Home / កសិកម្ម / ​វិធីសាស្រ្តគ្រប់គ្រងផ្លែម្រះ ក្រោយពេលប្រមូលផល

​វិធីសាស្រ្តគ្រប់គ្រងផ្លែម្រះ ក្រោយពេលប្រមូលផល

១. ការប្រមូលផល. ដើម្បីប្រមូលផលម្រះឲ្យបានល្អ គួរយកចិត្តទុកដាក់លើចំណុចសំខាន់ៗ មួយចំនួនដូចជាខាងក្រោម៖

  • យើងបេះតែផ្លែណាចាស់ល្មម ឬផ្លែពេញវ័យគឺនៅពេលដែលក្រឡាវារីកហើយរលាងពណ៌បៃតងភ្លាវ
  • ក្នុងការបេះ ឬកាត់ យើងគប្បីត្រូវប្រើសំភារៈដូចជា កូនកាំបិតស្លា កន្រ្តៃមុត ដើម្បីងាយស្រួលកាត់កុំឲ្យប៉ះពាល់ដល់ដើម និងទង ដែលអចបណ្ដាលឲ្យវាងាប់ ឬមានជំងឺផ្សេងៗ
  • ការកាត់ត្រូវទុកសណ្ដង់ ឬទងផ្លែមួយចង្អុលដៃស្មើ ៤-​៥ផឹង ដើម្បីកុំឲ្យផ្លែឆាប់ខូច
  • យើងចាប់ផ្ដើមកាត់ ឬបេះវាពេលព្រឹកម៉ោង ៨-​១១ ពេលលល្ងាចម៉ោង ២-​៥ វាជាការងារមួយសមស្របក្នុងការប្រមូលធ្វើឲ្យផ្លែមិនងាយស្វិតស្រពោនដោយកំដៅថ្ងៃ​ ហើយស្រស់ទឹកល្អ
  • ក្នុងការកាត់ យើងគប្បីកាត់បញ្ឆិតទង ឬសណ្ដង់ ដើម្បីការពារជ័រនៅកកជាប់ទង ឬដើម ដែលអាចធ្វើឲ្យដើមទទួលនូវជំងឺផ្សេងៗ
  • យើងចាប់បេះនៅពេលអាកាសធាតុល្អ ពោលគឺគ្មានភ្លៀង គ្មានទឹកសន្សើម ឬកំដៅខ្លាំងពេក។

២. ការសំអាត និងការជ្រើសរើស. ក្រោយពីបានប្រមូលផលរួច យើងគួរធ្វើការជ្រើសរើសនិងសំអាត ដូចជា៖

  • ជ្រើសរើសផ្លែណាដែលស្អុយរលួយ ខ្វិនខ្វង់ ឬផ្លែមិនល្អចេញ
  • ជ្រើសរើសផ្លែខ្ចីពេក និងចាស់ពេក ទុកកន្លែងផ្សេង
  • តំរឹមសណ្ដង់ ឬទងផ្លែតែ ៤-​៥ផឹង ឬមួយចង្អុលដៃ
  • ជូតសំអាតផ្លែដែលប្រឡាក់ថ្នមៗ ដោយប្រើក្រណាត់សើមទន់ ហើយប្រយ័ត្នបំផុតជៀសវាងការប៉ះទង្គិចខ្លាំង ដែលអាចប៉ះពាល់ក្រឡារបស់វា។

៣. ការវេចខ្ចប់ និងការដឹកជញ្ចូន. ចំណុចមួយចំនួន ដើម្បីវេចខ្ចប់ឲ្យបានល្អមាន៖​

  • យើងគួរទុកទាំងក្រដាសរុំផ្លែ ដើម្បីជួយទប់ទល់ការជាំខូច និងកុំឲ្យប្រឡាក់ជ័រពីផ្លែផ្សេងទៀត
  • ក្រោយពីខ្ចប់ក្រដាសរួចហើយ យកម្រះនេះដាក់ក្នុងកន្រ្តក កញ្ឆេ ជាល ឬទ្រុងដែក ក្រោយពេលទុកសំដិលឲ្យវាត្រជាក់ ២០-៣០នាទីរួចមក
  • ចំពោះ ជាល កន្រ្តក ឬទ្រុងដែកនោះ ត្រូវក្រាលដោយស្លឹកចេក ឬបាវកំរាស់ប្រមាណពី ២-៣ ផឹងហើយសងខាងទ្រុងក៏ត្រូវហ៊ុំព័ទ្ធដែរ ដើម្បីការពារប៉ះទង្គិចគ្នាក្នុងពេលដឹកទៅកាន់ទីផ្សារ
  • យើងតំរៀបវាក្នុងកញ្ឆេ ជាល ឬទ្រុងដែក ដោយយកផ្លែ ឬក្បាលនៃផ្លែមួយដាក់ពីលើពាក់​កណ្ដាលនៃផ្លែមួយទៀត
  • ត្រូវដាក់កញ្ឆេ ឬជាល​ជាថ្នាក់ៗ ចំណែកឯកញ្ឆេរឬជាល ត្រូវគ្របក្រមាសើម ឬស្លឹកចេកពីលើការពារកំដៅ និងធូលី
  • ធ្វើយ៉ាងណាកុំឲ្យវាហួសមាត់កញ្ឆេនាំឲ្យពិបាកដាក់បញ្ចូលឡាន និងប៉ះទង្គិច។

៤. ការស្តុកទុក. ដើម្បីទុកដាក់ផលិតផលម្រះឲ្យបានសមស្របហើយបានយូរ យើងអាចធ្វើដូចខាងក្រោម៖

  • យើងគប្បីទុកដាក់នៅក្នុងម្លប់ក្រោមផ្ទះ លើផ្ទះ ឬកន្លែងរោងចាំចំការ ហើយមានខ្យល់ត្រជាក់
  • ត្រូវតំរៀបឲ្យបានស្ដើងល្មម ដើម្បីកុំឲ្យវាសង្កត់លើគ្នា
  • មិនត្រូវប៉ះពាល់វានៅពេលទុកនេះឡើយ
  • ត្រូវយកក្រមា ឬក្រណាត់សើមគ្របពីលើ ដើម្បីឲ្យវានៅស្រស់ល្អ ក្នុងករណីនេះ គេអាចរក្សាវាបាន ២-​៣ថ្ងៃ៕

កសិករមានបទពិសោធន៍ និង បានធ្វើការសាកល្បង

   វុធ វណ្ណនី និង ហុក ឆេង

ប្រភព ខិត្តបណ្ណ (វិធីសាស្ត្រគ្រប់គ្រងផ្លែត្រប់ក្រោយពេលប្រមូលផល) បោះពុម្ពដោយ

  • មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក)
  • វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ

សហគមន៍សម្បូរសប្បាយ

 

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។