Home / កសិកម្ម / បទពិសោធន៍រៀបចំកសិដ្ឋានពហុប្រយោជន៍

បទពិសោធន៍រៀបចំកសិដ្ឋានពហុប្រយោជន៍

១-ព័ត៌មានទូទៅ

          កសិករ សូត្រ សុខ រស់នៅភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ គាត់បានសហការជាមួយគំរោងនៅឆ្នាំ២០១២។ គាត់មានបទពិសោធន៍ពីអង្គការសេដាក ហើយបានទៅទស្សនកិច្ចសិក្សាពីកសិករនៅខេត្តតាកែវ និងព្រៃវែងបន្ថែមទៀត។ គោលបំណងនៃការរៀប​ចំកសិដ្ឋានពហុប្រយោជន៍នេះ គឺចង់ធ្វើជាម្ចាស់គ្រប់គ្រងកសិដ្ឋានដោយផ្ទាល់ មិនចង់ប្រើសារធាតុគីមីលើដំាណាំ ដើម្បីឲ្យមានសុខភាពល្អទាំងអ្នកដាំ និងអ្នកបរិភោគ ក៏ដូចមានចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

កសិដ្ឋានរបស់គាត់មានទំហំ ៣០អារ គាត់បានអនុវត្តរយៈពេល ៣ឆ្នាំមកហើយ។ ក្នុងនោះដែរគាត់បានផ្សព្វផ្សាយដល់កសិករផ្សេងបាន៧គ្រួសារ ហើយមានគ្រួសារបានអនុវត្តបានច្រើន (មានស្រះ និងបន្លែ)។

២-ការបែងចែកផ្ទៃកសិដ្ឋាន

  • ទំហំផ្ទៃដីសរុប ៣០អារ
  • ផ្ទៃដីស្រែមាន ២៥អារ
  • ផ្ទៃស្រះប្រឡាយ ១០អារ
  • ដីទួល និងភ្លឺ ៥អារ
  • ដីទួលមានដំណាំដូចជា ត្រសក់ ត្រប់ ននោង ល្ហុង ស្លឹកគ្រៃ ស្អំ រំដេង និងអង្គាដី…។
  • ដីស្រែក្រោយពីច្រូតកាត់រួចគាត់បានដាំត្រសក់ និងត្រកួន
  • គាត់បានចិញ្ចឹមមាន់មេចំនួន ៨ក្បាល ទា៣ក្បាល មេគោ៣ក្បាល
  • ស្រះមានចំនួន៣ ដែលមានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ទឹកអាចប្រើប្រាស់បានទាំងប្រាំងនិងវស្សា។ក្នុងស្រះមានចិញ្ចឹមត្រីកាប ទីឡាបព្យា ត្រីក្រហម (ចំរុះ)និងមានឡជីវឧស្ម័ន​មួយទៀត។

៣-បទពិសោធន៍ចិញ្ចឹមត្រី

ក្នុងការចិញ្ចឹមត្រី គាត់បានចិញ្ចឹមនៅក្នុងស្រះ និងក្នុងប្រឡាយ

  • ចំពោះប្រឡាយ. គាត់បានរៀបចំដោយលើកភ្លឺ ឬទំនប់ខ្ពស់ជុំវិញ និងអាចបើកទឹកចេញចូល

     បាន។

  • ស្រះ. ក្រោយពីការជីកស្រះ គាត់បានបាចកំបោរទៅក្នុងស្រះរក្សាទុករយៈពេល៧ថ្ងៃ។ បន្ទាប់

     គាត់បញ្ចូលទឹកដោយរក្សាទុករយៈពេល១០ថ្ងៃ រួចដាក់លាមកគោ និងទន្ទ្រានខែត្រទុករយៈ

     ពេល១០ថ្ងៃ ដើម្បីបង្កើតនូវជាតិប្លង់តុង (សត្វល្អិត) មុនដាក់បញ្ចូលត្រីទៅក្នុងស្រះ។ មុនប្រលែង

     កូនត្រីគឺគាត់បានយកថង់ដាក់កូនត្រីនោះបណ្ដែតក្នុងទឹក១៥នាទី ទើបស្រាយមាត់ថង់ព្រលែង។

     គាត់បានដាក់ចំណីដូចជា បបរបាយលាយត្រកួន កន្ទក់ ត្រកួនស្រស់ កាកសំណល់ឡដោយ

     ដាក់ឲ្យស៊ីមួយថ្ងៃ២ដង។

៤-ការប្រមូលផល

ក្នុងឆ្នាំទី១ គាត់ប្រមូលផលត្រីដោយបូមទឹកចេញចាប់ទាំងអស់មានត្រីចិញ្ចឹម និងត្រីស្រែ។

ចំណែកឆ្នាំទី២ និងទី៣ គាត់បានដួសកូនត្រីលក់ជាប្រចាំ។

៥-វិភាគចំណូលចំណាយ

ឆ្នាំទី១ ចំណូលបានពីត្រី ចំណាយ
– ទុកហូប ៣០គីឡូក្រាម

– លក់បានតែ ២៥គីឡូក្រាម បានចំនួន

៣២៥.០០០រៀល

– ទិញកូនត្រី ៧គីឡូក្រាម អស់ ១៧៥.០០០រៀល

– កន្ទក់ ៣០គីឡូក្រាម អស់ ១៥.០០០រៀល

– អង្ករ ៣០គីឡូក្រាម អស់ ៥១.០០០រៀល

៣២៥.០០០រៀល ២៤១.០០០រៀល

តាមការវិភាគឃើញថា គាត់ចំណេញបាន ៨៤.០០០រៀល ក្រោយពីការបរិភោគ។

ឆ្នាំទី២ និង ៣     ចំណូល ចំណាយ
– លក់កូនត្រី ១០៨គីឡូក្រាម បាន

៣.៧៨០.០០០រៀល

– លក់ត្រីធំ ៦៥០.០០០រៀល

– ចំណូលពីការលក់ត្រប់ ត្រសក់

៣៥០.០០០រៀល

– ជីកស្រះថែម ១ទៀតអស់ ៧៦០.០០០រៀល

– ពង្រីកស្រះចាស់អស់ ២២០.០០០រៀល

– ទិញកូនត្រី ៥គ.ក. អស់ ១៩០.០០០រៀល

– ទិញកន្ទក់អស់ ៥០.០០០រៀល

សរុប ៤.៧៨០.០០០រៀល សរុប ១.២២០.០០០រៀល

ក្រោយពីការហូបប្រចាំថ្ងៃ គាត់លក់បានប្រាក់ចំណេញសុទ្ធ ៣.៥៦០.០០០រៀល។

៦-បច្ចេកទេសដាំបន្លែ (ត្រប់ ត្រសក់)

ក-ការត្រៀមពូជ

          គាត់បានយកគ្រាប់ហាលថ្ងៃ ១ម៉ោងនៅពេលព្រឹក រួចត្រាំទឹកក្តៅឧណ្ឌ ១៥នាទី។ យកគ្រាប់នោះទៅហាលលើថ្នាល រួចស្រោចទឹកព្រឹកល្ងាចរហូតដល់២០ថ្ងៃ បន្ទាប់មកដកកូនត្រប់ទៅដាំលើដីដែលបានរៀបរួច។

ខ-ការរៀបចដីដាំដុះ

          គាត់បានលើករងជាសួនរង្វង់ដែលមានជម្រៅ ០,៥ម៉ែត្រ និងអង្កត់ផ្ចិត ១ម៉ែត្រ។ ក្នុងរណ្តៅគាត់ដាក់ជីកំប៉ុស្ត លាមកសត្វ និងធ្យូងអង្កាម។

ការធ្វើជីកំប៉ុស្ត. ដាក់ចំបើង លាមកសត្វគោ ជីស្រស់ រួចដាក់ដីស្រទាប់លើ។ ដាក់របៀបនេះមួយស្រទាប់ទៀត ទុករយៈពេល ១ ទៅ ២ខែទើបប្រើបាន។

ចំណូលពីបន្លែបន្ទាប់បន្សំដូចជា ត្រសក់ និងត្រប់ប្រចាំឆ្នាំសរុប ៣៥០.០០០រៀល។

៧-ចំណាប់អារម្មណ៍

          ចាប់ពីពេលបានសហការជាមួយអង្គការសេដាកមក លោកពូមានជីវភាពរីកចំរើនជាងមុនច្រើន

ដោយការចំណាយផ្សេងៗថយចុះ មានប្រាក់ចំណូលជាប្រចាំ សុខភាពល្អប្រសើរដែលមានបន្លែធម្មជាតិបរិភោគ មានបទពិសោធន៍ និងចំណេះដឹងច្រើន ហើយបានចូលរួមប្រជុំជាមួយគម្រោងញឹកញាប់ផងដែរ។

៨-ផែនការទៅអណាគត

          ដោយមើលឃើញអំពីផលប្រយោជន៍ច្រើនក្នុងការរៀបចំកសិដ្ឋានពហុប្រយោជន៍ លោកពូមានផែនការពង្រីកនូវសកម្មភាពការងារដូចខាងក្រោម៖

  • ពង្រីកការចិញ្ចឹមមាន់ ត្រី និងពង្រីកដីកសិដ្ឋានឲ្យធំជាងមុន
  • ពង្រីកការចិញ្ចឹមនិងលក់កូនត្រីឲ្យបានប្រសើរជាងមុន
  • ដាំដំណាំឲ្យបានច្រើនមុខសម្រាប់លក់ដើម្បីបំបាត់បន្លែនាំចូលដែលមានសារធាតុគីមី
  • ចូលរួមប្រកួតប្រជែងធ្វើស្រូវ ប.វ.ស. (ប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ) ឲ្យបានជាប់ចំណាត់ថ្នាក់។

 

សរុបមកបទពិសោធន៍សំខាន់ៗក្នុងការរៀបចំកសិដ្ឋានពហុប្រយោជន៍មាន៖

o   បែងចែកផ្ទៃដីកសដ្ឋាន ផ្ទៃដីគោកសម្រាប់ដាំដំណាំ ផ្ទៃដីសម្រាប់ជីកប្រឡាយ និងស្រះ

o   ដាំដំណាំចម្រុះនៅលើផ្ទៃដីគោក

o   រៀបចំស្រះចិញ្ចឹមត្រី

o   ចិញ្ចឹមសត្វជ្រូក មាន់នៅលើផ្ទៃដីគោកក្បែរផ្ទះ៕

សាំង កុសល

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។