Home / កសិកម្ម / បទពិសោធន៍ដាំប៉េងប៉ោះបានផលច្រើន

បទពិសោធន៍ដាំប៉េងប៉ោះបានផលច្រើន

លោកពូ គឹម ប្រិល រស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គាត់មានបទពិសោធន៍ដាំប៉េងប៉ោះបានផលល្អនៅរដូវវស្សាដែលបទពិសោធន៍នេះជាគំនិតច្នៃប្រឌិតដោយខ្លួនឯង។ ចំពោះបទពិសោធន៍របស់គាត់មានបង្ហាញជូនដូចខាងក្រោម។​

១. ការរៀបចំរណ្តៅដាំ. គាត់កាប់ដីហាលរយៈពេល១សប្តាហ៍ ទើបលើករងដាំ។ រងនីមួយៗមានទទឹង៧តឹក កំពស់២,៥តឹក (នៅរដូវវស្សា) បណ្តោយទៅ តាមស្ថានភាពដី។ នៅលើរងគាត់មានដាក់ជីលាមកសត្វពុកផុយ និងជីលាមកប្រចៀវប្រមាណ១០គីឡូ ក្រាមក្នុង១រង។ នៅលើ រងគាត់ជីករណ្តៅ៤តឹក៤ជ្រុង និងជំរៅ២តឹក​។ នៅក្នុងរណ្តៅនីមួយៗគាត់ដាក់ជីលាមកប្រចៀវ ០,៥គីឡូក្រាម ច្របល់ឲ្យសព្វ ទើបដកកូនប៉េងប៉ោះយកទៅដាំ។

២. ការសាបកូន និងថែទាំនៅថ្នាល. ថ្នាលសាបកូន គាត់បានរៀបចំដូចរងដាំដែរ។ មុនសាបគាត់បានយកគ្រាប់ទៅហាលថ្ងៃ ២ម៉ោង ដើម្បីសម្លាប់មេរោគ បន្ទាប់ មកយកទៅខ្ចប់ក្រណាត់ផ្សើមទឹក១យប់ ដើម្បីឲ្យគ្រាប់ស្រូបទឹកឆាប់ដុះពន្លក។ គាត់បាន យកគ្រាប់ទៅសាបនៅលើរងស្តើងៗ រួចយកចំបើង ឬធាងដូងគ្របពីលើ និងបន្តស្រោចទឹកឲ្យជោគ គ្របរយៈពេល៣ថ្ងៃ ទើប បើកគំរបចេញ។ ក្រោយពីសាបបាន ៧ថ្ងៃ គាត់យកជីទឹកផ្សំពីកូនត្រីសមុទ្រទៅស្រោចរយៈពេល៣ថ្ងៃម្តង (កូនត្រីសមុទ្រ៥គីឡូ ក្រាម ត្រាំជាមួយទឹក៥០លីត្រ) រហូតដល់កូនប៉េងប៉ោះអាយុបាន២០ថ្ងៃដល់២៥ថ្ងៃ ដកកូនយកទៅដាំ (មុនដកកូន ផ្អាកស្រោចទឹក និងទឹកជី៣-៤ថ្ងៃ)។

៣. ការដកកូនដាំ. ក្រោយពីកូនប៉េងប៉ោះគ្រប់អាយុត្រូវដាំ គាត់បានដកកូនថ្លោសៗយកទៅដាំក្នុង១រណ្តៅ១ដើម។ នៅពេលដាំ គាត់បន្ថែមជី លាមកប្រចៀវ១កំបង់ដៃក្នុង១រណ្តៅ។ នៅពេលលុបដីដាំ គាត់សង្កត់ដីឲ្យណែននៅក្បែរគល់ រួចស្រោចទឹក។

៤. ការថែទាំ និងដាក់ជី. បន្ទាប់ពីបានដាំរួចរាល់ លោកពូឧស្សាហ៍ធ្វើស្មៅនៅក្បែរគល់ និងនៅតាមចន្លោះរង និងស្រោចទឹក ១ ថ្ងៃ២ដង ឬ ១ទៅ២ថ្ងៃម្តងទៅតាមសភាពការណ៍ជាក់ស្តែង។ ក្រោយពីដាំបាន២០ថ្ងៃ គាត់ដាក់ជីគោក (ជីធម្មជាតិ) ៤-៥គីឡូ ក្រាមក្នុង១រង (ដាក់នៅតាមចន្លោះរង)។ ក្រោយពីដាក់ជីគោកបាន ៣-៤ថ្ងៃ គាត់បន្តស្រោចទឹកក្នុងបរិមាណទឹកជី ០,៥លីត្រ លាយទឹក១០លីត្រ ស្រោច១ សប្តាហ៍ម្តង (ជីទឹកស្រោចនៅពេលល្ងាច) នៅតាមគល់។ ការស្រោចទឹក និងជីទឹកបន្តរហូតដល់ពេលប្រមូលផលអស់។ នៅពេលប៉េងប៉ោះមានផ្លែច្រើន គាត់យកបង្គោលឫស្សីចងទប់ដើមកុំឲ្យដួលនៅពេលមានខ្យល់។

៥. ការប្រមូលផល. ដំណាំប៉េងប៉ោះក្រោយពីសាបកូនរហូតដល់ផ្លែមានរយៈពេល៣ខែ។ គាត់ចាប់ផ្តើមប្រមូលផលដោយ១សាបេះផ្លែបាន៥០-៦០ គីឡូក្រាម ៣ថ្ងៃបេះម្តង។ គាត់បេះផ្លែ៦-៧សាទើបអស់។ ប៉េងប៉ោះនេះគាត់បានលក់ទៅឲ្យទីផ្សារសេដាក ក្នុង១ គីឡូក្រាមតំលៃ ២.០០០ ទៅ ២.៥០០រៀល។ ក្នុងការដាំប៉េងប៉ោះនេះ លោកពូទទួលបានប្រាក់ចំណូលស្ទើរទាំងស្រុង ដោយចំណាយ តែលើការទិញកូនត្រីសមុទ្រធ្វើជីទឹកបន្តិចបន្តួចប៉ុណ្ណោះ។

៦. ចំណាប់អារម្មណ៍របស់កសិករ. ក្រៅពីការដាំប៉េងប៉ោះ លោកពូមានដាំដំណាំផ្សេងៗទៀតដូចជា ស្ពៃ ខាត់ណា។ល។ លោកពូមានប្រសាសន៍ថា គាត់មិនពិបាក រកទីផ្សារទេ ព្រោះមានផ្សារអង្គការសេដាកចាំទទួលទិញ ប៉ុន្តែពេលខ្លះគាត់ផលិតបានច្រើនពេកហួសតម្រូវការទីផ្សារ គាត់លក់ឲ្យទីផ្សារខាងក្រៅ ប៉ុន្តែមិនបានតម្លៃថ្លៃដូចទីផ្សារអង្គការសេដាកទេ។ គាត់នឹងបន្តដាំដំណាំដោយមិនប្រើជី និងថ្នាំពុលគីមីនេះតទៅទៀត ព្រោះបានតម្លៃថ្លៃ និងមិនចំណាយថវិកា។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំប៉េងប៉ោះមាន៖

  • កាប់ដីហាល និងលើករងដាំ ដោយប្រើជីធម្មជាតិទ្រាប់បាត និងដាក់នៅក្នុងរណ្តៅ
  • សាបកូនប៉េងប៉ោះនៅលើថ្នាលដោយប្រើជីធម្មជាតិ លាមកប្រចៀវ និងជីទឹក ដើម្បីបំប៉នឲ្យកូនប៉េងប៉ោះដុះបានល្អ
  • ដកកូនប៉េងប៉ោះថ្លោសៗយកទៅដាំក្នុង១រណ្តៅ១ដើម
  • ក្រោយពីដាំហើយ ថែទាំស្រោចទឹក ដកស្មៅនៅក្បែរគល់ និងចន្លោះរង ចងទប់ដើមកុំឲ្យដួលរលំនៅពេលមានខ្យល់
  • ប្រើជីលាមកគោ ប្រចៀវបំប៉ន និងស្រោចទឹកផ្សំពីការត្រាំត្រីបន្ថែម៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។