Home / កសិកម្ម / ភាពជោគជ័យរបស់កសិករ ស៊ុយ ពេក ក្នុងការដាំស្រូវបានផលច្រើន

ភាពជោគជ័យរបស់កសិករ ស៊ុយ ពេក ក្នុងការដាំស្រូវបានផលច្រើន

លោក ស៊ុយ ពេក ជាកសិកររស់នៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការអនុវត្តបច្ចេកទេសដាំស្រូវទៅតាមបច្ចេកទេស ប.វ.ស.។

គាត់បានសាកល្បងធ្វើស្រែដោយដាំគ្រាប់ស្រូវនៅលើផ្ទៃដី ១៦អារ ដែលធ្វើឲ្យទិន្នផលគាត់កើនឡើងខ្ពស់គួរឲ្យកត់សំគាល់ ដោយដីស្រែត្រឹមតែទំហំ ៤០មx ៤០ម=១.៦០០ម៉ែត្រការ៉េ អាចទទួលផលដល់ទៅ ១.១០០គីឡូក្រាម (ដែលស្មើនឹង ៦,៨៧តោន ក្នុង១ហិកតា) ដែលពីមុនគាត់(ស្រូវស្ទូង) ធ្លាប់តែទទួលបានតែ៤ការ៉ុង ស្មើនឹង៤៤០គីឡូក្រាម (ដែលស្មើនឹង ២,៨តោនក្នុង ១ហិកតា)តែប៉ុណ្ណោះ។ បច្ចេកទេសនៃការធ្វើស្រូវរបស់គាត់បង្ហាញជូនដូចខាងក្រោម។

១. បច្ចេកទេសដាំស្រូវតាមគោលការណ៍ ប.វ.ស.

  • ពូជអង្គុយល្អិតបរិមាណ ១​,៥គីឡូក្រាម និងភ្ជួរដី២ដង ដោយទុកចន្លោះ១អាទិត្យ ដើម្បីហាលដីសំលាប់​មេរោគ
  • ប្រើខ្សែដើម្បីដាំឲ្យបានត្រង់ជួរចន្លោះគុម្ព ៤០ស.ម.x៤០ស.ម. និងអុំសំអាតរើសគ្រាប់អន់ចេញ
  • យកគ្រាប់ពូជដាក់ក្នុងចានដើម្បីងាយដាំ រួចដាំរាក់ៗចំនួន​២-៣គ្រាប់​ក្នុងមួយគុម្ព ដាំនៅខែពិសាខនៅពេល ដីនៅស្រួយនៅឡើយ
  • ក្រោយពេលស្រូវដុះបានកំពស់​១,៥តឹក (ក្រោយដាំ២៥ថ្ងៃ) គាត់សំអាតស្មៅដោយប្រើរនាស់ដែលច្នៃខ្លួនឯងដែលយកដែកគោល​១,៥តឹក ធ្វើជាធ្មេញរនាស់ ដើម្បីអាចរាស់យកស្មៅចេញ និងបំផុសដីផង
  • បាចជីស្រស់(ស្លឹកឈើ)តាមចន្លោះគុម្ពស្រូវក្រាយពេលសំអាតស្មៅរួច
  • ៣០ថ្ងៃក្រោយ ត្រូវប្រើរនាស់សំអាតស្មៅម្តងទៀត។

២. ទិន្នផល

  • នៅលើផ្ទៃដី​១.៦០០ម៉ែត្រការ៉េ ទទួលបាន ១.១០០គីឡូក្រាម ​ឬ​ ៦,៧៨៥គីឡូក្រាម ក្នុង ១ហិកតា
  • ស្រូវមានការលូតលាស់ល្អ បែកគុម្ពច្រើនជាមធ្យម ៣៥ដើម ច្រើនបំផុត​៥០ដើម។

៣. ផែនការកែលំអបន្ថែម

ក្រោយពីបានអនុវត្តធ្វើស្រែតាមគោលការណ៍ ប.វ.ស.ហើយ លោកពូមានចំណាប់អារម្មណ៍ថា ការធ្វើតាមបច្ចេកទេសនេះចំណេញពូជ កាត់បន្ថយកម្លាំងពលកម្ម ហើយបានទិន្នផលខ្ពស់។ ទៅថ្ងៃមុខគាត់មានផែនការកែលំអដូចជា៖

  • ភ្ជួរលប់គល់ជញ្រ្ចាំង, ដាំសណ្តែកលើស្រែ, លើកភ្លឺ និងពង្រាបដីឲ្យបានស្មើ
  • យកស្លឹកឈើពង្រាយក្នុងដីស្រែឲ្យបានច្រើនដើម្បីឲ្យក្លាយជាដី។
សរុបនូវបច្ចេកទេសសំខាន់ៗ ក្នុងការដាំស្រូវបែប ប.វ.ស.

  • ជ្រើសរើសពូជបានសុទ្ធល្អ អុំសំអាត និងរើសគ្រាប់អន់ចេញ
  • រៀបចំឲ្យដីបានស្អាត និងឲ្យបានរាបស្មើល្អ
  • ប្រើជីកំប៉ុស្តទ្រាប់បាតដើម្បីឲ្យដីធូរ និងអាចរក្សាសំណើមក្នុងដីបានយូរ
  • ដាំជាជួរដើម្បីឲ្យស្រូវលូតលាស់ស្មើគ្នា និងងាយស្រួលសំអាតស្មៅ
  • ដាំរាក់ៗចំនួនពី ២-៣គ្រាប់, សំអាតស្មៅក្រោយពីដាំបាន២៥ថ្ងៃ​ និងលើកទី២ក្រោយលើកទី១ បាន៣០ថ្ងៃ (ធ្វើឲ្យបានស្អាតមុនពេលទឹកលេចចូល)
  • បាចជីស្រស់(ស្លឹកឈើ) នៅតាមចន្លោះរងក្រោយពេលសំអាតស្មៅរួច៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។