Home / ព័ត៌មាន / អង្គការសេដាកពង្រីកទីផ្សារលក់កសិផលសរីរាង្គ ដើម្បីប្រយោជន៍កសិករ និងអ្នកបរិភោគ

អង្គការសេដាកពង្រីកទីផ្សារលក់កសិផលសរីរាង្គ ដើម្បីប្រយោជន៍កសិករ និងអ្នកបរិភោគ

ស្ថាបនិកអង្គការសេដាក និងជាអ្នកផ្តួចផ្តើមគំនិតឲ្យមានចំណីអាហារសរីរាង្គនៅកម្ពុជា លោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍នៅក្នុងឱកាសសិក្ខាសាលាស្តីពី កសិកម្ម និងចំណីអាហារសរីរាង្គ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា អង្គការសេដាក បានចាប់ផ្តើមបើកលក់កសិផលសរីរាង្គមុនគេនៅស្រុកខ្មែរ គឺតាំងពីឆ្នាំ២០០៤មកម្លេះ ហើយពេលនេះ ការលក់កសិផលធម្មជាតិមានភាពរីកចម្រើនច្រើននៅក្នុងប្រទេសកម្ពុជា ដោយសារមានអង្គការ និងសហគមន៍ជាច្រើនបានលក់កសិផលធម្មជាតិ។

លោកបណ្ឌិតបន្តថា ដើម្បីគិតគូរផលប្រយោជន៍ដល់កសិករ និងអ្នកបរិភោគ «អង្គការសេដាកបានពង្រីកទីផ្សារកសិផលសរីរាង្គដោយឲ្យមានកិច្ចសហការគ្នារវាងកសិករ និងពាណិជ្ជករក្នុងគោលបំណងរកទីផ្សារនិងបង្កើនប្រាក់ចំណូលរបស់កសិករបានខ្ពស់ ក៏ដូចជួយឲ្យមានអ្នកបរិភោគកាន់តែច្រើនមានសុវត្ថិភាពផ្នែកចំណីអាហារ»

នាយិកាប្រតិបត្តិអង្គការសេដាកបច្ចុប្បន្ន គឺលោកស្រី តុង ចាន់ធាង បានមានប្រសាសន៍នៅក្នុងសិក្ខាសាលានោះថា អង្គការសេដាកកន្លងមក ក៏ដូចសព្វថ្ងៃមានអង្គការអន្តរជាតិជាច្រើនបានជួយទាំងថវិកា និងបច្ចេកទេសកសិកម្ម ក្នុងគោលបំណងគាំទ្រកសិករធ្វើកសិកម្មសរីរាង្គ បន្សាំខ្លួននឹងការបម្រែបម្រួលអាកាសធាតុដូចជា ប្រើជីធម្មជាតិ ជីកស្រះ ប្រើឡជីវឧស្ម័នជាដើម។

លោកស្រីបន្ថែមថា «យើងបានរៀបចំឲ្យមានក្រុមផលិតតាមស្តង់ដារសរីរាង្គសេដាក ក្នុងនោះមានក្រុមដាំបន្លែ ក្រុមដាំឈើហូបផ្លែ ផ្សព្វផ្សាយកសិផលសរីរាង្គ បង្ហាញស្តង់ដារ និងជម្រុញទីផ្សារកសិផលសរីរាង្គ»

សិក្ខាសាលានេះក៏បានធ្វើបទបង្ហាញស្តីពី កសិកម្មសរីរាង្គ ដោយលោក ឡឹក សុធា និង គោលការណ៍ធ្វើស្រូវសរីរាង្គ ដោយលោក យឹម សារុំ ផងដែរ។

សូមជម្រាបថា សិក្ខាសាលាស្តីពី កសិកម្ម និងចំណីអាហារសរីរាង្គ ដែលធ្វើនៅព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅអគារ CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ មានអ្នកចូលរួមប្រមាណ ១៣០នាក់ គឺក្នុងគោលបំណងឲ្យអ្នកបរិភោគ អ្នកចង់ដាំដុះតាមស្តង់ដារសរីរាង្គសេដាក និងអ្នកចង់លក់បន្តនូវកសិផលសរីរាង្គ ជួបជុំគ្នា និងស្វែងយល់នូវចំណុចមួយចំនួនពាក់ព័ន្ធនឹងកសិករ ស្តង់ដារសរីរាង្គសេដាក និងព័ត៌មានចង់លក់បន្ត។

 

  • ព័ត៌មានចង់លក់កសិផលសរីរាង្គបន្ត សូមទាក់ទង ០១៧ ៣៥១ ៧៦៣ (គីមឆែ)
  • ព័ត៌មានចង់អនុវត្តផ្ទាល់នូវកសិកម្មសរីរាង្គ សូមទាក់ទង ០៧០ ៨៧៤ ៩១៧ (ពៅ សុភា)៕

 

 

សហគមន៍សម្បូរសប្បាយ

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។