Home / កសិកម្ម / ចរិតរស់នៅនៃខ្យងបឹង និងការចិញ្ចឹមខ្យង

ចរិតរស់នៅនៃខ្យងបឹង និងការចិញ្ចឹមខ្យង

ក. សារៈប្រយោជន៍នៃខ្យងបឹង

ខ្យងបឹងមានសារៈប្រយោជន៍ច្រើនអាចធ្វើជាម្ហូបអាហារសម្រាប់មនុស្ស ធ្វើជាចំណីក្នុងការចិញ្ចឹមសត្វ មាន់ ទា ជ្រូក។ល។ មិនតែប៉ុណ្ណោះ គេអាចយកទៅត្រាំធ្វើជាជីទឹកផ្សំជាមួយវត្ថុធាតុផ្សេងៗសម្រាប់ស្រោចលើដំណាំបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ ដោយយោងទៅលើសារៈប្រយោជន៍របស់វា បច្ចុប្បន្នប្រជាជនយើង មានការចាប់អារម្មណ៍ទៅលើការចិញ្ចឹមខ្យងធ្វើជាម្ហូប អាហារចំណីសត្វ និងសម្រាប់លក់ទៀតផង។

ខ. ចរិតរស់នៅនៃខ្យងបឹង

ខ្យងបឹងរស់នៅទឹកសាបដែលមានគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។ ខ្យងបឹងចូលចិត្តរស់នៅកន្លែងដែលសម្បូរទៅដោយសារធាតុរលួយ ឬមមោកភក់ (សារធាតុសរីរាង្គ) នៅបាតស្រះ បឹងបួរ ប្រឡាយ ជ្រលង បៀ ត្រពាំង។ល។ នៅរដូវវស្សាពេលជួបអាកាសធាតុក្តៅ ខ្យងផ្លាស់ទីចូលរូង ឬថ្លុកដែលមានកន្លែងត្រជាក់។ នៅរដូវប្រាំងខ្យងផ្លាស់ទីត្របុលចូលក្នុងដីភក់ជម្រៅពី ៥ទៅ៧តឹក។ ពេលចូលដល់រដូវវស្សាទឹកលេចភក់ ខ្យងចាប់ផ្តើមផ្លាស់ទីចេញពីក្នុងដីភក់មករស់នៅនិងបន្តកូនចៅទៀត។ ខ្យងស៊ីចំណីចម្រុះដូចជាពពួកសារធាតុដែលរលួយ សត្តឃាតដែលរលួយ ស្លែ បន្លែ សារាយ លាមកសត្វ កន្ទក់។ល។

គ.លក្ខណៈបន្តពូជ

ខ្យងបឹងពេលពេញវ័យមានអាយុ ១០-១២ខែឡើងទៅ។ តាមលក្ខខណ្ឌធម្មជាតិ ខ្យងបឹងចាប់ផ្តើមកូននៅរដូវភ្លៀងដើមឆ្នាំ ប៉ុន្តែរដូវពងច្រើនបំផុតគឺពី ខែមិថុនា ដល់ ខែកក្កដា។ ខ្យងបឹងកើតចេញជាកូនតែម្តង គឺវាកើតនៅពេលយប់។ ពេលវាកើតកូនមានពពុះនៅលើផ្ទៃទឹក ហើយកូនរបស់វាបណ្តែតខ្លួននៅលើផ្ទៃទឹក បន្ទាប់មកទើបកូនវាតោងជាប់នឹងរុក្ខជាតិ ឬមែកឈើ ដែលលិចក្នុងទឹក។ ខ្យងបឹងជាប្រភេទសត្វមានសរីរាង្គបន្តពូជញីផង និងឈ្មោលផង។

  • លក្ខណៈសម្គាល់ខ្យងឈ្មោល និងខ្យងញី

ខ្យងឈ្មោល. មានព្រុយមាត់នៅផ្នែកខាងស្តាំ ហើយរមូលមកខាងឆ្វេង (ពេលវារ)

ខ្យងញី. មានព្រុយមាត់ ២លាតសន្ធឹងទៅមុខ (ពេលវារ)

ខ្យងឈ្មោល(ឆ្វេង) និង ខ្យងញី(ស្ដាំ)

ខ្យងបឹង

ឃ. ចង្វាក់លូតលាស់

ខ្យងបឹងកើតមួយដងបានប្រហែល៧-១០កូន ។ ប្រហែលប្រមាណជា ៣-៥ថ្ងៃ ខ្យងបឹងកើតកូនម្តងទៀត។ខ្យងបឹងកើតកូនម្តងបានតិចបំផុតពី៣-៥កូន និងច្រើនបំផុតពី ៨-១៥កូន។ ពេលនៅតូច វាស៊ី​ពពួកប្លង់តុង ដល់ពេលធំវាស៊ីបន្លែ សារធាតុរលួយ មមោក ភក់ កន្លែងសម្បូរសារធាតុសរីរាង្គរលួយ។ ខ្យងមានស្រកីផង និងមានសួតផង។ ដូចនេះ វាអាចរស់នៅផុតពីទឹកបានរយៈពេលមួយថ្ងៃ។ ខ្យងញីភាគច្រើនគឺធំជាងឈ្មោល ហើយមានទំងន់ពី ៥០ទៅ ៨០ក្រាមក្នុង ១ក្បាល (ខ្យងមេធ្វើពូជមានអាយុពី ១០ ទៅ ២០ខែឡើងទៅ)។

ចំណុចសំខាន់ៗគួរយកចិត្តទុកដាក់ពីការចិញ្ចឹមខ្យង

  • បើយើងចិញ្ចឹមខ្យងដោយដាក់កូន គឺត្រូវលែងកូនខ្យងពី ១០០-១៥០កូនក្នុង១ម៉ែត្រការ៉េ បើលែងមេពូជគឺ ១៥-២០ខ្យងក្នុង១ម៉ែត្រការ៉េ (លៃយ៉ាងណាឲ្យមានមេមួយ និងឈ្មោលមួយ)
  • មុនពេលលែងកូនខ្យងទៅក្នុងស្រះ ត្រូវបង្កើតឲ្យមានចំណីជាមុនសិនដោយចិញ្ច្រាំចំបើង ឬ​ដើមចេក (ហាលស្ងួត) លាយជាមួយអាចម៌ក្របី មាន់ ជ្រូក ដាក់រាយពេញបាតស្រះ ឬប្រឡាយពី ១-២គីឡូក្រាមក្នុង១ម៉ែត្រការ៉េនៃផ្ទៃស្រះ ទុករយៈពេល១០ថ្ងៃ ឃើញមានពពុះ នៅលើផ្ទៃទឹកទើបលែងខ្យង
  • ក្រៅពីចំណីនេះ គេត្រូវផ្តល់ចំណីបន្ថែមដូចជា កន្ទក់ ម្សៅពោត ម្សៅដំឡូង ស្លឹកដំឡូងជ្វា ត្រកួន (ហាន់បុកឲ្យម៉ដ្ឋ) ដាក់នៅកន្លែងទឹករាក់ និងមួយថ្ងៃឲ្យចំណីស៊ីមួយដង
  • ស្រះ ឬប្រឡាយមានទំហំពី ១០០ទៅ៣០០ម៉ែត្រការ៉េ។ កន្លែងជ្រៅពី ៥តឹក ទៅ ៨តឹក និងកន្លែងរាក់ពី ២តឹក ទៅ ៣តឹក។ គេអាចចិញ្ចឹមលាយជាមួយត្រីក៏បានដែរ
  • ដាំត្រកួនទឹកធ្វើជាជម្រកលើផ្ទៃស្រះ ឬប្រឡាយ ដើម្បីឲ្យខ្យងតោង និងចាប់ចំណីស៊ី
  • កន្លែងចិញ្ចឹមត្រូវមានម្លប់ខ្លះ ហើយធ្វើរបាំងព្រួល ឬសំណាញ់ស្បៃមុងព័ន្ធជុំវិញស្រះ ព្រោះខ្យងអាចវារចេញទៅកន្លែងថ្មី និងដើម្បីការពារសត្វស៊ីដូចជា កណ្តុរ បក្សី ឆ្មា ឆ្កែ
  • កុំឲ្យមានសារធាតុពុលហូរចូលស្រះ ឬប្រឡាយចិញ្ចឹមខ្យង
  • ចិញ្ចឹមបាន ៤ខែ អាចបានទំងន់ ២០-៤០ក្រាមក្នុង ១កូន៕

លោក រាជ សុភាព

បន្ថែមរូបភាពលោក ប៉ោ សេដ្ឋា

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ស្វែងយល់៖ ពិនិត្យមុននឹងបញ្ឆេះម៉ាស៊ីន របៀបបញ្ឆេះម៉ាស៊ីន និងរបៀបបញ្ឈប់ម៉ាស៊ីន (ឧបករណ៍កសិកម្ម)

មានបងប្អូនកសិករមួយចំនួនបានដឹងអំពីការពិនិត្យ របៀបបញ្ឆេះ និងរបៀបបញ្ឈប់ម៉ាស៊ីន ដែលជាឧបករណ៍កសិកម្មរួចហើយ ប៉ុន្តែក៏នៅមានកសិករខ្លះមិនទាន់បានដឹងនូវចំណុចទាំងនេះនៅឡើយទេ។ ដើម្បីជាចំណេះដឹងដល់ប្រជាកសិករ សហគមន៍សម្បូរសប្បាយ  បង្ហាញអត្ថបទនេះ ដែលដកស្រង់ចេញពីសៀវភៅ ណែនាំអំពីបច្ចេកទេសនៃការប្រើប្រាស់ និងការដំឡើងឧបករណ៍កិនគ្រាប់ធញ្ញជាតីខ្នាតតូច។