Home / កសិកម្ម / វិធីសាស្ត្រគ្រប់គ្រងផ្លែត្រប់ ក្រោយពេលប្រមូលផល

វិធីសាស្ត្រគ្រប់គ្រងផ្លែត្រប់ ក្រោយពេលប្រមូលផល

១ .ការប្រមូលផល ដើម្បីឲ្យការប្រមូលផលត្រប់បានល្អ យើងគួរអនុវត្តនូវចំណុចមួយចំនួនខាងក្រោម៖

  • ត្រូវបេះផ្លែត្រប់ណាដែលមានទំហំធំល្មម ពោលគឺមិនខ្ចីពេក មិនចាស់ពេក
  • យើងត្រូវកាត់សណ្តង់ផ្លែ ឬទងដោយកូនកាំបិត ឬកន្រ្តៃមុតល្អ
  • ទុកសណ្តង់ប្រវែងប្រហែលមួយចង្អុលដៃឬ ៤-៥ផឹង ដើម្បីកុំឲ្យជ័រចេញច្រើនពីផ្លែ ឬរលួយក្បាលផ្លែ
  • យើងបេះ ឬកាត់នៅម៉ោង ៨-១១ព្រឹក ឬម៉ោង២-៥ល្ងាច ជាពេលដែលស្ងួតសំណើម ហើយពេលថ្ងៃក្តៅខ្លាំងត្រូវជញ្ជូនចូលម្លប់ភ្លាមៗ បន្ទាប់ពីប្រមូលផល
  • យើងកាត់ទងសណ្តង់កុំឲ្យបែក ជាហេតុធ្វើឲ្យផ្លែនិងដើមអន់ ហើយអាចឆ្លងមេរោគដល់ផ្ការបស់វាទៀត។

២. ការសំអាត និងជ្រើសរើស ក្រោយពីប្រមូលផលរួច យើងគួរធ្វើការសំអាត និងជ្រើសរើសជាចាំបាច់ ដើម្បីធ្វើឲ្យផលិតផលរបស់យើងមានសោភ័ណ្ឌភាព ចំណុចដែលត្រូវធ្វើមាន៖

  • ជ្រើសរើសផ្លែណាដែលស្អុយរលួយចេញ ដើម្បីកុំឲ្យវាឆ្លងដល់គេ
  • ចិតទងសណ្តង់ចេញខ្លះបើវែងពេក ទុកតែមួយចង្អុលដៃជាការល្អ
  • ជ្រើសរើសយកផ្លែដែលមិនប្រក្រតីដូចជា ស្វិត ក្រងិក្រង៉ក់ មានស្នាមសត្វបំផ្លាញ ក្រិនរឹងជាដើម ។ល។
  • ជ្រើសរើសយកផ្លែដែលខ្លីពេក ​និងចាស់ពេកចេញ
  • យើងត្រូវលាងទឹកសំអាតដីភក់ដែលប្រឡាក់ចេញដោយប្រើប្រាស់ក្រណាត់សើមដើម្បីជូតវាចេញ
  • កាលណាលាងផ្លែត្រប់ដោយប្រើប្រាស់ទឹក នោះផ្លែត្រប់និងស្រូបទឹក ធ្វើឲ្យវាទុកមិនបានយូរ
  • យើងត្រូវជ្រើសរើសវាដាក់តាមទំហំផ្លែរបស់វា តាមប្រភេទលេខ១ លេខ២ និងសល់ពីនេះជាប្រភេទលេខ៣
  • ត្រូវយកក្រណាត់​ឬបាវសើម​គ្របពីលើការពារកំដៅថ្ងៃ និងធូលីដីហុយប្រឡាក់។

៣. ការវេចខ្ចប់​និងដឹកជញ្ជូន ក្រោយពីការសំអាតរួចស្រេចបាច់ហើយ យើងគួរទុកផ្លែត្រប់ឲ្យស្រស់ទឹកសិន ទើបយើងធ្វើការវេចខ្ចប់ដើម្បីងាយស្រួលដឹកជញ្ជូនមកកាន់ទីផ្សារ។​ ដើម្បីឲ្យការងារនេះប្រព្រឹត្តទៅក្នុងដំណើរការល្អ សមស្របនឹងសេចក្តីត្រូវការនោះ យើងត្រូវប្រកាន់ខ្ជាប់នូវចំណុចដូចខាងក្រោម៖

  • ត្រូវយកផ្លែត្រប់តំរៀបដាក់ក្នុងកញ្ឆេ ឬជាលតាមប្រភេទលេខ១ លេខ២ និងលេខ៣ ដើម្បីងាយស្រួលកំណត់តំលៃ
  • កញ្ឆេ ឬជាល ត្រូវទ្រាប់ស្លឹកចេកបាត និងសងខាង ដែលមានកំរាស់ ២-៣ផឹង ការពារការប៉ះទង្គិចដល់ផ្លែនាំឲ្យខូចគុណភាព
  • ត្រូវតំរៀបផ្លែត្រប់ឲ្យមានសណ្តាប់ធ្នាប់ល្អ គឺដាក់ក្បាលជល់គ្នា ដើម្បីកុំឲ្យទងវាជង់គ្នា ធ្វើឲ្យខូចផ្លែ។តំរៀបក្បាលចូលខាងក្នុងនៃបណ្តោយកន្ត្រក ជាល ហើយយកក្បាលនៃផ្លែមួយទៀតដាក់កណ្តាលផ្លែជាបន្តបន្ទាប់
  • ពេលដឹកជញ្ជូនត្រូវដាក់ទ្រុង កញ្ឆេ ជាល កុំឲ្យគរលើគ្នា ធ្វើយ៉ាងណាឲ្យមានជាថ្នាក់ៗ។

៤.​ ការស្តុកទុក ការស្តុកទុកផលិតផលត្រប់នេះ គេសង្កេតឃើញមាន៖

  • ទុកក្នុងម្លប់ដើមឈើ ក្រោមផ្ទះ និងរោងចាំចំការដែលមានអាកាសធាតុត្រជាក់ល្អ
  • ត្រូវដាក់ពង្រាយផ្លែត្រប់ឲ្យស្តើងល្មម (កុំគរលើគ្នាក្រាស់ពេក) នាំឲ្យឆាប់រលួយបាន
  • ត្រូវគ្របដោយក្រណាត់សើម ឬបាវពីលើ បើទុកមួយថ្ងៃឧស្សាហ៍ប្រោះទឹកថែម
  • ម្យ៉ាងទៀតយើងឧស្សាហ៍ជ្រលក់ទឹកត្រជាក់ក្នុងមួយថ្ងៃព២ទៅ៣ម្តង ក្នុងករណីនេះយើងអាចរក្សាត្រប់ទុកបាន ៤-៥ថ្ងៃ៕

កសិករមានបទពិសោធន៍ និងបានធ្វើការសាកល្បង

ប្រភព ខិត្តបណ្ណ (វិធីសាស្ត្រគ្រប់គ្រងផ្លែត្រប់ក្រោយពេលប្រមូលផល) បោះពុម្ពដោយ

  • មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក)
  • វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ

សហគមន៍សម្បូរសប្បាយ       

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។