Home / កសិកម្ម / ប្រព័ន្ធស្រោចស្រពកសិកម្មទំនើប

ប្រព័ន្ធស្រោចស្រពកសិកម្មទំនើប

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយនូវអត្ថបទមួយដែលនិយាយអំពី ប្រព័ន្ធស្រោចស្រពកសិកម្មទំនើប ដើម្បីជាទុនដល់កសិករក្នុងការដាំដំណាំ មានខ្លឹមសារដូចខាងក្រោម។

១. ហេតុអ្វីបានជាងាកមកប្រើប្រាស់ប្រព័ន្ធស្រោចស្រពទំនើប? គឺមានមូលហេតុដូចជា៖

  • គ្រាន់តែផ្តល់ទឹកគ្រប់គ្រាន់តាមតម្រូវការ និងដំណាក់កាលលូតលាស់របស់ដំណាំ ធ្វើឲ្យកើនទិន្នផលពី 25% – 50%
  • បញ្ជូនទឹក ជី និងសារធាតុផ្សេងៗទៅដល់ប្ញសដំណាំដោយផ្ទាល់ (ឬ បញ្ជុកចំណីដល់មាត់របស់ដំណាំ)
  • ផ្តល់បរិមាណទឹកដល់ប្ញសដំណាំ ដែលប្ញសនេះមានតួនាទីសំខាន់ក្នុងការស្រូបយក ឲ្យបានគ្រប់គ្រាន់ជាប្រចាំដើម្បីចិញ្ចឹមសរីរាង្គ
  • កាត់បន្ថយការដុះស្មៅចង្រៃផ្សេងៗ ពីកន្លែងដែលមិនមានទឹកទៅដល់ និងកាត់បន្ថយភ្នាក់ងារចម្លងជំងឺតាមទឹកដែលលើស និងខ្វះ
  • ប្រើប្រាស់ទឹកប្រកបដោប្រសិទ្ធភាព និងសន្សំសម្ចៃខ្ពស់ (សន្សំសម្ចៃទឹកពី 50-70% ទៅតាមប្រភេទដំណាំ)
  • អាចពង្រីកផ្ទៃដីដាំដុះ ដោយមិនបារម្ភពីបញ្ហាស្រោចស្រព ដាក់ជី និងសារធាតុផ្សេងៗតាមរដូវកាលដាំដុះឡើយ
  • គ្មានការហូរច្រោះដី ដែលធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម កាត់បន្ថយជំងឺឆ្លងតាមទឹក
  • កាត់បន្ថយការបាត់បង់ទឹកក្រោមដី និងខ្ជះខ្ជាយជី ឬសារធាតុចិញ្ចឹមផ្សេងៗ
  • គឺជាប្រព័ន្ធអាចជួយបឺតជី ដែលរលាយក្នុងទឹក 100% ដោយស្វ័យប្រវត្តិដល់ប្ញសរបស់ដំណាំ ដែលត្រូវការតាមដំណាក់កាលនីមួយៗ
  • ប្រើប្រាស់បានទៅលើដំណាំស្ទើតែគ្រប់ប្រភេទ ជាពិសេសដំណាំមានសេដ្ឋកិច្ចខ្ពស់ដូចជា  ម្រេច ស្វាយ ក្រូច មៀន ធូរេន ឈើហូបផ្លែ បន្លែគ្រប់ប្រភេទ។ល។

២. មុនពេលសម្រេចចិត្តដាក់ប្រព័ន្ធស្រោចស្រព តើយើងត្រូវដឹងពីអ្វីខ្លះមុនគេ?

  • ប្រភេទដំណាំ. ដំណាំហូបផ្លែ បន្លែហូបផ្លែ បន្លែហូបស្លឹក ដំណាំយកមើម ឈើហូបផ្លែ… (ដើម្បីឲ្យដឹងថាវាត្រូវការទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?)
  • ប្រភេទដី ប្រភេទទឹក និងសីតុណ្ហភាព (ក្នុងដី/បរិយាកាស). ដីឥដ្ឋ, ដីខ្សាច់… (ដើម្បីឲ្យដឹងពីសំណើមរំហួត និងអាត្រាជម្រាបរបស់ដី)
  • pH (Potential of Hydrogen) របស់ដី ទឹក និង EC (Electrical Conductivity) របស់ដី. ដឹងពីសារធាតុចិញ្ចឹមទាំង១៣ប្រភេទនៅក្នុងដី សម្រាប់ដំណាំនីមួយៗ
  • ស្ថានភាពដី រយៈកម្ពស់របស់ដី និងឧបករណ៍បញ្ចូនទឹកដូចជា ម៉ាស៊ីនបូមទឹក ម៉ូទ័របូមទឹក ធុង នឹងអាងស្តុបទឹក។ល។

៣. ប្រភេទប្រព័ន្ធស្រោចស្រពទំនើប ប្រើទៅតាមប្រភេទដំណាំផ្សេងៗគ្នា

៣.១. ប្រព័ន្ធតំណក់ទឹក ព័ន្ធជុំវិញគល់ដំណាំហូបផ្លែ (Circle Drip Tube)

វាមានតម្លៃរាងថ្លៃបន្តិច ប៉ុន្តែសមស្របបំផុតសម្រាប់ដំណាំហូបផ្លែ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា ម្រេច ស្វាយ ធូរ៉េន មៀន ដូង មង្ឃុត….ដោយសារតែ៖

  • ទុយោរជុំវិញគល់ អត្រាលំហូរទឹកក្នុងមួយរន្ធហូរបានទឹក៣លីត្រ/ម៉ោង, គម្លាតរន្ធពីមួយទៅមួយ ៣០ស.ម, សម្ពាធទឹក២បារ, មុខកាត់១២មម, កំរាស់០,៨មម អ្នកដាំដុះក៏អាចជ្រើសរើសប្រវែងទៅតាមប្រភេទដំណាំបានផងដែរ (ប៉ុន្តែទុយោរមានប្រវែងសរុប ៥០០ម៉ែត្រក្នុងមួយដុំ)
  • ជាទូទៅ ដំណាំចាប់ផ្តើមដាំរហូតដល់ពេញវ័យ ត្រូវដាក់ប្រវែង៣ម៉ែត្រ ស្មើនឹង១០រន្ធ ផ្តល់ទឹកបាន៣០លីត្រ/ម៉ោង (បើចង់ស្រោចទឹក១០លីត្រ គឺយើងបើកត្រឹមតែ២០នាទីប៉ុណ្ណោះ) ហើយដំណាំគ្រប់អាយុផ្កាផ្លែ ត្រូវដាក់ប្រវែង១០ម៉ែត្រ ស្មើនឹង៣៣រន្ធ ផ្តល់ទឹកបាន៩៩លីត្រ/ម៉ោង ជាធម្មតាគេភ្ជាប់វាជាមួយទុយោរខ្មៅ PE ទំហំ ២៥មម, កំរាស់១,២មម ប្រវែងសរុប២០០ម៉ែត្រ/ដុំ
  • តាមបច្ចេកទេស គេភ្ជាប់ទុយោរតំណក់ទឹក១២មម =>២៥មម => PE ៦៣មម, ៧៥មម ឬ PVC ៥៥,៧៥ មម
  • ប្រភេទមួយជុំគល់នេះងាយស្រួលក្នុងការពង្រីកបង្រួមដាក់ទៅតាមប្ញសដំណាំដែលស្រួបជី និងទឹក ចំពោះដំណាំដូចជា ម្រេច ស្វាយ មៀន ធូរ៉េន សាវម៉ាវ… ដែលចង់បញ្ចេញផ្កាខុសរដូវ
  • ប្រព័ន្ធទុយោរនេះក៏អាចត្រូវបានអ្នកដាំដុះតភ្ជាប់បន្ថែមជាមួយ Mini-Sprinkler ខាងលើផងដែរសម្រាប់ដំណាំដូចជា ម្រេច ដើម្បីរក្សាសីតុណ្ហភាពឲ្យត្រជាក់នៅរដូវប្រាំង។

៣.២. ប្រព័ន្ធតំណក់ទឹក អូសតាមជួរដំណាំ (Drip Tape)

ប្រព័ន្ធនេះល្អបំផុតសម្រាប់ដំណាំដូចជា ពោត ចេក អំពៅ ត្រសក់ ត្រប់ ប៉េងប៉ោះ ម្រះ ម្ទេស ដំឡូង ល្ពៅ ឪឡឹក និង ដំណាំដែលដាំញឹកជាជួរផ្សេងៗទៀត ហើយវាត្រូវបានបណ្តាប្រទេសកសិកម្មជឿនលឿនប្រើប្រព័ន្ធតំណក់ទឹកអូសតាមជួរដំណាំដោយសារតែ៖

  • អត្រាហូរទឹក៣លីត្រ/ម៉ោង-១,៣៧លីត្រ/ម៉ោង-២,៧លីត្រ/ម៉ោង-គំលាតរន្ធ ២០សម, 30សម, 60សម, ទុយោរមុខកាត់ ១៦សម, កំរាស់ ២,២មម, និង ០,៤មម ហើយមានប្រវែងសរុប ១.០០០ម៉ែត្រ/ដុំ។
  • យោងទៅតាមបច្ចេកទេសគេភ្ជាប់ទុយោរ ១៦មម => PE ៦៣-៧៥មម ឬ PVC ៥៥-៧៥មម
  • ប្រព័ន្ធនេះតម្លៃថោកសមរម្យដែលកសិករខ្នាតតូច និងមធ្យមអាចប្រើប្រាស់បាន
  • ទុយោរនេះស្តើងតែវាស្វិតអាចបត់បែនតាមស្ថានភាពដី ឬក៏អាចសារទុកវិញបានយ៉ាងស្រួលបន្ទាប់ពីប្រើរួច និងងាយស្រួលក្នុងការដំឡើង
  • សម្ពាធនៃលំហូរទឹកគឺចន្លោះពី ១,២-២បារ (Bar) តម្រូវការក្នុងការបូម និងកម្លាំងម៉ាស៊ីនទាប
  • នៅកម្ពុជាយើងកសិករនិយមប្រើប្រាស់គំលាតរន្ធ២០សម ដោយសារតែពួកគាត់ដាំញឹក និងចង់បានទឹកច្រើន។

៣.៣. ប្រព័ន្ធក្បាលតំណក់ (Drip C) និងក្បាលសាចមុំ ១៨០ដឺក្រេ ដាក់តាមគល់ដំណាំ (១៨០ Degree Mini-Sprinkler)

ប្រព័ន្ធក្បាលតំណក់ និងក្បាលសាច ១៨០ដឺក្រេ ដាក់តាមគល់ដំណាំត្រូវបានគេប្រើប្រាស់សម្រាប់ដំណាំនៅក្មេងដូចជា ធូរ៉េន ស្វាយ ម្រេច ស្វាយចន្ទី មង្ឃុត មៀនប៉ៃលិន កៅស៊ូ និងដំណាំផ្សេងៗទៀត ដោយសារតែ៖

ក្បាលតំណក់. តម្លៃថោកសមរម្យ បើធៀបជាមួយ PE ១២មម (Drip Tube) ព័ទ្ធជុំវិញគល់ដំណាំ

  • ក្បាលតំណក់ទឹកអត្រាហូររបស់វាបានដល់ ៨លីត្រ/ម៉ោង
  • ជាធម្មតាគេភ្ជាប់វាជាមួយទុយោរតូចទំហំ ៤/៧មម (Micro-Tube), ដែលមានប្រវែងសរុប ១០០ម៉ែត្រ ហើយភ្ជាប់ជាមួយទុយោរងតាមជួរដំណាំ PE 25 មម, កំរាស់ 1.2 មម ដែលមានប្រវែងសរុប 200ម៉ែត្រ/ដុំ
  • យោងទៅតាមបច្ចេកទេស គេភ្ជាប់ក្បាលតំណក់ Drip-C => 4/7 មម => PE 63-75 មម ឬ PVC 55-75 មម
  • សម្រាប់ដំណាំនៅតូច ឬដំណាំដែលមានប្ញសខ្លី Drip C អាចផ្តល់ទឹក និងជីបានគ្រប់គ្រាន់ឲ្យទៅដល់ប្ញសដំណាំ ធ្វើឲ្យដំណាំដុះលូតលាស់បានយ៉ាងល្អ ហើយប្រភេទគ្រាប់នេះវាអាចចល័តដាក់បានគ្រប់កន្លែងណាដែលមានប្ញសដំណាំ។

ក្បាលសាច 180ដឺក្រេ. ផ្តល់ទឹកបាន 80លីត្រ/ម៉ោង វាអាចស្រោចចំលើតំបន់ប្ញសរបស់ដំណាំ ឬក៏លើតំបន់ដែលយើងចង់ស្រោចតែប៉ុណ្ណោះ ការតភ្ជាប់របស់វាមានលក្ខណៈដូច Drip-C ដែរ។

៣.៤. ប្រព័ន្ធទឹកពីក្រោម និងពីលើ សម្រាប់បន្លែយកស្លឹក

ហេត្វអ្វីបានជាយើងត្រូវជ្រើសរើសយកប្រព័ន្ធស្រោចស្រពទុយោរសាចទឹកពីក្រោម ឬពីលើសម្រាប់បន្លែយកស្លឹកដូចជា សាឡាត ខាត់ណា ជី ស្ពៃ ត្រកួន ខ្ទឹម ដំណាំបន្លែយកស្លឹក និងសួនបណ្តុះផ្សេងៗ ពីព្រោះ៖

ទុយោរស្រោចទឹកពីក្រោម. ទុយោរ PE អត្រាហូរទឹក 1.60លីត្រ សម្រាប់ប្រវែងមួយម៉ែត្រក្នុងមួយនាទី, គំលាតរន្ធ 20សម, មុខកាត់ 32មម, កំរាស់ 0.4មម, សាចទឹកកម្ពស់ 1.5ម៉ែត្រ, សម្ពាធទឹក 0.5-1.5 បារ ប្រវែងសរុប 100ម៉ែត្រ/ដុំ

  • យោងទៅតាមបច្ចេកទេស គេភ្ជាប់ទុយោរ 32 មម + PVC 55 ឬ 75 មម
  • តម្លៃថោកសមរម្យជួយបណ្តេញសត្វល្អិត ឬសត្វចង្រៃលាងសំអាតមិនធ្វើឲ្យបាក់ស្លឹក និងជួយអត្រានៃការដុះពន្លកខ្ពស់ (ដំណុះគ្រាប់ពូជ) និងជួយរក្សាសីតុណ្ហភាពឲ្យត្រជាក់។

ប្រព័ន្ធសាចទឹកពីលើ. អត្រាហូរទឹក 160លីត្រ/ម៉ោង វាបាញ់ទឹកជារង្វង់មូលដែលមានកាំ 1.4ម (អាស្រ័យទៅលើកម្លាំងទឹក)

  • ជាធម្មតាគេភ្ជាប់វាជាមួយទុយោរតូចទំហំ 4/7 មម (Micro-Tube) ប្រវែង 100 ម/ដុំ ហើយទៅភ្ជាប់ជាមួយទុយោរ 25មម អូសតាមបណ្តោយជួរដំណាំ ឬ ទុយោរ PVC ទំហំ 25 មម។
  • យោងទៅតាមបច្ចេកទេស គេភ្ជាប់ក្បាល Mini-Sprinkler => 4/7 មម => 25 មម => PVC 55 ឬ 75 មម
  • តម្លៃថោកសមរម្យ ជួយបណ្តេញសត្វស្អិតឬសត្វចង្រៃ លាងសំអាត មិនធ្វើឲ្យបាក់ស្លឹក និងជួយអត្រានៃការដុះពន្លកខ្ពស់ (ដំណុះគ្រាប់ពូជ) និងជួយរក្សាសីតុណ្ហភាពឲ្យត្រជាក់៕

លេខទូរស័ព្ទទាក់ទង ០៨៧​ ២៩២ ៣៣៣ / ០៩៧ ៤៤៧៦ ៣៣៣

ប្រភព គេហទំព័រក្រុមហ៊ុន CAM AGRICULTURE IMPORT EXPORT LTD

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។