បងស្រី ឡេង លី អាយុ ៤៣ឆ្នាំ ជាកសិកររស់នៅភូមិពោធិធំ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គាត់មានបទពិសោធន៍ល្អ ក្នុងការផ្សំជីកំប៉ុស្តពីខ្យង។ ចំពោះបទពិសោធន៍នៃការផ្សំនេះមានបង្ហាញជូនដូចខាងក្រោម៖
១-វត្ថុធាតុដើម និងសំភារៈ
- ខ្យងដែលរកបានតាមស្រែ បៀ ត្រពាំង បឹងបួ ៥គីឡូក្រាម
- មើមទំពាំង និងសំបកស្លែង ៣គីឡូក្រាម
- ក្រឡ ឬធុងសម្រាប់ត្រាំទឹក
២-របៀបផ្សំ
យកមើមទំពាំងទៅចិញ្រ្ចាំ រួចប្រមូលយកទៅ ដាក់នៅក្នុងធុង យកសំបកស្លែងទៅដំឲ្យទក់ៗដាក់ចូលទៅក្នុងធុង និងយកខ្យងទៅដំឲ្យបែករួចបន្ទាប់មកយកទឹកចាក់ចូលឲ្យលិចវត្ថុធាតុដើម ទើបយកទៅរក្សាទុកនៅក្រោមម្លប់។ ក្នុងកំឡុងពេល២០ថ្ងៃនៃការរក្សាទុកនេះគឺត្រូវបិតគម្របឲ្យជិតការពារក្លិនស្អុយ និងបើកមួយថ្ងៃម្តងដើម្បីកូរឲ្យឆាប់កាច់ រួចគ្របឲ្យជិតទៅវិញ។
៣-ការប្រើប្រាស់
យកទឹកជីចំនួនកន្លះកំប៉ុងទឹកដោះគោ លាយជាមួយទឹកចំនួន ៦លីត្រ។ ស្រោចទៅលើដំណាំក្នុងមួយសប្តាហ៍២ដង។ ហើយប្រភេទដំណាំដែលគាត់បានប្រើមានដូចជា ម្ទេស ត្រប់ ជីគ្រប់មុខ ដំណាំ ដូងជាដើម។
៤-ចំណាប់អារម្មណ៍
បងស្រីមានចំណាប់អារម្មណ៍ថា ការធ្វើបែបនេះ ជីឆាប់កាច់ហើយអាចធ្វើឲ្យយើងទទួលបាននូវជីធម្មជាតិដែលជួយធ្វើឲ្យដំណាំដុះលូតលាស់ល្អ ដែលកាលពីមុនដូងធ្លាប់តែមានផ្លែមកជ្រុះក្តិប ឬស្អុយតែពេលនេះផ្លែបានល្អជាងមុននឹងលក់បានជាបន្តបន្ទាប់។ ជាងនេះទៅទៀតការប្រើប្រាស់មិនប៉ះពាល់ដល់សុខភាព និងបរិស្ថានទេ៕
ស៊ិន អង្គារសាធ