Home / កសិកម្ម / លោក សាក់ ផុន «ការបាញ់ថ្នាំស្មៅជាហេតុផលមួយធ្វើឱ្យទុរេនងាប់»

លោក សាក់ ផុន «ការបាញ់ថ្នាំស្មៅជាហេតុផលមួយធ្វើឱ្យទុរេនងាប់»

នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរភាគច្រើននៅឡើយ នៅតែចាប់អារម្មណ៍ប្រើប្រាស់ថ្នាំគីមីទៅលើដំណាំ មិនថាថ្នាំសម្លាប់ស្មៅ បំប៉ន និងព្យាបាលដំណាំផ្សេងៗនោះទេ ដែលការប្រើប្រាស់នេះទៀតសោតគឺខ្វះការយល់ដឹងពីផលប៉ះពាល់ ក្នុងនោះក៏មានលោក សាក់ ផុន ម្នាក់ដែរ ដែលបាននិយមប្រើប្រាស់ថ្នាំគីមីទៅលើដំណាំរបស់លោក មានទុរេន និងសាវម៉ាវ ជាដើម។

ជាលទ្ធផលលោក សាក់ ផុន បានបាត់បង់ទុរេនដែលកំពុងតែផ្តល់ចំណូលឱ្យលោកជាច្រើនម៉ឺនដុល្លារ អស់ជាច្រើនដើម ដោយមិនដឹងពីហេតុផល។ លោកបានឱ្យថា ទុរេន របស់លោកដែលកំពុងតែផ្តល់ផល បានងាប់អស់ប្រមាណជា៦០ទៅ៧០ដើម ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ ប៉ុន្តែក្រោយពីស្វែងយល់ និងទទួលបានបទពិសោធន៍ពីអ្នកជំនាញទើបលោកដឹងថា ទុរេនរបស់លោកទាំងនោះ ងាប់ដោយសារតែប្រើប្រាស់ថ្នាំសម្លាប់ស្មៅ និងជីគីមី។

លោក ផុន ថ្លែងថា «នៅពេលដែលខ្ញុំបាញ់ថ្នាំសម្លាប់ស្មៅ វាមិនងាប់ត្រឹមតែស្មៅប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យឫសស្បៃរបស់ទុរេនងាប់ ហើយពេលដែលខ្ញុំបាចជីបន្ថែមទៀតដែលជីគីមីទាំងនោះមានជាតិប្រៃ ជាហេតុជម្រុញឱ្យទុរេនងាប់កាន់តែលឿន ក៏ព្រោះតែវាមិនអាចស្រូបទឹក និងជីបានទៀតទេ»។ ជាមួយគ្នានេះផងដែរលោកបន្ថែមថា ដោយមិនបានដឹងថាទុរេនរលួយឫសនៅក្នុងដី វាធ្វើឱ្យដើមទុរេនមានហៀរទឹក ហើយលោកក៏ទិញថ្នាំគីមីពីផ្សារមកព្យាបាល ប៉ុន្តែជាលទ្ធផលដូចជាយកថ្នាំមកសម្លាប់​ទុរេនបន្ថែមអ៊ីចឹងដែរ។

ក្រោយពីទទួលបាននូវបទពិសោធន៍ដ៏ជូរចត់មួយនេះហើយ ទើបលោកដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំគីមី ហើយក៏លោក សាក់ ផុន បានអំពាវនាវទៅដល់អ្នកដែលដាំទុរេនទាំងអស់កុំឱ្យប្រើប្រាស់ថ្នាំសម្លាប់ស្មៅ និងថ្នាំគីមីសម្លាប់សត្វល្អិត ហើយគួរជ្រើសរើសយកការកាត់ស្មៅវិញ ដែលធ្វើឱ្យយើងចំណេញច្រើន ទី១ចំណេញការចំណាយ, ទី២ចំណេញដល់សុខភាព ដែលមិនធ្វើឱ្យ​ប៉ះពាល់សុខភាពអ្នកប្រើសប្រាស់ និងទី៣គឺចំណេញបានជីធម្មជាតិដោយមិនអស់លុយ ពោលគឺគេអាចដើរប្រមូលស្មៅដែលកាត់រួច យកមកក្របនៅជំវិញគល់ទុរេនបន្ថែម ដែលធ្វើឱ្យគល់ទុរេនមានម្លប់ខ្លះ និងនៅពេលស្មៅទាំងនោះពុករលួយទៅវាក្លាយជាជី។

លោកបញ្ជាក់ថា ការប្រើថ្នាំសម្លាប់ស្មៅ ឬ ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែប៉ះពាល់ដំណាំប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ទៀតផង។ បញ្ហាទាំងនោះមានដូចជា ធ្វើឱ្យរលាកដំរងនោម រលាកផ្លូវដង្ហើម និងរលាកក្រពះ ហើយមានអ្នកខ្លះធ្លាក់ខ្លួនឈឺរហូតក្អកធ្លាក់ឈាមទៀតផង។

នៅពេលនេះលោក សាក់ ផុន បានបោះបង់ការប្រើសប្រាស់ថ្នាំគីមីអស់ហើយ ដោយងាកមកប្រើប្រាស់​​តាមរបៀបធម្មជាតិ និងជីធម្មជាតិ ដូចជាកាត់ស្មៅជំនួសឲ្យការបាញ់ថ្នាំគីមីសម្លាប់ស្មៅនិងសត្វល្អ ឈប់ប្រើថ្នាំគីមីជំនួសមកប្រើថ្នាំពុលធម្មជាតិដែលផលិតដោយខ្លួនឯង៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។