បងស្រី ស៊ឹម ទូច ជាសិស្សយុវសហគ្រិនរស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំដំបូងគាត់បានដាក់ចិញ្ចឹមមេមាន់ចំនួន ៥ក្បាល និងបាចំនួន ១ក្បាល។ គាត់ចាប់ផ្តើមចិញ្ចឹមពីខែ៩ ឆ្នាំ២០១០មក។ គាត់លក់មាន់សាច់ជារៀងរាល់ខែ ដោយក្នុងមួយខែលក់បានចំនួន៣០ទៅ៤០ម៉ឺនរៀល។ ចាប់ពីខែតុលា ឆ្នាំ២០១០រហូតមក ខែមេសា ឆ្នាំ២០១១គាត់រកបានប្រាក់ចំណូលសរុបប្រមាណជាង៣លានរៀល។ ពីមុនមក គាត់មិនធ្លាប់បានទទួលប្រាក់ចំណូលពីការលក់មាន់នេះទេ ក្រោយពីបានអានទស្សនាវដ្តីកសិករ ឃើញបទពិសោធន៍របស់កសិករ ដែលចុះផ្សាយក្នុងនោះគាត់មានការចាប់អារម្មណ៍ក៏ចាប់ផ្តើមចិញ្ចឹមមាន់រហូតមក។
ទិដ្ឋភាពថែទាំកូនមាន់នៅក្នុងទ្រុង
ចំពោះបទពិសោធន៍ការចិញ្ចឹមមាន់របស់គាត់មានបង្ហាញជូនដូចខាងក្រោម៖
១-ការរៀបចំទ្រុង
ទ្រុងសម្រាប់ចិញ្ចឹមមាន់ គាត់រៀបចំផ្សេងៗពីគ្នា គឺទ្រុងបង្ខាំងមាន់តូច និងទ្រុងមាន់ធំ គាត់ធ្វើរបងព័ន្ធជុំវិញទីធ្លាសម្រាប់ឲ្យមាន់ដើររកចំណីស៊ី។
– ការរៀបចំទ្រុងសម្រាប់មាន់តូចដេក ទ្រុងសម្រាប់មាន់តូចដេកមានទំហំ ១,២ម៉ែត្រ កំពស់ ០,៥ម៉ែត្រ ធ្វើពីឫស្សី និងសំណាញ់ក្រាលពីក្រោមឫស្សីកុំឲ្យជើងមាន់ធ្លាក់ចុះក្រោម ដែលអាចបណ្តាលបាក់ជើង។
– ការធ្វើទីធ្លាឲ្យមាន់ដើរ រៀបចំទីធ្លាដោយធ្វើរបងព័ន្ធជុំវិញទ្រុង នៅក្នុងទីធ្លាមានជីករណ្ដៅដាក់សំរាមស្លឹកឈើសម្រាប់មាន់កាយ។
– ការជ្រើសរើសពូជមាន់ គាត់ជ្រើសរើសមាន់ដែលមានមាឌធំជើងរមៀត រោមពណ៌ក្រហមដែលមានពណ៌ទាក់ទាញ និងមានទម្ងន់ ១,៣គីឡូក្រាមឡើងទៅ និងមិនជាន់ឈាមគ្នា។
២-ការថែទាំមាន់
– កូនមាន់ នៅពេលកូនមាន់ញាស់ភ្លាម គាត់បានទុកមិនឲ្យមាន់ស៊ីចំណីរយៈពេល ២៤ម៉ោង។ បន្ទាប់ពីញាស់ភ្លាមយកមកដាក់នៅក្នុងឡាំងភ្លាម ដោយបិទគំរបមិនឲ្យជិតពេកទេ គឺទុកប្រហោងខ្លះ ដើម្បីឲ្យកូនមាន់ដកដង្ហើម។ ក្រោយពីញាស់រហូតដល់ ១០ថ្ងៃ គាត់ប្រើចំណីផ្សារ និងប្រើស្ករត្នោតលាយជាមួយទឹកធម្មតាដាក់ឲ្យកូនមាន់ផឹក ដោយស្ករត្នោតមួយចុងស្លាបព្រាបាយ លាយជាមួយទឹក ១០លីត្រ ដាក់ឲ្យមាន់ផឹកមួយថ្ងៃម្តង។ ក្នុងរយៈពេលបីថ្ងៃម្តង គាត់ដាក់កូនមាន់ឲ្យដើរនៅលើដីម្តង ដើម្បីឲ្យកូនមាន់ឆាប់រឹងដៃរឹងជើង។
– មាន់អាយុ១៥ថ្ងៃ នៅពេលមាន់មានអាយុ ១៥ថ្ងៃឡើង គាត់ឈប់ដាក់ចំណីផ្សារឲ្យស៊ីទៀតហើយ គឺប្រើចំណីដូចជា កន្ទក់ ត្រកួន និងបបរបាយ។ មាន់ចំនួន ១០០ក្បាល ប្រើកន្ទក់ ១,៥គីឡូក្រាម បបរ២កំប៉ុង ត្រកួន២ទៅ៣ដៃ ឲ្យស៊ីក្នុងមួយថ្ងៃ។
– ថ្នាំការពារមាន់ឈឺ នៅរដូវក្តៅ គាត់បានដាក់ឲ្យមាន់ផឹកទឹកថ្នាំដើម្បីការពារជំងឺឆ្លង។ ប្រភេទ
ថ្នាំដែលគាត់បានត្រាំ មានប្រភេទថ្នាំប៉ារ៉ា ដោយថ្នាំប៉ារ៉ា១គ្រាប់លាយជាមួយទឹកធម្មតា ១លីត្រ។ ក្រៅពីការប្រើថ្នាំសម្រាប់ការពារ គឺត្រូវធ្វើការផ្លាស់ប្តូរអា-កាសធាតុ ដោយត្រូវស្រោចទឹករាល់ថ្ងៃនៅក្នុងទីធ្លាដើម្បីកុំឲ្យមាន់ចាញ់នឹងអាកាសធាតុក្តៅ។
– ការសំអាតទ្រុង ដើម្បីកុំឲ្យមាន់កើតនូវជំងឺផ្សេងៗ ត្រូវធ្វើការសំអាតទ្រុងមានដូចជា ការបោសសំអាត កើបប្រមូលលាមកមាន់ជាប្រចាំ។ លាងទ្រុងឲ្យស្អាតបន្ទាប់ពីប្រមូលមាន់លក់១សាៗ។ បន្ទាប់មកយកដីខ្សាច់ទៅចាក់បន្ថែមពីលើដីទីធ្លា និងស្រោចទឹកពីលើ។ ការធ្វើដូចនេះ គឺការពារមិនឲ្យមាន់កើតជំងឺ។
ទិដ្ឋភាពមេមាន់ពូជសំរាប់លក់
៣-ការលាយចំណី
ប្រភេទចំណី ដែលគាត់បានលាយឲ្យមាន់ស៊ីដូចជា កន្ទក់ បបរ ត្រកួន។ សម្រាប់មាន់ចំនួន
១៥០ក្បាល គាត់បានដាក់ចំណីឲ្យស៊ីប្រមាណ ៤គីឡូក្រាម។ ចំណី និង ទឹក គឺត្រូវដាក់នៅក្នុងបំពង់
ឫស្សី (ស្នូកទឹក ស្នូកចំណី)។
៤-លទ្ធផលទទួលបាន
ក្នុងការរៀបចំទ្រុងចិញ្ចឹមមាន់នេះ គាត់ចំណាយអស់ ១៣០.០០០រៀល ទៅលើការទិញដែកគោល និងសំណាញ់ ចំណែកឫស្សីមានស្រាប់នៅក្នុងភូមិ។ ចំណែកការទទួលផលវិញ គឺបានពីការលក់មាន់សាច់ កូនមាន់ និងមេមាន់ពូជ។
– ក្រោយពីការចិញ្ចឹមបានរយៈពេល ៥ខែ គាត់ទទួលបាននូវប្រាក់ចំណូលប្រមាណ ៤០ ទៅ
៥០ម៉ឺនរៀល ពីការលក់មាន់សាច់ ដោយក្នុង១គីឡូក្រាមលក់បាន ១៥.០០០រៀល (មាន់រស់)
។ ក្រៅពីនេះគាត់ និងក្រុមគ្រួសារមានមាន់សម្រាប់បរិភោគគ្រប់គ្រាន់តាមតម្រូវការទៀតផង។
– ចំពោះការលក់មេមាន់វិញ គាត់អាចលក់ម៉ៅដោយក្នុងមេមាន់ ១ក្បាល លក់បានប្រមាណ ៥
ទៅ ៦ម៉ឺនរៀល។
– ចំពោះកូនមាន់វិញគាត់អាចលក់បាន ១ក្បាលចំនួន ៤.០០០រៀល។
ទិដ្ឋភាពកូនមាន់ និងមាន់សាច់សម្រាប់ត្រៀមលក់
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមមាន់៖
- រៀបចំទ្រុងសម្រាប់មាន់តូច និងមាន់ធំដាច់ដោយឡែកពីគ្នា
- រៀបចំធ្វើរបងព័ន្ធជុំវិញទីធ្លាឲ្យមាន់ដើរ
- ជ្រើសរើសពូជមាន់ដែលមិនជាន់ឈាមមាឌធំ ជើងរមៀតមកចិញ្ចឹម
- ផ្តល់ចំណី និងទឹកឲ្យបានទៀងទាត់ និងគ្រប់គ្រាន់
- ថែទាំបោសសំអាតទ្រុង និងទីធ្លា ស្នូកទឹក ស្នូកចំណី
- ប្រើថ្នាំធម្មជាតិការពារជំងឺមាន់៕