Home / ទេសចរណ៍ / របកគំហើញថ្មី នៃពិធីបុណ្យអុំទូកខ្មែរ

របកគំហើញថ្មី នៃពិធីបុណ្យអុំទូកខ្មែរ

នៅកម្ពុជាសព្វថ្ងៃ ក្នុងព្រះរាជពិធីប្រចាំឆ្នាំ ទ្វាទសមាស (ឬបុណ្យដប់ពីរខែ) សម្រាប់ព្រះរាជាប្រារព្ធនៅក្នុង ព្រះបរមរាជវាំង គឺសុទ្ធ​សឹងទាក់ទងទៅនឹងសាសនា ហើយមានលំនាំយកតាមលទ្ធិ ជំនឿ ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា  និងគួបផ្សំទៅនឹងជំនឿ លើជីវចលនិយម (ជំនឿដើម) ដែលមានអាយុកាលរាប់ពាន់ឆ្នាំមុនឥណ្ឌារូបនីយកម្មទៅទៀត។

បណ្ឌិត មីសែល ត្រាណេ អ្នកជំនាញខាងបុរាណវិទ្យា និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានឲ្យដឹងថា បុណ្យប្រពៃណីជាតិខ្មែរ ភាគច្រើនមានលក្ខណៈសំយោគ (ការដាក់បញ្ចូលគ្នា) ហើយបានប្រារព្ធតាំងពីបុរេប្រវត្តិ រហូតដល់សព្វថ្ងៃ។ ក្នុងព្រះរាជពិធីទាំងនោះ គេឃើញមាន ព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីសំពះព្រះខែ និងអកអុំបុក ដែលជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ប៉ុន្តែថ្វីត្បិតមានការផ្សារភ្ជាប់ទៅនឹង ព្រះពុទ្ធសាសនាក្តី ក៏យើងត្រូវសង្កត់ធ្ងន់ទៅលើអត្ថន័យស៊ីជម្រៅនៃប្រភពដើម ដែលជាកក្តាគន្លឹះសម្រាប់ស្វែងយល់អំពីប្រភព និងតួនាទីរបស់ពិធីបុណ្យដ៏សំខាន់មួយនេះ។

លោកបណ្ឌិតបានពន្យល់ថា ជាច្រើនពាន់ឆ្នាំមុន ការផ្សព្វផ្សាយនូវវប្បធម៌ឥណ្ឌា ដោយស្ថិតនៅតំបន់មានខ្យល់រដូវ និងអាកាស​ធាតុក្តៅហើយសើមផងនោះ ប្រជាជនខ្មែរដែលមានលំនៅស្ថាននៅតាមបណ្តោយនៃដងទន្លេមេគង្គ ទន្លេសាប និងបឹងបួរទាំង​ឡាយ តែងតែទាញយកផលប្រយោជន៍ពីទឹកនេះ ពីព្រោះដូនតាខ្មែរចិញ្ចឹមជីវិត ដោយសារការធ្វើស្រែចម្ការ និងនេសាទត្រី។ ដូច្នេះ ទឹកជំនន់ប្រចាំរដូវនេះហើយ ដែលនាំមកនូវដីល្បាប់ដ៏មានជីវជាតិ ជាអត្ថិភាពចម្បងសម្រាប់វិស័យកសិកម្ម ដែលជាប្រភពនៃសុភមង្គល និងវឌ្ឍនភាពដ៏ផូរផង់ ប្រសើថ្លៃថ្លា បំផុតជាអំណោយ ផលពីធម្មជាតិ។ លើសពីនេះទៀត បុណ្យនេះ ក៏ជាឱកាសមួយដ៏សមស្របសម្រាប់ មិនគ្រាន់តែពង្រឹង និងពង្រីកចំណងមេត្រីភាពសាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹង ការបន្តពូជពង្ស វង្សត្រកូល របស់សង្គមមនុស្ស តាមរយៈការ អុំទូក ប្រណាំង ប្រជែងគ្នា ការស៊ីផឹករាំរែក ចែចង់ ឬក៏រួមរក្ស (ថែរក្សា) គ្នាផងដែរ។

លោកបណ្ឌិត មីសែល ត្រាណេ យល់ថា បុព្វការីជនខ្មែរ បានគោរពបូជាទឹកតាំងពីបុរាណកាល ដែលខ្មែរចាត់ទុក ថាជាប្រភពនៃជីវិត។ ហេតុនេះហើយបានជាសកម្មភាពរបស់ពួកគាត់ទោះតាម ផ្លូវកាយក្តី ចិត្តក្តី ផ្លូវបញ្ញាក្តី សុទ្ធតែដើម្បីបុព្វហេតុនេះហើយ។ ករណីនៃពិធីបុណ្យ អុំទូកខាងលើ ដែលបានក្លាយទៅជាបុណ្យប្រពៃណីជាតិ គឺជាសក្ខីភាពមួយ។ លើសពីនេះទៀត ខ្មែរបុរាណ យើង​ជឿថា ការប្រារព្ធពិធីបុណ្យអុំទូកនេះ ពិតជានាំមកនូវភោគផលល្អនិងអ្វីៗ ដែលខ្លួនប៉ងប្រាថ្នាក៏បានសម្រេច។

ក្រៅពីអំណេះអំណាងខាងលើ លោកបណ្ឌិត មីសែល ត្រាណេ មានភស្តុតាងមួយទៀតគឺ ថាសស្គរមហោរធឹកសំរឹទ្ធិ ដែលបញ្ជាក់ថា នោះជាការបូជាទឹកដ៏ឧត្ដមពាក់ព័ន្ធទៅនឹងប្រវត្តិដើមនៃពិធីបុណ្យអុំទូកខ្មែរ។

យោងតាមការសិក្សាស្រាវជ្រាវ ខាងបុរាណវិទ្យាចម្លាក់ នៃថាសស្គរមហោធឹកសំរឹទ្ធិចុងសម័យលោហធាតុ រវាង ៣០០ ទៅ ១០០ឆ្នាំមុនគ្រិស្តសករាជ ដែលគេបានរកឃើញនៅខេត្តស្ទឹងត្រែង ក៏ដូចនៅក្នុងស្ថានីយបុរេប្រវត្តិដទៃទៀត ក្នុងឧបទ្វីបឥណ្ឌូចិន នៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយថ្មីនេះនៅខេត្តព្រៃវែង និងបន្ទាយមានជ័យ អាចឲ្យយើងដឹងថា ការប្រណាំងទូក ត្រូវបានប្រារព្ធឡើងតាំងតែពី សម័យបុរេប្រវត្តិសាស្ត្រម្ល៉េះ។

លោកបណ្ឌិត មីសែល ត្រាណេ បានពន្យល់ថា បើប្រៀបធៀបចំណុះទូកសម័យមុន និងឥឡូវ ឃើញថា ជាដំបូងចូរយើងផ្ដោតអារម្មណ៍ទៅលើរូបរាងទំហំ និងចំនួនមនុស្សអុំនៅលើទូក ដែលត្រូវបានឆ្លាក់នៅលើស្គរសំរឹទ្ធិមហោធឹកទាំងនោះ ហើយពិនិត្យមើលនូវលក្ខណៈនៃទូកទាំងឡាយ ដែលខ្មែរយើងកំពុងប្រើប្រាស់ក្នុង ពិធីបុណ្យអុំទូកសព្វថ្ងៃឬក៏ទូកចម្បាំង ដែលបានឆ្លាក់នៅ ជញ្ជាំងប្រាសាទបុរាណខ្មែរយើង យើងនឹងអាចកត់សម្គាល់ឃើញថា ជាង ២.៣០៧ឆ្នាំមុន (គិតត្រឹមឆ្នាំ២០១៩នេះ) ទោះបីជាជន​ជាតិខ្មែរ បានទទួលនូវការជឿនលឿនខាងសម្ភារៈ ក៏ប៉ុន្តែទម្រង់នៃទូកងនៅពុំទាន់ផ្លាស់ប្ដូរកែប្រែនៅឡើយ។ ឯកភាពខាងទម្រង់ បច្ចេកទេស សាងសង់ និងចីរភាពខាងប្រពៃណី ប្រើទូកប្រណាំងមានសារៈសំខាន់ណាស់សម្រាប់ខ្មែរយើង ពីព្រោះលក្ខណៈសម្បត្តិនៃប្រភេទទូកបែបនេះហើយ ដែលសមស្របតាមកំណើតជាតិខ្មែរយើងយ៉ាងប្រាកដ។

គួរបញ្ជាក់ថា នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ មានតែជនជាតិខ្មែរតែមួយប៉ុណ្ណោះ ដែលអាចស្គាល់ និងផលិតទូកងបែបនេះ ហើយកំពុងពេញនិយម។ បើនិយាយម្យ៉ាងទៀត យើងពុំទាន់ឃើញជាតិសាសន៍ដទៃណាមានសមត្ថភាព ឬសតិញ្ញាណ ដើម្បីធ្វើទូកដូច្នេះបានឡើយ។ ប៉ុន្តែបើមានគឺ ជនជាតិថៃ និងលាវ (ឡាវ) ដែលប្រើប្រាស់ប្រភេទទូកនេះ ដែលតាមពិតទៅគឺជាមរតកខ្មែរ ដែលពួកគេបានខ្ចីពីម្ចាស់ទឹកដី គឺជនជាតិខ្មែរយើងក្រោយពីសម័យមហានគរ (ចក្រភពអង្គរ) បន្តិចមក។

ម្យ៉ាងវិញទៀត ជនជាតិចំណូលថ្មីទាំងនោះ ទោះបីបានផ្ដើមប្រើទូកបែបនេះយកតាមលំនាំខ្មែរសម្រាប់ប្រណាំងក៏ដោយ តែការប្រណាំងទូករបស់ពួកគេ មិនដែលមានលក្ខណៈជាប្រពៃណីប្រចាំជាតិ ដូចនៅព្រះរាជាណាចក្រកម្ពុជានោះទេ។ នេះបញ្ជាក់ឲ្យឃើញ​នូវតួនាទីសង្គម និងវប្បធម៌យ៉ាងសំខាន់របស់បុណ្យអុំទូកខ្មែរ ដែលជាទំនៀមទម្លាប់ ប្របៃណីជាតិដ៏យូរលង់ណាស់មកហើយ ហើយមិនមែនជាកម្ចីវប្បធម៌របស់បរទេសឡើយ។ ចំណុចមួយទៀត ដែលយើងត្រូវកត់សម្គាល់នៅទីនេះ គឺក្នុងទស្សនវិជ្ជាបុរាណខ្មែរ យើងឃើញមានប្រព័ន្ធមនសិការវាងព្រះទឹកជាពាក្យខ្មែរ និងអាទិទេពគង្គា ជាភាសាសំស្ត្រឹត ដែលមានន័យដូចគ្នា គឺធាតុទឹក ត្រូវបានដំឡើងឋានៈស្មើនឹងព្រះអាទិទេពរបស់ឥណ្ឌាគឺ ព្រះនាងគង្គា ដែលបានប្រសូតចេញពីទឹក នៃភួងសក់ព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិ ក្នុងលទ្ធិព្រហ្មញ្ញសាសនា។

លោកបណ្ឌិតបានឲ្យដឹងទៀតថា គុណសម្បត្តិពិសេសនៃស្គរមហោធឹកសំរឹទ្ធិ នាសម័យបុរេប្រវត្តិសាស្ត្រ ដែលមានក្នុងទឹកដីខ្មែរបច្ចុប្បន្ន ក៏ដូចនៅតំបន់ផ្សេងៗនៃអតីតចក្រភពកម្ពុជទេស មានលក្ខណៈធំធេងណាស់។ វត្តមានរបស់ចម្លាក់ តំណាងឲ្យការ ប្រណាំងទូកង និងឧបករណ៍ភ្លេងទាំងនោះ គឺគេទូងសម្រាប់ហៅទឹកភ្លៀង។ នោះជាអ្វីមួយ ដែលអ្នកប្រាជ្ញបរទេសចាត់ទុកថាជាពិធីបុណ្យសាសនាក៏មែនពិត ក៏ប៉ុន្តែវាជាភស្តុតាងជាប្រយោលនៃការប្រើប្រាស់ទូកប្រណាំងយ៉ាងពិតប្រាកដ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅនឹងប្រភព ឬដើមកំណើតនៃការអុំទូកខ្មែរបច្ចុប្បន្ន ដែលខ្មែរមិនគប្បីមើលរំលងឡើយ។

                                                                         អត្ថន័យពិធីបុណ្យអុំទូកខ្មែរ

រួមសេចក្ដីមក ស្ថិតក្រោមឥទ្ធិពលនៃធម្មជាតិ ជាពិសេសរបបខ្យល់រដូវ ដូនតាខ្មែរបានបង្កើត និងប្រារព្ធប្រពៃណីនេះឡើង ចង់បង្ហាញនូវគោលគំនិតសំខាន់ៗ ដូចជា៖

  • ដើម្បីសំដែងមនោសញ្ចេតនាដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាប ដែលបាននាំដីល្បាប់មានជីវជាតិយ៉ាងសំខាន់ បង្កបាននូវធនធានសម្បូណ៌បែប។
  • ការសម្ដែងនូវភាពរីករាយអបអរសាទរចំពោះ ភោគផលដំណាំកសិកម្ម ដែលធម្មជាតិបានផ្គត់ផ្គង់។
  • ការតបស្នងសងគុណវត្ថុស័ក្តិសិទ្ធិក្នុងលោក ជារួមមាន ព្រលឹងធម្មជាតិ និងដូនតា មានឋានៈស្មើទៅនឹងព្រះអាទិទេព ដែលបានជួយជ្រោមជ្រែង ក្នុងការធ្វើឲ្យមានកំណើនភោគផលជាវិជ្ជមាន។
  • ដើម្បីបង្កើតមេត្រីភាព ភាតរភាព សាមគ្គីភាព រវាងបុគ្គលនិងបុគ្គល ក៏ដូចពង្រឹងពង្រីកឡើងវិញនូវចំណងមិត្តភាព៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ចិន មានគំរោងវិនិយោគវិស័យគ្រឿងយន្តកសិកម្មវៃឆ្លាតនៅកម្ពុជា

តាមហ្វេសប៊ុកក្រសួងកសិកម្មខ្មែរ បានឲ្យដឹងថា លោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្ត ឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion ប្រទេសចិន បានជួបរដ្ឋមន្រ្តីកសិកម្មខ្មែរ ដើម្បីពិភាក្សាការ​ងារ​ជម្រុញការស្រាវជ្រាវ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី​១៨ …