Home / កសិកម្ម / បទពិសោធន៍ដាំអំពៅ (កសិករ មាច អាង)

បទពិសោធន៍ដាំអំពៅ (កសិករ មាច អាង)

លោកពូ មាច អាង ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិអង្ក្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការដាំអំពៅ ដែលបទពិសោធន៍នេះ គាត់ចេះតៗគ្នាពីអ្នកភូមិ និងតាមរយៈការអានទស្សនាវដ្តីកសិកររបស់អង្គការសេដាក។

លោកពូមានប្រសាសន៍ថា ដីដែលដាំអំពៅនេះពី​មុនជាដីស្រែ ហើយការធ្វើស្រែមិនសូវទទួលផលបានប៉ុន្មានទេ ទើបគាត់ដូរមកដាំអំពៅវិញ ដែលអាចទទួលបានផលច្រើនជាង។ ចំពោះបទពិសោធន៍នៃការដាំអំពៅមានបង្ហាញជូនដូចខាងក្រោម។

១. ការរៀបចំដីមុនដាំ

គាត់កាប់ដីចំនួន២ទៅ៣លើក ដើម្បីធ្វើឲ្យដីម៉ដ្ឋល្អសម្លាប់ស្មៅ សត្វល្អិតចង្រៃ និងហាលដីឲ្យ  ស្ងួត។ បន្ទាប់ពីកាប់ដីហាលបានស្ងួតល្អ ហើយគាត់កាប់លើកជារងតូច ដាក់លាមកគោពុកផុយឲ្យបានច្រើន។ នៅពេលដាំគាត់កាប់ជារណ្តៅតូចៗជំរៅ២តឹក និងទំហំ១,៥ទៅ២តឹកបួនជ្រុង និងទុកចន្លោះ ៣តឹកពីរណ្តៅមួយទៅមួយ និងចន្លោះរង០,៤ម៉ែត្រ។ គាត់ដាក់ជីអង្កាមដែលដុតសុះលាយជាមួយជីលាមកសត្វពុកផុយនៅលើរង និងនៅតាមរណ្តៅ។

២. ការត្រៀមពូជដាំ និងការដាំ

គាត់បានជ្រើសរើសអំពៅដែលមានអាយុពី៦ទៅ៨ខែយកទៅដាំ។ ក្នុងការដាំ គាត់បានកាប់ដើមអំពៅជា​កង់​ៗដោយយកផ្នែកកណ្តាលនៃដើម។ ក្នុង១កង់ (កំណាត់) មានប្រវែង២ទៅ៣តឹក ដោយលៃយ៉ាងណាឲ្យជាប់ភ្នែក២ទៅ៣។ ក្រោយពីត្រៀមពូជដាំហើយ គាត់បានយកកំណាត់ដើមទៅកប់ដាំនៅក្នុងរណ្តៅ ដោយក្នុង​១​រណ្តៅដាំមួយកង់។ ក្នុងការដាំគាត់បានដាក់កំណាត់ដើមផ្តេកលៃយ៉ាងណាឲ្យពន្លកថិតនៅខាងលើ រួចលុបដីពីលើតិចៗហើយស្រោចទឹក។ ក្រោយពីដាំហើយ គាត់បានយកចំបើងរោយពីលើដើម្បីការពារការហួតសំណើម។

៣. ការថែទាំ

  • ក្រោយពីដាំបានរយៈពេល១០ថ្ងៃ អំពៅដុះពន្លក និងមានដុះស្លឹក គាត់ចាប់ផ្តើមធ្វើស្មៅ និងស្រោចទឹក (ព្រឹក ល្ងាច)។ ក្រោយពីដាំបាន១ខែ គាត់បានដាក់ជីពុកផុយ រួចពូនគល់អំពៅម្តងទៀត។ ធ្វើការលះស្លឹកពូនគល់ធ្វើឡើងរយៈពេល២០ថ្ងៃម្តង ដើម្បីជួយជំរុញឲ្យអំពៅមានថ្នាំងដុះលូតលាស់បានវែងល្អ និង​ជួយទប់ដើមកុំឲ្យបាក់ពេលមានភ្លៀងខ្យល់។
  • គាត់ស្រោចទឹករាល់១៥ទៅ២៥ថ្ងៃម្តងនៅរដូវប្រាំងក្រោយអំពៅអាយុបាន១ខែ។ ប៉ុន្តែបើករណីសង្កេតឃើញដីគ្មានសំណើមស្ងួតខ្លាំង គាត់ស្រោចទឹកភ្លាមៗតែម្តង ដោយមិនរង់ចាំដល់រយៈពេល២០ថ្ងៃឡើយ​។ ដើម្បីឲ្យអំពៅមានដើមធំល្អ គាត់បានកាប់កូនអំពៅចេញខ្លះ ដោយរក្សាទុកពី ៥ទៅ៦ដើមក្នុង១​គុម្ព។

៤. ការប្រមូលផល និងការរក្សាទុកពូជ

ក្រោយពីដាំបានរយៈពេល៦ខែ អំពៅលូតលាស់បានល្អមានរសជាតិផ្អែម មានទឹកច្រើនអាចប្រមូលផលបាន​។ ក្នុង១គុម្ពអំពៅមានចំនួន៧ដើម គាត់បានកាប់អំពៅដោយទុកប្រវែង១តឹកពីដី ដើម្បីឲ្យដុះពន្លកបន្ត។ ក្រោយពីកាប់ហើយគាត់បានថែមជីបំប៉ននៅចន្លោះរងមានលាមកសត្វពុកផុយ និងជីអង្កាមហើយបន្តស្រោចទឹកដើម្បីឲ្យវាដុះពន្លក។ ក្នុងរយៈពេល៦ខែ គាត់អាចលក់អំពៅបានលុយប្រមាណ ២៥០.០០០រៀល។ គាត់ជ្រើសរើសពូជអំពៅដែលគាត់បានដាំដោយយកដើមណា ដែលត្រង់ថ្លោសល្អពុំមានសត្វបំផ្លាញយកទៅធ្វើពូជដាំបន្ត។

៥. បញ្ហាដែលធ្លាប់ជួបប្រទះ និងដំណោះស្រាយ

ការដាំដំណាំអំពៅរបស់គាត់តែងតែជួបប្រទះបញ្ហាដូចជា ប្រេះដើមបន្តិចបន្តូច។ តាមរយៈការសង្កេតឃើញ ថា ការប្រេះដើមបណ្តាលមកពីភាពរាំងស្ងួតទឹកមិនគ្រប់គ្រាន់។ គាត់បានបញ្ចូលទឹកតាមចន្លោះរង និងលះស្លឹកងាប់ៗចោលកុំឲ្យមានភាពស៊ុបទ្រុប ដែលធ្វើឲ្យពន្លឺចាំងចូលមិនបានគ្រប់គ្រាន់នាំឲ្យអំពៅកើតជំងឺ។ នៅពេលមានពន្លឺគ្រប់គ្រាន់អំពៅមានរសជាតិផ្អែម។ ពេលដាំអំពៅលៃយ៉ាងណាឲ្យការប្រមូលផលចំរដូវត្រជាក់ (រាំងស្ងួត) កំឡុងខែ១ ឬខែ២។

៦. ចំណាប់អារម្មណ៍

លោកពូមានចំណាប់អារម្មណ៍ថា ការដាំដំណាំអំពៅមិនមានលំបាកច្រើនដូចដំណាំផ្សេងៗទេ។ ដូចនេះធ្វើឲ្យគាត់មានសេចក្តីរីករាយជាខ្លាំង ដោយការដាំដំណាំនេះវាបានចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់គ្រួសាររបស់គាត់បានច្រើន ហើយការដាំអំពៅនេះជាការងារមួយ ដែលងាយស្រួលដាំ និងថែទាំជាងដំណាំផ្សេងៗ ពីព្រោះវាមិនសូវរើសដី និងអាចមានពេលវេលាធ្វើការងារផ្សេងទៀតបានច្រើន​។ គាត់សង្ឃឹមថា កសិករផ្សេង​ៗក្នុងភូមិនឹងអនុវត្តតាមគាត់ជាមិនខាន ហើយគាត់កំពុងធ្វើការដាំអំពៅបន្ថែមលើដីចំនួន១ហិកតាបន្ថែមទៀត៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។