Home / កសិកម្ម / វិធីសាស្រ្តគ្រប់គ្រងខ្ទឹមស្លឹក ក្រោយពេលប្រមូលផល

វិធីសាស្រ្តគ្រប់គ្រងខ្ទឹមស្លឹក ក្រោយពេលប្រមូលផល

១. ការប្រមូលផល. ការប្រមូលផលខ្ទឹមស្លឹកឲ្យបានល្អមានដូចជា៖

  • ការប្រមូលផលខ្ទឹមស្លឹកនេះ នៅពេលវាចាស់ល្មម គឺចាប់ពីអាយុ​ ៣៥ ទៅ ៤៥ថ្ងៃ ដោយសំគាល់ឃើញស្លឹករបស់វាឡើងម្សៅ និងកមើមរបស់វាឡើងស្តូច
  • យើងអាចដកចាប់នឹងដៃ ប៉ុន្តែចាប់ជិតគល់វាបន្តិចកុំឲ្យដាច់មើម។ បើសិនដីរឹងយើងគួរយកចបជីក ឬកូនរនាស់ធ្មេញវែងគាស់វាជាមុនសិន ទើបប្រមូលវា
  • យើងគួរប្រមូលផលនៅពេលព្រឹកចាប់ពីម៉ោង ៧ដល់ម៉ោង១១ និងល្ងាចពីម៉ោង ២ដល់ម៉ោង​៥
  • យើងគួរប្រមូលផលនៅពេលស្រស់ទឹកសន្សើម គ្មានភ្លៀង ដើម្បីការពារកុំឲ្យស្លឹកវាស្រួយដែលអាចបាក់បែកច្រើន
  • ពេលប្រមូលផលត្រូវឆាប់យកមកទុកក្នុងម្លប់ ដើម្បីកុំឲ្យត្រូវកំដៅថ្ងៃខ្លាំងពេក ងាយទទួលការខូចខាតដោយបាត់ជាតិទឹក និងស្រកទំងន់មកពីស្វិតស្រពោន
  • កុំធ្វើការប្រមូលផលនៅពេលមានភ្លៀង ព្រោះធ្វើឲ្យខ្ទឹមងាយរលួយ។

២. ការសំអាត. ដើម្បីឲ្យផលិតផលមានគុណភាពល្អ ហើយមានសោភ័ណភាព និងមានតំលៃខ្ពស់គាប់ភ្នែកអតិថិជន យើងគួរសំអាតវាឲ្យស្អាតដូចទៅ៖

  • បេះសំអាតស្លឹកបាក់ ខូចខាត ងាប់ ស្អុយរលួយចោល
  • ធ្វើការកាត់ឫសបន្តិចដើម្បីកុំឲ្យនៅជាប់ដី
  • កាត់រួចលាងទឹកសំអាតត្រឹមគល់បានហើយ បើមានស្នាមប្រឡាក់ដីធូលី
  • ក្នុងការសំអាត យើងត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យខ្ទឹមស្លឹកងាយទទួលការបាក់បែក នាំឲ្យឆាប់ខូចទុកមិនបានយូរ
  • ចំពោះតំរូវការអតិថិជន គឺយើងអាចធ្វើការសំអាតគល់ខ្ទឹមហើយលក់ភ្លាមៗ។

៣. ការវេចខ្ចប់ និងដឹកជញ្ជូន.  ក្រោយពីការសំអាតរួច ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ទីផ្សារ យើងគួរធ្វើការវេចខ្ចប់ដូចខាងក្រោម​​​​​​​​​​​​​​៖

  • ចងវាជាដុំតូចៗ(កន្លះ ឬ១ គ​​​​​.ក្រ.) ដោយប្រើខ្សែកំប្លោក ឬខ្សែចេក ដោយយកស្លឹកចេក ឬស្លឹកឈូកស្រស់ហ៊ុំព័ទ្ធជុំវិញ ដើម្បីរក្សាពណ៌ និងកាត់បន្ថយការប៉ះទន្គិច
  • គេត្រូវតំរៀបក្នុងខេង​ ឬជាលជាជាន់ៗ (តំរៀបពីលើគ្នា)
  • ខេង ឬជាលត្រូវហ៊ុំព័ទ្ធដោយស្លឹកចេក ឬក្រណាត់បាវ និងខាងក្រោមខេង ឬជាល(បាត)ត្រូវទ្រាប់ស្លឹកចេកដែលមានកំរាស់ពី ១ទៅ២សង្ទីម៉ែត្រ
  • ពេលដាក់ក្នុងខេង ឬជាល យើងមិនត្រូវសង្កត់វាទេ
  • តំរៀបគល់ខ្ទឹមចេញខាងក្រៅ
  • ពេលដឹកមកកាន់ទីផ្សារ យើងត្រូវគ្របក្រណាត់សើមពីលើ ការពារកំដៅ និងធូលីដីប្រឡាក់
  • ក្នុងករណីខ្លះ គេក៏អាចដាក់ក្នុងបាវឬការ៉ុងបានដែរ តែការដឹកជញ្ជូនត្រូវប្រើរថយន្ត ដោយតំរៀបបាវឬការ៉ុងនោះទន្ទឹមគ្នា ជៀសវាងការដាក់គរលើគ្នា។

៤. ការស្តុកទុក. ដើម្បីកាត់បន្ថយការខូចខាត និងរក្សាទុកឲ្យបានយូរនោះ យើងគួរគប្បីធ្វើដូចតទៅ៖

  • ជញ្ជូនវាដាក់ក្នុងម្លប់ សំដិលវាឲ្យត្រជាក់សិនទើបធ្វើការសំអាតជាក្រោយ តែមិនត្រូវកាត់ឫសវាចេញទេ
  • ក្នុងករណីទុកបានយូរថ្ងៃ គេត្រូវពង្រាយលើគ្រែ ឬចានដែលធ្វើឲ្យស្តើងល្មម ឲ្យមានខ្យល់ចេញចូលបានល្អ និងឧស្សាហ៍ប្រោះទឹក(១ថ្ងៃ ២ដង) ឬគ្របក្រណាត់សើមពីលើ។ ក្នុងករណីនេះ គេទុកបាន១ទៅ២ថ្ងៃ
  • ក្នុងករណីខ្លះ យើងអាចទុកវាដោយបញ្ឈរក្នុងចានដែកដែលមានទឹក២-៣ផឹង ហើយក្នុងមួយថ្ងៃប្តូរទឹកម្តងចេញ។ គេទុកក្នុងចានដែកនេះ ត្រូវដាក់ក្នុងម្លប់ត្រជាក់ល្អ ហើយមិនត្រូវប៉ះវាឡើយ នៅពេលទុកដាក់នោះ។ ក្នុងករណីនេះ យើងអាចរក្សាទុកបានពី ២ទៅ៣ថ្ងៃ៕

                                   

                                                           កសិករមានបទពិសោធន៍ និងបានធ្វើការសាកល្បង

                                                                      រស់ ប៊ុនលី, ប្រាក់ រ៉ា និង ហុក ឆេង

ប្រភព ខិត្តបណ្ណស្តីពី ​វិធីសាស្រ្តគ្រប់គ្រងខ្ទឹមស្លឹក ក្រោយពេលប្រមូលផល, បោះពុម្ពដោយ

  • មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក)
  • វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីសាស្រ្តគ្រប់គ្រងខ្ទឹមបារាំង ក្រោយពេលប្រមូលផល

១. ​បច្ចេកទេសនៃការប្រមូលផល ជាធម្មតា គេអាចប្រមូលផលខ្ទឹមបារាំងនៅពេលដែលវាមានអាយុពី ៣ទៅ​៤ខែ ក្រោយពីដាំហើយនៅពេលយើងសង្កេតឃើញថាដើម (ស្លឹក៥០-៧៥%) របស់វាត្រង់កន្លែងក្បែរមើមទន់បាក់ក។