Home / កសិកម្ម / របៀបស្ទួងស្រូវឲ្យបានផលច្រើន

របៀបស្ទួងស្រូវឲ្យបានផលច្រើន

រដូវដកស្ទួង ដែលជាដំណាក់កាលសំខាន់មួយក្នុងការធ្វើស្រែវស្សាបានឈា​នមកដល់ហើយ។ ដើម្បីជួយដល់កសិករក្នុងការធ្វើស្រូវឲ្យបានផលច្រើនលើសធម្មតា ខ្ញុំសូមផ្តល់នូវគំនិតមួយចំនួនទាក់​ទងទៅនឹងរបៀបស្ទួងស្រូវឲ្យបានផលច្រើន។

១-មុននឹងស្ទួងសូមលោកអ្នកធ្វើការពង្រាយដី និងយកជីធម្មជាតិទៅប្រើលើដីឲ្យបានស្មើល្អ។ ការធ្វើរបៀបនេះនឹងធ្វើឲ្យស្រូវគ្រប់គុម្ពអាចលូតលាស់បានផលស្មើល្អដូចគ្នា។

២-យកល្អ សូមធ្វើប្រព័ន្ធចង្អូរទឹកឲ្យបានខ្វាត់ខ្វែងក្នុងវាលស្រែ ប្រៀបដូចប្រព័ន្ធចង្អូរទឹកក្នុងថ្នាលសំណាបដែរ ដើម្បីជៀសវាងកុំឲ្យមានដក់ទឹកច្រើនពេកនៅកន្លែងត្រូវស្ទួង។ ការមានដក់ទឹកច្រើនពេក វាធ្វើឲ្យសន្ទួងមិនសូវបែកគុម្ពច្រើនល្អទេ។ ការធ្វើរបៀបនេះ វាក៏អាចជួយកាត់បន្ថយនូវការបំផ្លាញពីសត្វល្អិតដែរ។

៣-សូមជ្រើសរើសដកយកតែសំណាបដែលថ្លោសៗល្អទៅស្ទួង ពីព្រោះសំណាបថ្លោសវាមានការបែកគុម្ពបានល្អជាងសំណាបស្តើង។

៤-នៅពេលស្ទួងសូមដាក់តែ១ដើមក្នុង១គុម្ព តែត្រូវប្រើតែសំណាបថ្លោសបានហើយ​។ ការប្រើសំណាបថ្លោស ១ដើមស្ទួង វាប្រសើរជាងការប្រើសំណាបស្តើងច្រើនដើមស្ទួង។ សំណាបស្គម  ស្តើង វាមិនសូវមានសុខភាពល្អដូចសំណាបថ្លោសទេ ហើយនៅពេលយើងចាប់វាដាក់ជាមួយគ្នាច្រើនដើមស្ទួង នាំឲ្យវាកាន់តែលំបាកថែមទៀតក្នុងការលូតលាស់។ ខ្ញុំសូមបញ្ជាក់ផងដែរថា ស្រូវ

១ដើមជាជីវិត១ ដូចនេះ ជីវិតនីមួយៗវាត្រូវការសេរីភាពគ្រប់គ្រាន់ក្នុងការលូតលាស់ដែរ។

៥-នៅពេលស្ទួងស្រូវ គឺលៃចន្លោះគុម្ពឲ្យបានសមស្របទៅតាមរដូវកាល។ នៅពេលដើម   រដូវយើងត្រូវទុកចន្លោះគុម្ពរាងធំ តែធ្វើការបន្ថយចន្លោះគុម្ពបន្តិចម្តងៗ។ យើងអាចចាប់ផ្តើមពីចន្លោះគុម្ព ៣តឹក ហើយបន្ថយមក ២,៥តឹក ២តឹក ១,៥តឹក ឬរហូតដល់ ១តឹក នៅរដូវជិតចុងរដូវភ្ជុំ។ ការមិនលៃចន្លោះគុម្ពឲ្យសមស្របទៅតាមរដូវកាល ធ្វើឲ្យយើងបាត់បង់ផលជាច្រើនសម្រាប់ពូជស្រូវវស្សាប្រកាន់រដូវ។ ដោយឡែកសម្រាប់ស្រូវមិនប្រកាន់រដូវ (ដូចជាពូជអ៊ីអ៊ែរ) ឬសែនពិដោរ យើងលៃចន្លោះគុម្ពទៅតាមអាយុសំណាប មានន័យថា អាយុសំណាបកាន់តែខ្ចី ចន្លោះគុម្ពធំជាងអាយុសំណាបចាស់។

សូមលោកអ្នកព្យាយាមអនុវត្តទៅតាមចំណុចខាងលើឲ្យបានល្អ យ៉ាងអន់ណាស់ក៏រើសតែសំណាបថ្លោសយកមកស្ទួង ហើយស្ទួងតែ ១ដើមក្នុង១គុម្ពបានហើយ។ ដើម្បីបានទទួលផលស្រូវល្អប្រសើរជាងមុន ទាល់តែលោកអ្នកសាកល្បងនូវវិធីសាស្ត្រអ្វីមួយដែលប្រសើរជាងមុន៕

 

បណ្ឌិត យ៉ង សាំងកុមារ

Loading...

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំសណ្តែកកួរដោយគ្របថង់ប្លាស្ទិក

លោកពូ ស៊ាង ថន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិក្រសាំងទង​ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាមនុស្សដែលស្រឡាញ់ការដាំដុះ​ហើយគាត់តែងតែសាកល្បងនូវគំនិតថ្មីជានិច្ច។នៅពេលនេះយើងសូមលើកយកបទពិសោធន៍ដាំសណ្តែកកួរដោយប្រើថង់ប្លាស្ទិក មកបង្ហាញជូនដែលជាគំនិតសាកល្បងរបស់គាត់ដែលបានទទួលពីស្ថានីយពិសោធន៍ពូជបន្លែនៅក្បាលកោះ។