ម្ទេសប្លោកក្រៀមមានសារៈប្រយោជន៍ច្រើន ដែលគេអាចយកវាទៅធ្វើជាអាហារបានទាំងស្រស់ ស្ងួត ខ្ចី ចាស់ និងទុំ។ ចំពោះម្ទេសប្លោកក្រៀមមានពណ៌គួរឲ្យចង់ទទួលទានផង និងជួយឲ្យអាហារមានរសជាតិឆ្ងាញ់ពិសារផង។ នៅពេលនេះ យើងសូមលើកយកនូវបទពិសោធន៍ធ្វើម្ទេសប្លោកក្រៀមរបស់អ្នកមីង ញែម សៅលី ជាកសិកររស់នៅភូមិត្រពាំងស្បូវឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ឧបករណ៍សំរាប់ធ្វើ
- បន្ទះឈើសំរាប់ហាលម្ទេស
- ឆ្នាំងឬខ្ទះត្នោត
- កញ្ច្រែងសំរាប់ដាក់ម្ទេស
- ឈើសំរាប់កូរ
- ថង់កៅស៊ូស្អាត
- ខ្សែសំរាប់ចងមាត់ថង់។
ធាតុផ្សំ
- ម្ទេសប្លោក ១០០គីឡូក្រាម
- សាច់ជូរ ១ខាំ
- ខ្លាញ់ត្រី ១វែកសម្ល
- អំបិល ៣គីឡូក្រាម
- ទឹក ៥០លីត្រ។
របៀបធ្វើ
- យកម្ទេសប្លោកស្រស់មកចៀរ ឬឆូតកុំឧ្យដាច់ចេញពីគ្នា
- ដាំទឹកឲ្យពុះដាក់សារធាតុផ្សំដូចជា សាច់ជូរ ខ្លាញ់ត្រី អំបិល ទៅក្នុងទឹក រួចកូរឲ្យរលាយអស់។យកម្ទេសប្លោកដែលឆូតរួច (ឆូតឲ្យដាច់ចេញជាពីរ តែឲ្យនៅជាប់សាច់ផ្ទៃម្ខាង) ទៅដាក់ចូលស្រុសឲ្យវាឆ្អិន។ ក្រោយពីស្រុសហើយ ចាក់ម្ទេសប្លោកដាក់ចូលក្នុងកញ្រ្ចែងឲ្យស្រស់ទឹក បន្ទាប់មកតម្រៀបម្ទេសនៅលើឈើបន្ទះសំរាប់ហាល (បន្ទះហាលធ្វើពីឫស្សី) ឲ្យពេញដោយដាក់ក្បាលម្ទេសឡើងមកលើឲ្យត្រូវនឹងកំដៅ
ថ្ងៃ - ដើម្បីកុំឲ្យមានផ្សិត និងធ្វើឲ្យម្ទេសឆាប់ស្ងួត មិនរលួយក្បាល ឬដុះផ្សិត។ ហាលម្ទេសរហូតស្ងួតបើមានថ្ងៃល្អគឺគេហាលវារយៈពេល ១ ទៅ ២ថ្ងៃ
- យកម្ទេសហាលរួចទៅគោះយកគ្រាប់ចេញខ្លះ មុននឹងរក្សាទុក។
ការរក្សាទុក
នៅពេលម្ទេសហាលក្រៀម គាត់យកថង់កៅស៊ូដែលស្អាតច្រកវាចូល រួចចងមាត់ឲ្យជិតមិនឲ្យចូលខ្យល់ទេ ពីព្រោះបើចូលខ្យល់វានាំឲ្យម្ទេសអាចដុះផ្សិត។ ការធ្វើរបៀបនេះ យើងអាចរក្សាទុកម្ទេសបានរាប់ខែមុនពេលយើងយកទៅលក់។
ការលក់ដូរ
ក្រោយពីធ្វើបានជាម្ទេសក្រៀមហើយ គាត់លក់បោះដុំឲ្យឈ្មួញ ដែលពេលខ្លះគឺគេមកទិញដល់ផ្ទះ និងពេលខ្លះគាត់យកទៅលក់ដល់កន្លែងទីផ្សារតែម្តង។ ក្នុង ១គីឡូក្រាម គាត់លក់បានតម្លៃ ២៤.០០០រៀល ទៅ ២៦.០០០រៀល តម្លៃលក់រាយ, រីឯម្ទេសស្រស់ ១គីឡូក្រាមលក់បាន ៥.៦០០រៀល។ ក្នុងម្ទេសប្លោកស្រស់ ១០០គីឡូក្រាម គាត់អាចធ្វើម្ទេសក្រាមបាន ២០គីឡូក្រាមតែប៉ុណ្ណោះ។ អ្នកមីងមានប្រសាសន៍ថា ម្ទេសប្លោកក្រៀមមានទីផ្សារណាស់ឲ្យតែធ្វើបានគឺលក់មិនដែលសល់ទេ៕
ពាន សុខា និង ស៊ិន អង្គារសាធ