Home / កសិកម្ម / តួនាទីរបស់ស្រះទឹកក្នុងការអភិវឌ្ឍកសិដ្ឋានពហុប្រយោជន៍

តួនាទីរបស់ស្រះទឹកក្នុងការអភិវឌ្ឍកសិដ្ឋានពហុប្រយោជន៍

កសិករជាទូទៅអាស្រ័យលើផលស្រូវតែមួយមុខ ហើយផលនេះច្រើនទទួលបានតែមួយ​រដូវ​និង​មិនសូវមានស្ថេរភាព (មានឡើង មានចុះ) ដោយបញ្ហាខ្វះទឹក ឬ មានទឹកច្រើន   ពេក។ ដើម្បីឲ្យកសិករជាអ្នកធ្វើស្រែទទួលបានផលស្រូវច្រើនប្រកប​ដោយស្ថេរភាព ហើយទទួលបានកសិផលផ្សេងៗទៀត​ដូចជាបន្លែ ឈើហូបផ្លែ ត្រី សត្វ។ល។ កសិករ គួរតែធ្វើការអភិវឌ្ឍដីស្រែឲ្យមានស្រះទឹកដែលមានទួលសម្រាប់ជាសួនដាំដំណាំផ្សេងៗ និងចិញ្ចឹមសត្វ និងទុកមួយចំណែកសម្រាប់ធ្វើស្រែ និងដាំដំណាំផ្សេងៗ ដែលយើងហៅថា ការអភិវឌ្ឍដី​ស្រែឲ្យក្លាយជាកសិដ្ឋានពហុប្រយោជន៍តាមគោលការណ៍ ស៤ (ស្រះ សួន ស្រែ សត្វ)។       

ក្នុងការធានាឲ្យកសិករអាចផលិតបានផលច្រើនគ្រប់រដូវកាល គ្រប់គ្រងទឹកបានល្អជាគោលការណ៍សំខាន់បំផុត ជាពិសេសក្នុងបរិបទការផ្លាស់ប្តូរអាកាសធាតុ។ ការគ្រប់គ្រងទឹកបានល្អមានន័យថា កសិករមិនមានជួបបញ្ហាទឹកច្រើនពេកនៅរដូវវស្សា និងមិនជួបការខ្វះទឹកនៅរដូវប្រាំង។ ដើម្បីសម្រេចបាននូវគោលបំណងនេះ កសិករគួរតែប្រើប្រាស់ដីមួយចំណែកជីកជាស្រះ (គោលការណ៍ទី១) ហើយអាចម៌ដីដែលបានពីការជីកស្រះ យកមកលើកជាទួលដើម្បីធ្វើជាសួនដំណាំ។

ស្រះទឹកក្នុងស្រែមានតួនាទីសំខាន់ដូចរៀបរាប់ខាងក្រោម៖

  • នៅរដូវភ្លៀង ជាពិសេសដើមរដូវវស្សាវាជួយប្រមូលទឹក ស្តុកទឹក ហើយធ្វើឲ្យដីស្រែមិនលិច ឬមិនជាំទឹក ដែលងាយស្រួលក្នុងការដាំដំណាំជីស្រស់ និងដំណាំយកផលផ្សេងៗមុនពេលធ្វើស្រែ។ នៅពេលរាំង យើងអាចយកទឹកពីនេះមកស្រោចស្រពដំណាំវិញ។
  • ស្រះទឹកក៏មានតួនាទីក្នុងការបញ្ចេញបញ្ចូលទឹកពីស្រែ ដែលអំណោយផលដល់ការលូតលាស់របស់ស្រូវ ពីព្រោះស្រូវនៅពេលមានទឹកច្រើន ឬពេលអត់ទឹកសោះ ក៏មិនអាចបែកគុម្ពបានដែរ។
  • នៅរដូវប្រាំង យើងអាចប្រើប្រាស់ទឹកពីស្រះ ដើម្បីស្រោចស្រពដំណាំ ក៏ដូចចិញ្ចឹមសត្វ
  • យើងអាចចិញ្ចឹមត្រី ឬទទួលផលត្រីធម្មជាតិពីស្រះ
  • យើងអាចចិញ្ចឹមទានៅក្នុងស្រះ ហើយការចិញ្ចឹមផ្គុំគ្នាបានល្អរវាងត្រី និងទា នាំឲ្យបានផលច្រើនទាំងទា ទាំងត្រី ព្រមទាំងចំណាយតិចលើចំណីបន្ថែម
  • យើងអាចទទួលផលដំណាំបន្លែ (ដូចជា ត្រកួន ព្រលិត) និងរុក្ខជាតិក្នុងស្រះធ្វើជី (ដូចជា កំប្លោក ចក)។ ដើម្បីឲ្យស្រះបំពេញតួនាទីបានល្អ យើងត្រូវមានស្រះដែលមានទំហំធំល្មម យកល្អស្រះគួរមានទំហំផ្ទៃទឹកចាប់ពី ១០០០ម៉ែត្រក្រឡា ហើយជម្រៅចាប់ពី ៣ម៉ែត្រទៅ។

កសិករនឹងត្រូវចំណាយច្រើនលើការជួលគ្រឿងចក្រជីកស្រះដែលអាចអស់ទឹកប្រាក់ប្រមាណជាង ៨លានរៀល ប៉ុន្តែផលទទួលបានក្រោយពីការវិនិយោគ និងទូទាត់ការចំណាយនេះក្នុងរយៈពេលយ៉ាងយូរបំផុត៣ឆ្នាំ ដែលក្នុងនោះយើងទទួលបានពីការកើនផលស្រូវ កើនផលត្រី ផលដំណាំផ្សេងៗ ជាពិសេសបន្លែ និងផលទទួលបានពីការចិញ្ចឹមសត្វ។

ដោយស្រះ មានតួនាទីសំខាន់ក្នុងការជួយឲ្យកសិករទទួលបានកសិផលច្រើនមុខ និងចំណូលខុសពីដីស្រែ យើងជម្រុញឲ្យកសិករធ្វើការវិនិយោគលើការជីកស្រះនេះដើម្បីបំលែងស្រែក្លាយជាស្រែពហុប្រយោជន៍៕

បណ្ឌិត យ៉ង សាំងកុមារ

 

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។