទួងតែសំណាបថ្លោស ១ដើមៗបានហើយ ដោយវាអាចមានសេរីភាពគ្រប់គ្រាន់ក្នុងការលូតលាស់បានល្អ។

៥. ស្រូវត្រូវមានចន្លោះគុម្ពស្មើៗគ្នា។ ចម្ងាយពីចន្លោះគុម្ពមួយទៅចន្លោះគុម្ពមួយប្រែប្រួលទៅតាមពេលវេលាស្ទួង អាយុសំណាប ជីជាតិដី និងស្ថានភាពទឹកក្នុងស្រែ។ ជាពិសេសសម្រាប់ស្រូវ​វស្សាប្រកាន់រដូវ អ្នកត្រូវស្ទួងរាងរង្វើលនៅដើមរដូវ និងកាន់តែកៀកនៅចុងរដូវ។

លើសពីនេះទៀត ដើម្បីទទួលបានផលកាន់តែខ្ពស់ពីស្រែល្អ លោកអ្នកគួរតែអនុវត្តតាមគោលការណ៍សំខាន់ៗមួយចំនួនទៀតរបស់ ប.វ.ស.៖

១. គួរប្រើប្រាស់សំណាបអាយុតិចជាង ១៥ថ្ងៃ ដើម្បីឲ្យសន្ទួងមានពេលគ្រប់គ្រាន់សម្រាប់បែកគុម្ពបានច្រើន។ តែក្នុងករណីប្រើសំណាបចាស់ ចន្លោះគុម្ពស្ទួងត្រូវកៀកជាងប្រើសំណាបខ្ចី។ សម្រាប់ស្រែដែលមានទឹកច្រើនគេគួរប្រើសំណាបរាងចាស់បន្តិច។

២. កុំឲ្យមានទឹកដក់ច្រើនពេកនៅក្នុងស្រែពេលស្ទួង និងពេលស្រូវកំពុងលូតលាស់បែកគុម្ព ពីព្រោះវានាំឲ្យឫសលូតលាស់មិនសូវបានល្អ ដោយសារការខ្វះខាតខ្យល់។

៣. ការធ្វើស្មៅបំផុសដី ជួយនាំខ្យល់ចូលក្នុងដី ជួយឲ្យឫសលូតលាស់បានល្អ និងកំចាត់រុក្ខជាតិប្រកួតជាមួយស្រូវ (ស្មៅ)។

   ៤. គ្របដីចន្លោះគុម្ពស្រូវ ដោយប្រើប្រាស់សារធាតុសរីរាង្គផ្សេងៗដូចជា ស្លឹកឈើ ចំបើង អង្កាម ស្មៅងាប់។ល។ ជួយរក្សាសំណើមក្នុងដី ការពារមិនឲ្យស្មៅលូតលាស់ និងផ្តល់នូវជីជាតិបន្ថែមដល់ការលូតលាស់របស់ស្រូវ។

៥. ការផលិត និងបាញ់ជីទឹកទៅលើស្រូវនៅពេលកំពុងបែកគុម្ព និងជិតចេញផ្កាឲ្យបានច្រើនដង (លើសពី ៣ដង) ជួយឲ្យស្រូវលូតលាស់បានកាន់តែល្អថែមទៀត។

៦. ការជ្រើសរើស និងបន្សុទ្ធពូជស្រូវជារៀងរាល់ឆ្នាំ ដោយរើសយកតែកួរដែលវែងល្អ ស្មែងវែងល្អ និងគ្រាប់ពេញល្អសម្រាប់ដាំដុះបន្ត។

ជាសរុបមក ខ្ញុំជឿជាក់ថា ការអនុវត្តផ្គុំចូលគ្នាឲ្យបានល្អនូវគោលការណ៍ (៥+៦) ដូចរៀបរាប់ខាងលើនឹងនាំឲ្យស្រែរបស់លោកអ្នកក្លាយជាស្រែល្អដាច់ខាត និងបានផលខ្ពស់ជាប់ជានិច្ច៕

 

បណ្ឌិត  យ៉ង  សាំងកុមារ

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ស្វែងយល់៖ ពិនិត្យមុននឹងបញ្ឆេះម៉ាស៊ីន របៀបបញ្ឆេះម៉ាស៊ីន និងរបៀបបញ្ឈប់ម៉ាស៊ីន (ឧបករណ៍កសិកម្ម)

មានបងប្អូនកសិករមួយចំនួនបានដឹងអំពីការពិនិត្យ របៀបបញ្ឆេះ និងរបៀបបញ្ឈប់ម៉ាស៊ីន ដែលជាឧបករណ៍កសិកម្មរួចហើយ ប៉ុន្តែក៏នៅមានកសិករខ្លះមិនទាន់បានដឹងនូវចំណុចទាំងនេះនៅឡើយទេ។ ដើម្បីជាចំណេះដឹងដល់ប្រជាកសិករ សហគមន៍សម្បូរសប្បាយ  បង្ហាញអត្ថបទនេះ ដែលដកស្រង់ចេញពីសៀវភៅ ណែនាំអំពីបច្ចេកទេសនៃការប្រើប្រាស់ និងការដំឡើងឧបករណ៍កិនគ្រាប់ធញ្ញជាតីខ្នាតតូច។