Home / ទេសចរណ៍ / ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវការពេលបន្ថែម

ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវការពេលបន្ថែម

ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេលដោយមូលហេតុបច្ចេកទេសចាំបាច់មួយចំនួន។

លោក លោក អន សុភាព មន្ត្រីបច្ចេកទេសប្រចាំការដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បញ្ជាក់ថា តាមលទ្ធផលជាក់ស្តែងការជួសជុលអនុវត្តបានត្រឹមតែ១៥%​ប៉ុណ្ណោះ ព្រោះយើងបានចំណាយពេលវេលាច្រើនលើការងារស្រាវជ្រាវ និងវិភាគបច្ចេកទេស ដូចជារចនាសម្ព័ន្ធនិងសម្ភារៈសំណង់ ស្ថានភាពនៃការខូចខាតរបស់ថ្ម គុណភាពថ្ម ស្ថានភាពដីដែលបង្ហាប់នៅក្នុងស្ពានហាល និងលទ្ធផលពិសោធលើការបុកបង្ហាប់ដីសាកល្បងចំនួន១០ម៉ែត្របានជោគជ័យ។


ម្យ៉ាងវិញទៀត ការជួសជុលលើកនេះ គឺមានការខុសប្លែកពីការជួសជុលនៅសម័យបារាំង និងការជួសជុលក្នុងដំណាក់កាលទី១ ដោយក្រុមអ្នកជំនាញផ្នែកអភិរក្សរបស់អាយស៊ីស៊ី-អង្គរ បានតម្រូវមិនឱ្យមានការរុះរើជញ្ជាំងស្ពានថ្មបាយក្រៀមនេះឡើយ ដោយត្រូវរក្សាស្លាកស្នាមនៃការជួសជុលនៅក្រោយសម័យអង្គរទុកជាប្រវត្តិសាស្ត្រ ថ្វីត្បិតតែរចនាសម្ព័ន្ធសំណង់ស្ពាននេះមានការខូចខាតខ្លាំងក៏ដោយ។


លោក អន សុភាព បន្តថា នេះជាចំណុចពិសេសមួយដែលលំបាកបំផុតសម្រាប់ការជួសជុល ដែលទាមទារឱ្យក្រុមអ្នកជំនាញរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសដើម្បីទប់ពង្រឹងរចនាសម្ពន្ធសំណង់ប្រកបដោយគុណភាពខ្ពស់ ហើយមិនប៉ះពាល់ដល់សំណង់ស្ពានចាស់ ដែលទ្រុឌទ្រោមខូចខាតដោយសារអាយុកាលនៃវត្ថុធាតុដើម ការត្រាំក្នុងទឹកជាប្រចាំ។ ដូច្នេះហើយ ក្នុងការជួសជុលនេះ ក្រុមការងារចាំបាច់ត្រូវរក្សាភាពដើមឱ្យបានច្រើនបំផុត ដោយប្រើបច្ចេក​ទេសនិងសម្ភារៈទំនើបខ្លះ លាយនឹងបច្ចេកទេសបុរាណ ដើម្បីពង្រឹងរចនាសម្ពន្ធ​សំណង់ឱ្យជាប់មាំបានល្អ។

សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងរវាងអាជ្ញាធរជាតិអប្សរាជាមួយ និងសាកលវិទ្យាល័យសូហ្វយ៉ាប្រទេស​ជប៉ុន ការជួសជុលស្ពានហាលប្រាសាទអង្គរវត្តមានរយៈពេល៥ឆ្នាំ (២០១៥-២០២០) និងគ្រោងបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២០៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។