Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមទាកាប (កសិករ ឈាន ឈឿ)

បទពិសោធន៍ចិញ្ចឹមទាកាប (កសិករ ឈាន ឈឿ)

លោកពូ​ ឈាន​​ ឈឿ ជាកសិកររស់នៅភូមិរាជជន្ទល់​ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមទាកាប ( ទា សំពៅ) ដោយប្រើចំណីធម្មជាតិដូចជាចុងអង្ករ កន្ទក់ និងបន្លែជុំវិញផ្ទះដូចជា ផ្ទីថ្ម ស្លាបទា ចក ដើមចេកជាដើម។ គាត់បានចាប់ផ្តើមចិញ្ចឹមកូនទាចំនួន​១០០ក្បាល ហើយទទួលចំណូលវិញប្រមាណ ៩១០.០០០រៀល ក្នុងរយៈពេលតែ៤​ខែ​ប៉ុណ្ណោះ។ បទពិសោធន៍របស់គាត់មានដូចខាងក្រោម៖

១. ការរៀបចំទ្រុង

ទារបស់គាត់ត្រូវបានដាក់ចិញ្ចឹមក្នុងទីធ្លាទំហំ ១០០ម៉ែត្រការ៉េ (បណ្តោយ១០ម៉ែត្រ​ ទទឹង១០ម៉ែត្រ)​ព័ទ្ធដោយរបាំងសំណាញ់ជ័រ។នៅក្នុងទីធ្លានោះគាត់បានសង់កូនស្រះតូចមួយ ដែលមានបណ្តោយ​២ម៉ែត្រ ទទឹង១,៥០ម៉ែត្រ ជំរៅ៣តឹក សម្រាប់ដាក់ចកឲ្យទាស៊ី និងហែលទឹកលេង។ ​ក្រៅពីនេះគាត់បានសង់រោងមួយទំហំ ២ម៉ែត្រ ទទឹង១,៥ម៉ែត្រ ហដែលមានដំបូលប្រក់ស្លឹកត្រឹមត្រូវសំរាប់ឲ្យទាជ្រកនៅពេលភ្លៀង​និងពេលថ្ងៃក្តៅខ្លាំង។

២. ការផ្តល់ចំណី និងការថែទាំ

ក. ចំណីកូនទា. ពេលកូនទានៅតូច គាត់បានដាក់ចំណីឲ្យស៊ី ២ដងក្នុង១ថ្ងៃ។ ចំណីដែលគាត់ដាក់ឲ្យកូនទាស៊ីម្តងៗមានចុង​អង្ករកន្លះកំប៉ុង (ត្រាំទឹកឲ្យរីក) កន្ទក់៤កំប៉ុង និងបន្លែ (ស្លឹកផ្ទីថ្ម ស្លាបទា) ហាន់ឲ្យខ្លីៗចំនួន ៥គីឡូ កា្រម។ចំណីខាងលើត្រូវ​យកមកច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ក្នុងស្នូកចំណីឲ្យស៊ី។ ក្រៅពីចំណីគាត់ក៏បានដាក់ទឹក ២-៣ថាស សំរាប់ឲ្យទាផឹកជាប្រចាំផងដែរ។

ខ.ចំណីទាធំ. នៅពេលទាមានអាយុ២ខែ គាត់ផ្តល់ចំណី១ថ្ងៃ២ដងដែរ ដោយម្តងៗត្រូវលាយដើមចេកហាន់បុកឲ្យល្អិតចំនួន២ គីឡូ ក្រាម ចក២គីឡូក្រាម និងកន្ទក់២គីឡូក្រាម ច្របល់ឲ្យសព្វចូលគ្នា រួចដាក់ក្នុងស្នូកឲ្យវាស៊ី។គាត់ក៏ដាក់ទឹក ​ឲ្យវាផឹកជាប្រចាំផងដែរ។ នៅរដូវក្តៅ គាត់ត្រាំទឹកដើមល្ហុងខ្វងសំរាប់ឲ្យវាផឹកជំនួសទឹកធម្មតាវិញ។ (បញ្ជាក់. ចំពោះទឹកនៅកូនស្រះតូច ត្រូវប្តូរផ្លាស់រៀងរាល់៣ថ្ងៃម្តងៗ)

៣. បញ្ហាជួបប្រទះ និងដំណោះស្រាយ

នៅពេលដែលដាក់ទាចិញ្ចឹមដំបូង មានកូនទាងាប់ខ្លះ ដោយសារដាក់ឲ្យវាដេកនៅក្នុងទ្រុងចង្អៀតពេក ធ្វើឲ្យវាដេកសង្កត់លើគ្នាងាប់។ ដំណោះស្រាយ គឺយកកូនទាមកដាក់ទ្រុងធំទូលាយវិញ។ ក្រៅពីនោះមិនមានបញ្ហាជួបប្រទះនៅពេលចិញ្ចឹមឡើយ។

៤. ចំណាប់អារម្មណ៍

ក្រោយពីការចិញ្ចឹមបានរយៈពេល៤ខែ លោកពូមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមទា គឺជាការងារដែលងាយស្រួលអាចរកប្រាក់ចំណូលបានតែក្នុងរយៈពេលខ្លី ដែលអាចជួយឲ្យជីវភាពគ្រួសារមានភាពល្អប្រសើរ។ គាត់អាចលក់ទាសរុបបាន ៩១០.០០០រៀល (ជាមធ្យម ១ក្បាល តំលៃ១៣.០០០រៀល)។ ក្រៅពីលក់គាត់បានទុកពូជគឺ មេ២០ក្បាល ឈ្មោល៥ក្បាលផងដែរ សំរាប់ផលិតកូនបន្ត។ ចំពោះការចំណាយសុទ្ធតែវត្ថុធាតុដើម ដែលមានស្រាប់ដូចជា អង្ករ កន្ទក់ និងបន្លែដែលដាំខ្លួនឯង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីសាស្រ្តគ្រប់គ្រងខ្ទឹមបារាំង ក្រោយពេលប្រមូលផល

១. ​បច្ចេកទេសនៃការប្រមូលផល ជាធម្មតា គេអាចប្រមូលផលខ្ទឹមបារាំងនៅពេលដែលវាមានអាយុពី ៣ទៅ​៤ខែ ក្រោយពីដាំហើយនៅពេលយើងសង្កេតឃើញថាដើម (ស្លឹក៥០-៧៥%) របស់វាត្រង់កន្លែងក្បែរមើមទន់បាក់ក។