រស្មីសំយោគ គឺជាដំណើរការដែលកោសិការុក្ខជាតិចាប់យកថាមពលពន្លឺព្រះអាទិត្យ រួចប្រើប្រាស់ថាមពលនេះផលិតជាអាហាររបស់វាដើម្បីរស់។ រុក្ខជាតិដែលនៅក្រោមម្លប់តែងតែទេរទៅរកពន្លឺព្រះអាទិត្យ។ ប្រសិនបើរុក្ខជាតិទាំងនោះមិនអាចទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ទេនោះ ពួកវានឹងស្រពោនស្វិតរួចហើយនឹងងាប់ជាមិនខានឡើយ។ ដូច្នេះ រុក្ខជាតិប្រើប្រាស់ពន្លឺព្រះអាទិត្យដើម្បីផលិតអាហារសម្រាប់ខ្លួនវា ហៅថា «រស្មីសំយោគ»។
នៅក្នុងស្លឹករុក្ខជាតិ គឺពន្លឺព្រះអាទិត្យធ្វើឲ្យឧស្ម័នកាបូនឌីអុកស៊ីត(CO2) និងទឹក(H2O) មានប្រតិកម្មជាមួយគ្នា រួចបង្កើតបានសារធាតុគីមីម្យ៉ាងឈ្មោះថា គ្លុយកូស(C6H12O6) គឺស្ករ។ គ្លុយកូសគឺជាអាហាររបស់រុក្ខជាតិ។
កត្តាមួយចំនួនមានឥទ្ធិពលលើដំណើររស្មីសំយោគ៖
- អាំងតង់ស៊ីតេពន្លឺ
- ទឹក
- បរិមាណឧស្ម័នកាបូនិច
- ស៊ីតុណ្ហភាព៕