លក្ខណៈរុក្ខជាតិ. ជាប្រភេទរុក្ខតិណជាតិ មានកំពស់ ៤០-១០០ស.ម. ដើមត្រង់។
ស្លឹក. ស្លឹកទោលទន់រាងស្រួចគល់និងស្រួចចុងបន្តិច ពាក់កណ្តាលតួស្លឹកមកខាងចុងគឺគែមស្លឹកមានរាងដូចធ្មេញរណារតូចៗ ទងស្លឹកខ្លីដុះចេញពីដើម ឯទំហំស្លឹកបណ្តោយ ៣,៥-៥ស.ម. ទទឹង២,៥-៤ស.ម.។
ផ្កា. ពណ៌សដុះចេញពីខាងចុងនៃដើម ដែលមានព្រុយដុះចេញពីផ្កាចាស់ៗផ្នែកខាងក្រោមដូចនឹងពុកមាត់សត្វឆ្មា។
កន្លែងដាំដុះ. ដុះតាមភូមិ, ដីចំការ, ដីសើម, ដីវាលទំនាប។
ផ្នែកប្រើប្រាស់. រុក្ខជាតិទាំងមូល។
រសជាតិ. សាប ធាតុមធ្យម (មិនក្តៅ មិនត្រជាក់)។
សូមកុំច្រឡំរវាងដើមពុកមាត់ឆ្មា និងដើមសុកឆ្មា។ ដើមសុកឆ្មា មិនមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺដូចដើមពុកមាត់ឆ្មាទេ។
សមាសធាតុគីមី. ដើមមាន Acalyphine, glucosid, cyanogenetic, triacetonamine, HCN, ព្រមទាំងមានជាតិគីមីពុលខ្លាំងម៉្យាងដែលគេមិនទាន់រកឃើញនៅឡើយ។
ការព្យាបាល. ដើមពុកមាត់ឆ្មា គឺជាថ្នាំបន្សាបជាតិអាស៊ីតអ៊ុយរិចក្នុងឈាម, ជួយរំលាយគ្រួសនៅក្នុងតម្រងនោម, លើសឈាម, បន្ថយការរីករាលដាលនៃជំងឺមហារីកដោះ-ខួរឆ្អឹង, រំលាយស្លេស្ម៍, បំបាត់ក្អក, ហត់, ផ្សះ, បន្ទន់លាមក, រលាកទងសួត, រលាកសួត, ឈាមច្រមុះ, រមាស់, ពស់ចឹក, សម្រួលការងារបេះដូង និងសរសៃឈាម។
ដើមពុកមាត់ឆ្មានៅកសិដ្ឋានមួយក្នុប្រទេសខ្មែរ
របៀប និងកម្រិតប្រើ
- បន្សាបជាតិអាស៊ីតអ៊ុយរិចក្នុងឈាម (ដែលជាមូលហេតុបណ្តាលឲ្យរលាកសន្លាក់) បន្ថយការរលាក និងហើមសន្លាក់។ បន្ថយកំណកកំបោរនៅក្នុងតម្រងនោម (រំលាយគ្រួសនៅក្នុងក្រលៀន) ជួយសម្រួលការបញ្ចេញទឹកនោម។ ការប្រើគឺហាលឲ្យស្ងួត ដាំទឹកផឹកដូចផឹកទឹកតែប្រចាំថ្ងៃ។
- រំលាយស្លេស្ម៍ បំបាត់ក្អក ហត់ ផ្សះ បន្ទន់លាមក រលាកទងសួត រលាកសួត. កម្រិតប្រើ (ស្ងួត) ១៥-៣០ក្រាមក្នុង១ថ្ងៃ (ស្ងោរផឹក)។
- ព្យាបាលរោគមួល និងឈាមច្រមុះ. កម្រិតប្រើ (ស្ងួត) ៣០-៦០ក្រាម ដាំជាមួយទឹក៤កែវ រួចរំងាស់យកត្រឹម២កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃ (ព្រឹក-ល្ងាច) ផឹកវារហូតទទួលបានអារម្មណ៍ថាធូរស្បើយ។
- ការព្យាបាលការរលាក. នៅពេលដែលអ្នកទទួលរងនូវការរលាក អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះ គឺវានឹងទទួលបានការសះស្បើយ។
- ការព្យាបាលជំងឺស្បែក. នៅពេលស្បែករបស់អ្នកមានភាពរមាស់ ឬពស់ចឹក ដោយយកស្លឹករបស់វាបុកឲ្យម៉ដ្ឋ រួចបិតនៅកន្លែងរមាស់ ឬមុខរបួសពស់ចឹកនោះ វានឹងទទួលបានការសះស្បើយ។
- ការព្យាបាលជំងឺក្អួតមានឈាម. យកស្លឹកស្រស់មួយក្តាប់ដៃ ដាំជាមួយទឹក២កែវ រួចរំងាស់យកត្រឹមតែ១កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃ (ម្តងកន្លះកែវ អាចលាយស្ករសបន្តិចក៏បាន) ព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មណ៍ថាធូរស្បើយ។
- ការព្យាបាលជំងឺលើសឈាម. យកដើម និងស្លឹក ដាំទឹកហូបអាចព្យាបាលជំងឺលើសឈាម បានយ៉ាងពូកែ។
- ពេលសត្វឆ្មាឈឺ. យើងអាចយកស្លឹកពួតយកទឹកឲ្យឆ្មាផឹក នឹងបានជាសះស្បើយ។
យកដើមនិងស្លឹកមកហាលឲ្យស្ងួត រួចដាំទឹកផឹក ដូចផឹកទឹកតែប្រចាំថ្ងៃដែរ គឺវាកបនឹងជំងឺដូចខាងក្រោម នាំឲ្យយើងមានអាយុវែងយឺនយូរ៖
- បន្ថយការជ្រាបចូលជាតិស្ករទៅក្នុងឈាម បង្កើនការប្រើប្រាស់ជាតិស្ករក្នុងសាច់ដុំ (បន្ថយការវិវត្តនៃជំងឺទឹកនោមផ្អែម)។
- ការព្យាបាលដំបៅក្រពះ និងពោះវៀន។
- បន្ថយការរីករាលដាលនៃជំងឺមហារីកដោះ ខួរឆ្អឹង គ្រាប់ឈាម ពោះវៀនធំ…ជាដើម។
- សម្រួលការងារបេះដូង និងសរសៃឈាម (បន្ថយសម្ពាធឈាមសម្រាប់អ្នកមានជំងឺលើសឈាម)៕
លោក ប៉ោ សេដ្ឋា
ឯកសារពិគ្រោះ
- រុក្ខជាតិឱសថកម្ពុជា
- ហ្វេសប៊ុកតែពុកមាត់ឆ្មា
- ហ្វេសប៊ុក Serey Sey Kh